សហព័ន្ធកីឡាជឺជីតស៊ូ៖ ព្យាយាមបង្កើត ខាន់ ចេសា ឲ្យបានច្រើនទៀត
- 2022-05-02 03:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាជឺជីតស៊ូ៖ ព្យាយាមបង្កើត ខាន់ ចេសា ឲ្យបានច្រើនទៀត
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជឺជីតស៊ូ ថានឹងព្យាយាមបណ្ដុះធនធានកីឡាករ កីឡាការិនីឲ្យមានសមត្ថភាពខ្លាំងពូកែដូច ខាន់ ចេសា ឲ្យបានច្រើនរូបទៀតដើម្បីប្រកួត និងពង្រីកផ្សព្វផ្សាយអំពីកីឡាមួយនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ក្នុងនាម NOCC តំណាងផ្នែកកីឡានៅកម្ពុជា និងថ្នាក់ដឹកនាំរបស់សហព័ន្ធនឹងខំប្រឹងប្រែងបណ្ដុះធនធានថ្មីៗឲ្យមានសមត្ថភាពខ្លាំងពូកែដូចទៅនិង ចេសា ឲ្យបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរសហព័ន្ធនឹងព្យាយាមពង្រីកផ្សព្វផ្សាយទៅដល់មហាជនដូចជាបញ្ជ្រាបនៅតាមសាលារៀនជាដើម និងគ្រោងចងក្រងបង្កើតជាសហព័ន្ធជឺជីតស៊ូអាស៊ីអាគ្នេយ៍ផងដែរ។ ដូច្នេះនឹងរៀបចំការប្រកួត Pre Sea Games មុនឆ្នាំ២០២៣ ហើយជជែកអំពីគំនិតផ្ដួចផ្ដើមការបង្កើតសហព័ន្ធជឺជីតស៊ូ អាស៊ីអាគ្នេយ៍នេះឡើងតែម្ដង។
រំលឹកដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៧-២០២១ និងលើកទិសដៅអាណត្តិថ្មី ២០២១ ដល់ ២០២៥។ ប្រធានសហព័ន្ធថ្មីគឺបណ្ឌិត សេង ប៊ុនសុង ជាក្បាលម៉ាស៊ីនថ្មីដឹកនាំកីឡាមួយនេះ។ ខាន់ ចេសា ជាកីឡាការិនីជើងខ្លាំងរបស់កម្ពុជា ដែលឈ្នះមេដាយមាស កីឡាអាស៊ី នៅឥណ្ឌូណេស៊ី ឈ្នះមេដាយមាស ស៊ីហ្គេម នៅម៉ាឡេស៊ី និងឈ្នះមេដាយកម្រិតពិភពលោកជាច្រើនគ្រឿងទៀតផង៕