នេះហើយប្រវត្តិឧកញ៉ា ឫទ្ធី សំណាង ប្រឡូកក្នុងពិភពសហគ្រិនតាំងពីវ័យ ១៦ឆ្នាំ ក្ដោបក្ដាប់មុខជំនួញធំៗជាច្រើន

  • 2022-05-11 03:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏រន្ធត់ចិត្ត និងក្រៀមក្រំជាទីបំផុត នៅថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២២ នេះលោកឧកញ៉ា ឫទ្ធី សំណាងជាប្រធានក្លិបភ្នំពេញក្រោន បានទទួលមរណភាពដោយរាគាពាធ ត្រឹមវ័យ ៤១ឆ្នាំ។

មរណភាពរបស់ឧកញ៉ា ឫទ្ធី សំណាង គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។ លោកឧកញ៉ាជាឥស្សរជនប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌មួយរូប បានចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសលើកស្ទួយវិស័យកីឡាឱ្យរីកចម្រើនមានមុខមាតើនៅលើឆាកអន្តរជាតិ។

តាមប្រវត្តិសង្ខេបខ្លះៗនៅលើគេហំទំព័ររបស់លោកឧកញ៉ា បានប្រាប់ថា ឧកញ៉ា ឫទ្ធី សំណាងបានប្រឡូកក្នុងពិភពជាសហគ្រិនតាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ។ ថ្វីដ្បិតនៅវ័យក្មេងប៉ុន្តែយុវជនរូបនេះបានពុះពារ ខិតខំប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យ ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៌។ ចេញពីគ្រួសារដែលមានជីវភាពសមរម្យ តែលោកឧកញ៉ា មិនពឹងផ្អែកលើគ្រួសារនោះទេ ជាយុវជនដែលហ៊ានប្រឈមជាមួយនឹងការលំបាក ជាមួយនឹងបញ្ហា និងហ៊ានប្រថុយនៅក្នុងជីវិតជាសហគ្រិន រហូតទទួលបានជោគជ័យ និងក្លាយជាបុគ្គលអភិវឌ្ឍប្រទេសជាតិដ៏សំខាន់មួយរូប។

លោកឧកញ៉ា ឫទ្ធី សំណាង អាចប្រើប្រាស់ភាសាបរទេសជាច្រើនភាសាបានយ៉ាងល្អដូចជា៖ ភាសាចិន អង់គ្លេស ថៃ និងវៀតណាម។ លោកមានអាជីវកម្មធំៗនៅក្នុងដៃទាំងវ័យក្មេង បើរាប់ត្រួសៗលោកឧកញ៉ាមានក្រុមហ៊ុន និងអាជីវកម្មធំៗដូចជា៖ ក្រុមហ៊ុន Pi Pay, ក្លិបបាល់ទាត់ភ្នំពេញក្រោន, សណ្ឋាគារ K.B, RSX Investment Co., Ltd, K.B.X Investment Co., Ltd ជាដើម ៕