អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា និងAIA ​បើក​​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League នៅ​ខេត្ត​កំពង់​ស្ពឺ

  • 2022-05-24 05:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League លើក​ទី​ប្រាំ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២២ ខែ​ឧសភា ក្នុង​ខេត្ត​កំពង់​ស្ពឺ នៅ​វេលា​ម៉ោង​៨.៣០នាទី​ព្រឹក ​ដែល​ជា​ការ​រៀប​ចំ​ឡើង​ដោយ​​​កិច្ច​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន AIA Cambodia អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា (ISF)។​

​កម្មវិធី​ខាង​លើ​បង្កើត​​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​បាល់ទាត់ ​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​-​ក្រុង​នានា​ដូចជា ក្រុង​កំ​ពត, ក្រុង​សៀមរាប និងខេត្តកំពង់ស្ពឺជាដើម ។

ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League នៅ​ខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅ​ រយៈពេល​ប្រាំបួន​សប្តាហ៍​ជាប់ៗ​គ្នា ដែល​នឹង​មាន​វត្តមាន​របស់​កីឡាករ-​កីឡា​ការនី​ចំនួន ៣៦០​នាក់ ដែល​បែងចែក​ទៅ​តាម​ប្រភេទ​អាយុ​ចំនួន​បួន​ផ្សេងៗ​គ្នា​ដូចជា​ ក្រុម​កុមារា​កុមារី​អាយុ​ក្រោម​១០​ឆ្នាំ ​អាយុ​ក្រោម១៤ឆ្នាំ និង​អាយុក្រោម១៨ឆ្នាំ ។ ក្រុម​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​តាម​ខេត្ត​ទាំងអស់ នឹង​ត្រូវ​មក​ចូលរួម​ ប្រកួតប្រជែង​យក​ពាន​រង្វាន់​នៅ​វគ្គផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League នៅ​ថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅទី​លានបាល់ទាត់​អង្គការផ្កាយ​សមុទ្រ​កម្ពុជា​នៅរាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ ​និង​យុវជន AIA - ISF Youth League គឺ​ជា​ព្រឹត្តិការណ៍​ប្រកួតបាល់ ​ទាត់​ថ្នាក់​មូលដ្ឋាន​ធំជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេសកម្ពុជា ។ តាមរយៈ​ភាពជា​ដៃគូ​ជា​មួយ​សាលា រៀន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ប្រទេស ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នេះ​បានផ្តល់​ ឱកាស​ប្រកួត​ប្រជែង​កីឡា​ទៅ​ដល់​កុមារ និង​យុវជន​កម្ពុជា​ជា​ច្រើន ដែល​ជួប​ប្រទះ​នូវ​ភាព​ក្រីក្រ និង​ការ រើសអើង​យេនឌ័រ ។

កីឡាករ-កីឡា​ការិនី ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កន្លង​ទៅ​បាន​កត់​សម្គាល់​ឃើញ​នូវភាព​ ល្អ​ប្រសើរ​ចំពោះ​រាងកាយ និង​សុខភាព​របស់​ខ្លួន ។ កីឡា​ការិនី​ឈ្មោះ លក្ខណា មកពីក្រុងកំពត​ បាន​ឲ្យ​ដឹងថា៖ «បាល់ទាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​ភាព​ខ្លាំង​របស់​ខ្លួនឯង​ ហើយ​វា​ក៏​ជួយ​ឲ្យ​ខ្ញុំ​មាន ភាព​ស្វាហាប់​ និង​រឹង​មាំ​ជាង​មុន​ និង​កសាង​ទំនុក​ចិត្ត​ ការ​ស្រលាញ់ខ្លួន​ឯង និង​កាត់​បន្ថយ​ភាព​តប់ ប្រមល់​ទៀត​ផង»។

​ជា​មួយ​​គ្នា​នោះ​អ្នក​ស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការផ្កាយ​សមុទ្រ​កម្ពុជា​បាន​​​លើក​ឡើង​ដែរ​​​ថា៖ “តាម​រយៈ​កិច្ច​សហការ​ជា​មួយ នឹង​ក្រុមហ៊ុន ​AIA Cambodia​ ពួក​យើង​ពិត​ជា​អាច​នាំ​ យក​ការ​រៀន​​សូត្រ​ជំនាញ​បំណិន​ជីវិត​សំខាន់ៗ​ដូច​ជា​ស្មារតី​ស្រលាញ់​គាំទ្រ​កីឡា ​ការ​ធ្វើ​ការងារ​ជា​ក្រុម ​និង​សាមគ្គីភាព​ទាំង​នៅ​ក្នុង និង​ក្រៅ​ទីលាន ។ អ្វី​ដែល​កាន់​តែ​សំខាន់​ទៅ​ទៀត​នោះ ​ព្រឹត្តិការណ៍​ប្រកួត បាល់ទាត់​បែបនេះ​បាន​ផ្តល់​ដល់​កុមារ​ និង​យុវជន​ក្រីក្រ​ទាំង​នោះ​នូវ​ឱកាស​លេង​កំសាន្ត ក៏​ដូច​ជា​បង្កើត ​សហគមន៍​រួមគ្នា ​និង​កសាង​មិត្តភាព​ដ៏​យូរ​អង្វែង​ទៀត​ផង​»។​

កម្មវិធី​បើក​ការ​ប្រកួត​នៅ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ប្រកួត​លើក​ទី​ប្រាំ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League ​ប្រចាំ​ឆ្នាំ​២០២២ ។ សម្រាប់​ឆ្នាំ​ទី​ប្រាំ​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នេះ អង្គភាព​ទាំង​ពីរ​គឺ​ពិត​ជា​មាន​មោទន​ភាព យ៉ាង​ខ្លាំង ដែល​បាន​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ជីវិត​កុមារ និង​យុវជន​ជា​ច្រើន​ តាម​រយៈ​ការ ប្រកួត​កីឡា​ប្រចាំ​ឆ្នាំ​បែប​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​