អិល ឌី សម្ពោធមួយរឿងយប់មិញ ធ្លាយដំណឹងផលិតកម្មមានរឿងល្អៗមើលមិនចេះតិចនៅក្នុងដៃ

  • 2022-05-10 02:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី បានបង្កើតព្រឹត្ដិការណ៍ជួបជុំសិល្បករ-សិល្បការិនីថ្មីមួយទៀតកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ តាមរយៈដាក់សម្ពោធខ្សែភាពយន្ដរឿង “បង្គោលគ្រាក់វគ្គ២”។ ក្នុងឱកាសនោះ ចាងហ្វាងផលិតកម្ម បង្ហើបថា មុននឹងផលិតរឿងថ្មីៗបន្ថែមទៀត ខ្លួនត្រៀមបញ្ចេញរឿងល្អៗមើលជាង ១០ទៀតជាប់ៗគ្នាចាប់ពីពេលនេះ។

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ថ្លែងថា ក្នុងគ្រាដែលខ្សែភាពយន្ដបរទេសវាយលុកខ្លាំងនៅកម្ពុជា ខាងផលិតកម្មរបស់លោកមិនដែលគិតថាអស់សង្ឃឹម ហើយទម្លាក់ដៃក្នុងការផលិតរឿងឲ្យបានកាន់តែច្រើន និងមានគុណភាពនោះទេ។ បច្ចុប្បន្នលោកមានរឿងជាង១០នៅក្នុងដៃ ហើយគ្រោងសម្ពោធដាក់បញ្ចាំងគ្រប់រោង ក្នុង១ខែមួយរឿង។

លៀក លីដា៖ “បន្ទាប់ពីដាក់បញ្ចាំងរឿងនេះ(បង្គោលគ្រាក់វគ្គ២) ហើយ យើងនៅមានរឿងដ៏គួរចាប់អារម្មណ៍ជាច្រើនទៀត សំខាន់វាអំណោយផលដល់យើង ព្រោះឥឡូវគ្រប់រោងកុនបើកពេញវិញ១០០% ហើយ អីចឹងខ្ញុំនឹងសម្រុកចេញវាឲ្យអស់ នឹងអាលបានផលិតរឿងថ្មីបន្ថែមទៀត”។

“បង្គោលគ្រាក់វគ្គ២” គឺជាខ្សែភាពយន្ដខ្នាតធំរបស់ផលិតកម្ម អិល ឌី បានបើកសម្ពោធកាលពីយប់មិញ នៅផ្សារទំនើប អ៊ីឌិន ហ្គាឌិន ដោយមានសិល្បករ-សិល្បការិនីល្បីៗចូលរួមប្រមាណ១០០នាក់។ បន្ទាប់ពីសម្ពោធហើយ ទស្សនិកជន អាចទិញសំបុត្រចូលទស្សនាបានចាប់ពីថ្ងៃទី១២ ខែឧសភា តទៅ។ បើតាមលោក លៀក លីដា រឿងនីមួយៗរបស់ អិល ឌី មានចាក់បញ្ចាំងនៅគ្រប់រោងកុនក្នុងផ្សារទំនើប រយៈពេលយ៉ាងហោចណាស់ ២សប្ដាហ៍៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម