ឈ្នះមេដាយ៤គ្រឿងនៅស៊ីហ្គេម តែកាយសម្ព័ន្ធយកឆ្នាំ២០២២ ជាតេស្តសមត្ថភាពប៉ុណ្ណោះ
- 2022-05-27 03:21:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះមេដាយ៤គ្រឿងនៅស៊ីហ្គេម តែកាយសម្ព័ន្ធយកឆ្នាំ២០២២ ជាតេស្តសមត្ថភាពប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្រុមកីឡាករកាយសម្ព័ន្ធកម្ពុជាបានឈ្នះមេដាយចំនួន ៤ គ្រឿងក្នុងនោះប្រាក់៣ និងសំរឹទ្ធ១គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ។ បើទោះឈ្នះមេដាយរហូតដល់៤គ្រឿងជូនកម្ពុជាតែកីឡាមួយនេះបានកំណត់ថា ឆ្នាំ២០២២ គ្រាន់តែតេស្តសម្រាប់ពួកគេ ដើម្បីពង្រឹងឆ្ពោះទៅកាន់ស៊ីហ្គេមនៅ វៀតណាម ប៉ុណ្ណោះ។
ក្រោយត្រឡប់ពីប្រទេសវៀតណាមក្រោយបញ្ចប់ភារកិច្ចយ៉ាងជោគជ័យលោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានឲ្យដឹងថា ឆ្នាំនេះក្រុមកីឡាកររបស់លោកហាក់បំពេញភារកិច្ចបានល្អក្រោយការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើន។ យ៉ាងណាលោកនៅតែបន្តរៀបចំឲ្យកីឡាករ-កីឡាការិនីរបស់ខ្លួនប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ព្រោះឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាគោលដៅសំខាន់។
អគ្គលេខាធិការខាងលើបាននិយាយថា «សម្រាប់ឆ្នាំ២០២៣ ជាឆ្នាំសំខាន់សម្រាប់ពួកខ្ញុំ។ ២០២២ ជាតេស្តកម្រិតសមត្ថភាពសម្រាប់ពួកខ្ញុំ ឆ្ពោះទៅឆ្នាំ២០២៣។ ចឹងឆ្នាំ២០២៣ យើងសង្ឃឹមថា នឹងបានលទ្ធផលល្អប្រសើរជាងនេះ។ … ជាទូទៅយើងត្រូវតែស្វែងរកមេដាយមាសជូនជាតិក្នុងឆ្នាំ២០២៣ នាមជាម្ចាស់ផ្ទះ»។
រំលឹកថា សម្រាប់៤មេដាយដែលកាយសម្ព័ន្ធដណ្ដើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមនោះរួមមាន ជឿន ចាន់បូរី ឈ្នះមេដាយសំរឹទ្ធវិញ្ញាសា Men's individual, កីឡាការិនី ម៉ូ ស្រីពៅ និង ហាស់ សុខហ៊ ឈ្នះមេដាយប្រាក់លើវិញ្ញាសា គូបុរស-នារី, កីឡាការិនី ម៉ូ ស្រីពៅ, ហាស់ សុខហ៊ និង ត្រន ប៊ុនធឿន ឈ្នះមេដាយប្រាក់លើវិញ្ញាសា៣នាក់ចម្រុះ និងចុងក្រោយវិញ្ញាសាជាក្រុមឈ្នះមេដាយប្រាក់មួយគ្រឿងផងដែរ៕