រៀប​ចំ​ខ្លួន​រហូត​ទទួល​គោរម្យងារ "ឧកញ៉ា" ពី​ព្រះមហាក្សត្រ តើ​នេះ​ផ្លូវ ព្រាប សុវត្ថិ ​ដើរ​ចេញ​ពី​សិល្បៈ?

  • 2022-05-17 08:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ព្រាប សុវត្ថិ ដែល​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា មាន​ចំណុច​ល្អ​ទាំង​ព្រម ទាំង​សំឡេង​ល្អ​រក​ប្រដូច​គ្មាន ថែម​ទាំង​ចរិត​រមទម្យ និង​កម្រ​មាន​អាស្រូវ​ទៀត​នោះ បាន​ទទួល​គោរម្យងារ​ជា "ឧកញ៉ា" តាម​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ថ្មី​ៗ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល តែ​ជាមួយ​គ្នា​ក៏​មាន​មន្ទិល​កើត​ព្រម​គ្នា​​មក​ថា នេះ​ជា​ការ​រៀប​ចំ​ខ្លួនរបស់​លោក​​ដើម្បី​ចេញ​ពី​សិល្បៈ​ឬ​យ៉ាង​ណា?

លោក ព្រាប សុវត្ថិ បាន​រក្សា​កេរ្តិ៍​ឈ្មោះ​ក៏​ដូច​ជា​ប្រជាប្រិយភាព​ខ្ពស់​ដាច់​គេ​អស់​ពេល​ប្រមាណ ២ទសវត្សរ៍ ដោយ​មិន​មាន​នរណា​វាយ​ផ្ដួល​បាន។ មក​ដល់​បច្ចុប្បន្ន​ទៀត​សោត ត្បិត​ថា​អ្វី​ៗ​មិន​ត្រចះត្រចង់​ដូច​ពី​អតីតកាល ប៉ុន្តែ ព្រាប សុវត្ថិ នៅ​តែ​អាច​ទាក់ទាញ​ការ​គាំទ្រ​មិន​តិច​ដែរ​នៅ​ក្នុង​ផលិតកម្ម Galaxy Navatra ជាមួយ​បទ​ចម្រៀង​ជា​ច្រើន។

ជាមួយ​គ្នា ក៏​មិន​ទាន់​មាន​អ្នក​ណា អាច​មក​ស្នង​តំណែង​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​របស់​លោក​បាន​នៅ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ទឹក​នៅ​តែ​ហូរ ពេល​​វេលា​នៅ​តែ​ដើរ​ទៅ​មុខ គ្មាន​នរណា​ទប់​បាន រៀម​ច្បង​ចេះ​តែ​វិវត្ត​វ័យ ដែល​មក​ដល់​បច្ចុប្បន្ន​លោក ព្រាប សុវត្ថិ មាន​វ័យ ៤៦ឆ្នាំ​មក​ហើយ។ ស្ថានភាព​នេះ ហាក់​បញ្ច្រាស់​ពី​និន្នាការ​គាំទ្រ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​លើស​លុប​ជា​យុវជន ដូច្នេះ​ច្បាស់​ណាស់​ថា ​ពួក​គេ​ទំនោរ​គាំទ្រ​ទៅ​លើ​តារា​ចម្រៀង​វ័យ​ដែល​មាន​រស់និយម និង​ចង់​បាន​ដូច​គ្នា។

ដូច្នេះ​ហើយ រៀម​ច្បង​ដែល​វ័យ​ឆ្លាត ច្បាស់​ជា​បាន​រៀប​ផ្លូវ​ក្រោយ​របស់​ខ្លួន​មិនខាន។ ចំណុច​នេះ ​ដូច​នឹង​អ្វី​ដែល​គេ​បាន​ឃើញ​លោក ព្រាប សុវត្ថិ និង​តារា​រៀម​ច្បង​ឯ​ទៀត​បាន​ធ្វើ ក្នុង​នោះ​គេ​លោក​ងាក​មក​ការ​ធ្វើ​ជំនួញ​កាន់​តែ​ច្រើន​ឡើង​ៗ។​មុខ​ជំនួញលេចធ្លោ​ជាង​គេ​នៅ​រយៈកាល​ចុង​ក្រោយ​របស់​លោក គឺ​ជំនួញ​អចលនទ្រព្យ ដែល​លោក​បាន​ចេញ​មុខ​ជា​អ្នក​រកស៊ី​អចលនទ្រព្យ​បើក​ចំហរ​កាល​ពី​ប្រមាណ ៣​ឆ្នាំ​មុន។

គម្រោង​របស់​លោក​ភាគច្រើន​នៅ​តំបន់​ភ្នំរាប និង​តំបន់​ផ្លូវ ៥១។ ទាំង​នោះ​សុទ្ធ​ជា​ប្រភេទ​ដីឡូតិ៍ ប៉ុន្តែ​ថ្មី​ៗ​នេះ​លោក ទើប​នឹង​បើក​សម្ពោធ​គម្រោង​ថ្មី​ទៀត ដែល​លោក​អះអាង​ជា​គម្រោង​ទី២​របស់​លោក ប្រភេទ​បែប​បុរីម្ដង។

ស្ថានភាព​នេះ គេ​ប៉ាន់​ប្រមាណ​ថា នោះ​អាច​ជា​ផ្លូវ​ក្រោយ​របស់​លោក ពិសេស​ក្រោយ​ពីលោក​បាន​ទទួល​​គោរម្យងារ​ជា "ឧកញ៉ា" ពី​ព្រះមហាក្សត្រ​ថែម​ទៀត គេ​កាន់​តែ​សង្ស័យ​ថា លោក​ទំនង​កាន់​តែ​ឆ្ងាយ​​ពី​សិល្បៈ​មើល​ទៅ ព្រោះ​ថា លោក​មាន​វ័យ​ច្រើន ម្យ៉ាង​ទំនង​លោក​មិន​អាច​ស្ពាយ​ងារ "ឧកញ៉ា" ឡើង​ច្រៀង​រាំ​ដូច​មុន​នោះ​ដែរ។

ហេតុផល​ស្រដៀង​គ្នា បាន​កើត​លើ​លោក ទុំ សារុត ហៅ "ឃ្លោក" ឬ​នាយ​ឃ្លោក ក៏​បាន​ចេញ​ពី​សិល្បៈ​ដែរ​ក្រោយ​ទទួល​បាន​ងារ "ឧកញ៉ា" ភ្លាម។ ដូច្នេះ​តើ ព្រាប សុវត្ថិ នឹង​ដើរ​លើ​ផ្លូវ​ដូចអតីត​សមាជិក​ក្រុម​កំប្លែង​នាយកុយដែរ​ ឬ​យ៉ាង​ណា?

ចំពោះ​បញ្ហា​នេះ នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​គម្រោង​អចលទ្រព្យ​របស់​លោក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នោះ លោក​ឆ្លើយ​ថា សម្រាប់​លោក​មិន​មាន​ផែន​ការ​ដូច​ការ​សង្ស័យ​ឡើយ លោក​ថា អ្វី​ៗ​អាស្រ័យ​លើ​អ្នក​គាំទ្រ។​ "សម្រាប់​ខ្ញុំ​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃ គឺ​ដោយ​សារ​សិល្បៈ អីចឹង​ហើយ​ទោះ​ខ្ញុំ​ក្លាយ​ជា​អី ខ្ញុំ​នៅ​តែ ព្រាប សុវត្ថិ បង​ប្អូន​អាច​ហៅ​ខ្ញុំ​ទៅ Performance ខ្ញុំ​នៅ​តែ​អាច Perform បាន!”។

លោក​បញ្ជាក់​ថា ការ​ងាក​មក​ស៊ី​ជា​ច្រើន គ្រាន់​តែ​ជា​ការ​ខិត​ខំ​បន្ថែម ក្នុង​ន័យ​ជា​រួម​ថា គ្រប់​គ្នា​មាន​ពេល មាន​លទ្ធភាព ហើយ​ចង់​ធ្វើ​អ្វី រក​អ្វី​បន្ថែម គឺ​គួរ​តែ​ធ្វើ គួរ​តែ​ឆ្លៀត​ដើម្បី​ភាព​រីកចម្រើន​រៀង​ៗខ្លួន​ប៉ុណ្ណោះ។

លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៩ មេសា ឆ្នាំ ២០២២ ខណៈ​លោក ខេមរៈ សិរីមន្ត បាន​ទទួល​ងារ​នេះ​មុន​លោក​ប៉ុន្មាន​ប៉ុណ្ណោះ។ ក្រៅ​ពី​លោក​ទាំង​ពីរ គេ​ជឿ​ថា​តារា​ចម្រៀងខ្មែរ​មួយ​ចំនួន​ទៀត ក៏ទំនង​ដើរ​លើ​ផ្លូវ​ដូច​គ្នា​នេះ​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី