ត្រូវ​រួម​គ្នា​ដោះស្រាយ តាម​របាយការណ៍​ស្ត្រី​ម្នាក់​ក្នុង​ចំណោម ៥នាក់ រង​អំពើ​ហិង្សា​ពិសេស​ក្នុង​អំឡុង​កូវីដ១៩

  • 2022-05-26 10:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម៥​នាក់​ដែល​មាន​អាយុ​ពី ១៥ទៅ ៤៩​ឆ្នាំ ធ្លាប់​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាង​កាយ។

បើ​ទោះ​ជា​រាជរដ្ឋាភិបាល​មាន​ការ​ខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ណា ប៉ុន្តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​អំពើ​ហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល រួម​មាន​អំពើ​ហិង្សា​លើ​រាងកាយ ផ្លូវភេទ ឬ​ផ្លូវ​ចិត្ត នៅ​តែ​កើតឡើង​ញឹកញាប់​បំផុត​ទៅ​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ដោះស្រាយ​ពី​គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ។

ក្នុង​ន័យ​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម ហៅ​កាត់ (UNODC) ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ក្រោម​ការ​គាំទ្រ​របស់​ការិយាល័យ​កិច្ចការ​បរទេស​នៃ​សហព័ន្ធ​អាល្លឺម៉ង់ បាន​បើក​យុទ្ធនាការ​ថ្មី​ៗ​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​អំពី​យន្តការ​ដោះស្រាយ និង​ប្រយុទ្ធប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី។

តាម​លោក Felipe De La Torre បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ មាន​រយៈ​ពេល ៦ ដោយ​មាន​ទាំង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​តាម​ប្រព័ន្ធ​ឌីជីថល។ លោក​ថ្លែង​ថា "យើង​មាន​គោល​បំណង​បញ្ជ្រាប​ចំណេះដឹង​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​កើត​ឡើង​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​ដើម្បី​ឲ្យ​ប្រជាជន​បាន​យល់​ដឹង​អំពី​សេវាកម្ម​ដែល​មាន​សម្រាប់​ជន​រងគ្រោះ។ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ជន​រងគ្រោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​សង្គម និង​សហគមន៍​ផង​ដែរ"។

លោក​បន្ត​ថា យុទ្ធនាការ​នេះ​នៃ​គម្រោង​របស់ UNODC គឺ​ផ្ដោត​លើ​វិធីសាស្ត្រ​នគរបាល​សហគមន៍​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​នឹង​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា ដោយ​ផ្ដោត​ទៅ​លើ​ការ​កសាង​សមត្ថភាព​របស់​នគរបាល​ជួរ​មុខ​ទាំង​អស់ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​កំណត់​អត្តសញ្ញាណ ជំនាញរាយការណ៍ និង​សរសេរ​របាយការណ៍​ពី​ករណី​ហិង្សា​លើ​ស្ត្រី​ដែល​កើត​ឡើង។

ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កម្ពុជា និង​លោក​ស្រី ស ស៊ីណែត អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​កិច្ចការ​នារី បាន​ទទួល​ស្គាល់​បញ្ហា​នេះ ខណៈ​ Dr Angelika Stauder លេខា​ទី​១ និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ស្ថានទូត​សាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា អ្វី​ៗ​មិន​អាច​ទៅ​រួច​ដោយ​ផ្អែក​តែ​លើ​សមត្ថកិច្ច​នោះ​ទេ។

លោក​បាន​លើក​ឡើង​ថា "មន្ត្រី​នគរបាល​តែ​ម្នាក់ មិន​អាច​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ទេ ព្រោះ​វា​ជា​បញ្ហា​សង្គម​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​សង្គម​ទាំង​មូល!"។" ទោះ​យ៉ាង​ណា លោក​បាន​សង្កត់​ធ្ងន់​ថា សមត្ថកិច្ច​មាន​អំណាច និង​ការ​ទទួល​ខុសត្រូវ​ជា​ពិសេស​លើ​ករណី​នេះ នោះ​គឺ​ការ​ការពារ​ជន​រងគ្រោះ​ពី​ហានិភ័យ​បន្ថែម​ទៀត រួម​ទាំង​ការ​ចាប់​ជន​ល្មើស និង​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​នានា​ផង។

តាម​របាយការណ៍ ក្រោម​កិច្ច​សហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ និង​ការិយាល័យ​សង្គម​កិច្ច និង​សុខមាលភាព​ មាន​ខណ្ឌ សហគមន៍​ចំនួន៦ ស្ថិតក្នុង​​ខណ្ឌ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​ប្រឈម​ហានិភ័យ​ខ្ពស់​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌែរ ក្នុង​នោះ​មាន ខណ្ឌ​ដង្កោរ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​សែនសុខ។

យុទ្ធនាការ​នេះ នឹង​មាន​ការ​ប្រើ​ប្រាស់ Hastag “ឈប់​ទ្រាំ​នឹង​អំពើ​ហិង្សា" និង​សារ​គន្លឹះ "មាន​អាជ្ញាធរ និង​អ្នក​ជំនាញ​ចាំ​ជួយ​អ្នក​ជា​និច្ច"។ សកម្មភាព​ទាំង​នេះ គឺ​លើក​ទឹក​ចិត្ត​ដល់​ជន​រងគ្រោះ និង​សាក្សី​ត្រូវ​ហ៊ាន​ជំនះ​គំនាប​វប្បធម៌ និង​សង្គម​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ហើយ​ត្រូវ​ហា៊ន​និយាយ​តាម​រយៈ​ការ​បណ្ដុះ​មតិ និង​អារម្មណ៍​វិជ្ជមាន​ចំពោះ​ការ​ស្វែង​រក​ជំនួយ​នៅ​ពេល​ចាំ​បាច់៕

អត្ថបទ៖ ទារិកា