សួន ចាន់​ណារ៉ូ ​ទម្លាយ​​ពី​តិកនិក​ចាប់​​កុក​ថៃ​ក្នុង​ការ​ប៉ះ​គ្នា​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ

  • 2022-05-25 03:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដៃ​ប៉ះ​សេ​ស្រុក​ខ្មែរ​ សួន ចាន់ណារ៉ូ ទម្លាយ​​ពី​តិកនិក​​ចាប់​កុក​យក​ឈ្នះ​ថៃ​៣-២ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​ ដែល​ទើប​បញ្ចប់​ថ្មី​ ក្រោយ​ក្រុម​បាល់ទះ​​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ និង​បាន​ត្រឡប់​មក​កាន់​ទឹក​ដី​កំណើត​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣។​

ប្រធាន​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត​ក្រុម​កម្ពុជា​បាន​ប្រឹងប្រែង​ទាំង​កម្លាំង​កាយ និង​ពិសេស​គឺ​ប្រឹង​អស់​កម្លាំង​ចិត្ត​ដើម្បី​លេង​ទល់​ថៃ​នា​ប្រកួត​ចុង​ក្រោយ ដោយសារ​តែ​កីឡាករ​កម្ពុជា​ហាក់​មាន​​ការ​ថមថយ​កម្លាំង​ ពិសេស​ទៀត​នោះ​អ្នក​ខ្លះ​ថែម​ទាំង​មាន​របួស​ទៀត​ផង​។ តែ​យ៉ាង​ណា​ក្រុម​កម្ពុជា​បាន​ស្វែង​យល់​ពី​កម្រិត​នៃ​ការ​លេង​របស់​ថៃ និង​តាក់ទិក​​​ក្បួន​ដៃ​គូ​ខ្លាំង​មួយ​នេះ​រហូត​អាច​បំបែក​បាន​។

​«ចំណុច​ដែល​យើង​​​អាច​បំបែក​ថៃ​បាន​បង​ ដែល​មាន​ចំណុច​ខ្លះ​ដែល​យើង​ធ្លាប់​លេង​ជា​មួយ​ថៃ ដូច​ជា​ការ​ធ្វើ​រនាំង ​ការ​ចាប់​សេវា ​ឬ​ក៏​ការ​​វាយ​សេវា​បង​។ … ​ក្រុម​កីឡាករ​យើង​ទាំង​អស់​បាន​ប្រមូលផ្ដុំ​គ្នា​ចាប់​ម្នាក់​១ៗ​នូវ​រ៉ូល​ដែល​ខាង​ថៃ​លេង ចឹង​ហើយ​ពេល​យើង​ចូល​លេង​ទើប​យើង​អាច​ចាប់​គេ​បាន​។ ​មួយ​វិញ​ទៀត​ខាង​ថៃ​ការ​វាយ​សេវា​របស់​គេ​ក៏​មិន​បង្ក​ការ​លំបាក​ដល់​យើង​ក្នុង​ការ​ចាប់​ប៉ុន្មាន​​ដូច​ក្រុម​ឥណ្ឌូណេស៊ី​ដែរ។ បើ​និយាយ​ពី​ការ​វាយ​សេវា​របស់​ឥណ្ឌូ​វិញ​គឺ​លឿន​ ធ្ងន់​ហើយ ខុស​មនុស្ស​ទៀត​ ដូច្នេះ​ហើយ​ទើប​យើង​ពិបាក​លេង​ទល់​ឥណ្ឌូណេស៊ី​»។ ​នេះ​ជា​​ការ​លើក​ឡើង​របស់ សួន ចាន់ណារ៉ូ​។

​រំលឹកថា ការ​យក​បាន​មេដាយ​សំរឹទ្ធ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ សម្រាប់​កម្ពុជា​ដែល​ស្ថិត​នៅ​ពូល​ជា​មួយ​​អតីត​ម្ចាស់​មេដាយ​​​សំរឹទ្ធ​​ឆ្នាំ​២០១៩ ហ្វីលីពីន និង​អតីត​ម្ចាស់​មេដាយ​​ប្រាក់​ថៃ ឆ្នាំ​២០១៩ នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩។ ​ដោយ​ឆ្នាំ​នេះ​កម្ពុជា​​បាន​យក​ឈ្នះ​ហ្វីលីពីន ៣-១ នៅ​វគ្គ​សន្សំ​ពិន្ទុ និង​​ចាញ់​ថៃ ៣-២ នៅ​វគ្គ​សន្សំ​ពិន្ទុ។ ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កម្ពុជា​ចាញ់​​ឥណ្ឌូណេស៊ី ៣-១ និង​ចុង​ក្រោយ​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ​កម្ពុជា​ឈ្នះ​ថៃ​ ៣-២ វិញ​៕ ​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​