មកស្គាល់មេរោគ ៨ប្រភេទ កំពុងលុកលុយលើអ៊ីនធឺណិត និងដឹងពីវិធីការពារខ្លួន
- 2022-06-02 04:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មេរោគ ៨ប្រភេទ កំពុងលុកលុយលើអ៊ីនធឺណិត និងដឹងពីវិធីការពារខ្លួន
ចន្លោះមិនឃើញ
ការប្រើអ៊ីនធឺណិតគឺសម្រួលដល់ការងារមនុស្សជាច្រើន ហើយវាក៏ជាប្រភពដ៏ធំមួយដែលចម្លងមេរោគ (malware) ពីមួយទៅមួយ និងការចម្លងជាប្រព័ន្ធពីសំណាក់ Hacker ផងដែរ។
Malware អាចហៅយ៉ាងខ្លីថាជា ”មេរោគ”។ មែនទែនទៅ malware គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ ដែលដំណើរការអវិជ្ជមាន គឺដើម្បីបំផ្លាញ លួច ឬកំទេចដល់អ្នកប្រើប្រាស់ទូទៅ ឬទៅលើម៉ាស៊ីនមេធំៗ និងអ្នកប្រើប្រាស់លើបណ្ដាញដទៃទៀតផងដែរ។ មេរោគ malware មានប្រភេទខុសគ្នាៗដូចជា៖
១. Virus
Virus ជាមេរោគដែលចូលទៅបំផ្លាញឯកសារ ដោយវាដំណើរការនៅពេលអ្នកប្រើប្រាស់បើកឯកសារនោះ ហើយវាឆ្លងតាមឯកសារទាំងនោះពីមួយទៅមួយ។ យ៉ាងណាមេរោគប្រភេទនេះមិនជាបញ្ហាចោទធ្ងន់នោះទេ ត្បិតគ្រាន់តែឆ្លងតាមឯកសារ ហើយកម្មវិធីការពារមេរោគសព្វថ្ងៃអាចកម្ចាត់ពួកវាបានច្រើន។
២. Worm
មេរោគនេះមានអាយុតាំងពី ឆ្នាំ១៩៩៩០ មកម៉្លេះ និងមធ្យោបាយឆ្លងពេញនិយមរបស់វាគឺ តាមរយៈអ៊ីមែល។ មេរោគ Worm ច្រើនត្រូវបានភ្ជាប់មកតាមអ៊ីមែល បន្ទាប់ពីអ្នកប្រើប្រាស់បើកអ៊ីមែលទាំងនោះ វាអាចមានលទ្ធភាពចម្លងទៅកុំព្យូទ័រពេញក្រុមហ៊ុនដោយខ្លួនឯងក្នុងរយៈពេលខ្លីបាន ប្រើសិនបើគ្មានកម្មវិធីការពារមេរោគ ឬប្រព័ន្ធការពារសុវត្ថិទប់ស្កាត់នោះទេ។
៣. Trojan
មេរោគ Trojan ក៏ស្រដៀងនឹង Worm ផងដែរ ត្បិតការចម្លងតាមរយៈអ៊ីមែល និងមានការចម្លងតាមគេហទំព័រដែលពួកវាស្ថិតនៅដូចគ្នា។ Trojan ដែល Hacker និយមប្រើគឺក្លែងបន្លំជាកម្មវិធីស្របច្បាប់ណាមួយ ដោយដាក់អន្ទាក់ឱ្យអ្នកប្រើប្រាស់ទុកចិត្ត។ ឧទាហរណ៍មេរោគប្រភេទនេះបន្លំខ្លួនជាកម្មវិធីចាប់មេរោគក្លែងក្លាយ ដោយជម្រុញឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធីនោះស្គេនចាប់មេរោគ ហើយនៅពេលអ្នកធ្វើតាមពួកគេចង់បាន មេរោគនឹងចាប់ផ្ដើមដំណើរការ ហើយ Hacker អាចនឹងចូលទៅបញ្ជារកុំព្យូទ័ររបស់អ្នកពីចម្ងាយបានជាមិនខាន។
៤. Botnet
ជាមេរោគដែល Hacker បង្កើត និងចែកចាយឱ្យឆ្លងទៅអ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោក។ បន្ទាប់មកពួកគេនឹងបញ្ជាទៅមេរោគទាំងអស់ដែលនៅគ្រប់ទីកន្លែង ឱ្យធ្វើការវាយប្រហារទៅលើគោលដៅណាមួយ ហើយបច្ចេកទេសនេះ វាស្រដៀងនឹងការបញ្ជារកងទ័ពមួយកងធំមកពីគ្រប់ទីកន្លែង បន្ទាប់មកទៅវាលុយនៅទីតាំងជាក់លាក់ណាមួយអ៊ីចឹងដែរ។ ការវាយប្រហារបែបនេះត្រូវបានគេហៅថា DDoS attacks។
៥. Ransomware
ជាប្រភេទមេរោគចាប់ជម្រិត ដោយពួក Hacker ធ្វើការប្លុកឯកសាររបស់អ្នកប្រើប្រាស់ដោយបច្ចេកទេស encrypt មិនអាចឱ្យអ្នកធ្វើអី្វលើឯកសារទាំងនោះបាន បន្ទាប់មកពួកគេនឹងតម្រូវឱ្យអ្នកបង់ប្រាក់ទៅពួកគេ។ ហើយមធ្យោបាយទទួលលុយរបស់ពួកគេច្រើនតែប្រើរូបបិយបណ្ណអេឡិចត្រូនិច (cryptocurrency)។ ការចម្លងរបស់មេរោគនេះស្រដៀងនឹងមេរោគ Trojans ផងដែរ ដោយឆ្លងតាមតាមអ៊ីមែល និងគេហទំព័រមានមេរោគជាដើម។
៦. Adware
មេរោគនេះមិនធ្ងន់ធ្ងរដល់ថ្នាក់ចាប់ជម្រិតអ្នកនោះទេ តែបង្កការរំខានអ្នកប្រើប្រាស់ ដូចជាលោតផ្ទាំងផ្សាយពាណិជ្ជកម្មដោយខ្លួនឯង ឬម្យ៉ាងទៀតធ្វើដោយធ្វើឱ្យអ្នកប្រើប្រាស់បានទទួលអ្វី ដែលពួកគេមិនបានធ្វើ ដូចជាអ្នកចូលទៅ web browser ស្វែងរកពី សត្វឆ្មា តែលទ្ធផលបង្ហាញមកជាផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងទៅវិញ។
៧. Malvertising
ដំណើរការរបស់មេរោគនេះគឺស្រដៀងទៅនឹង Adware ផងដែរ ប៉ុន្ដែខុសត្រង់ថាផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Malvertising មានបង្កប់មេរោគជាមួយ។ Hacker ប្រើមធ្យោបាយផ្សាយពាណិជ្ចកម្មនៅគេហទំព័រណាមួយដែលអ្នកអាចទុកចិត្តបាន ហើយបន្ទាប់ពីអ្នកបានចុចលើផ្ទាំងទាំងនោះ វានឹងនាំអ្នកទៅកាន់គេហទំព័ររបស់ពួកគេ អ្នកអាចនឹងជាប់អន្ទាក់នៅក្នុងគេហទំព័ររបស់ពួកគេដែលមានមេរោគ ហើយមេរោគទាំងនោះមានលទ្ធភាពអាចដំណើរការទាញយកកម្មវិធី ឬតម្លើងមេរោគដទៃទៀតដោយស្វ័យប្រវត្តិបានថែមទៀតផង។ គោលដៅរបស់មេរោគនេះ ច្រើនជាការចាប់ជម្រិតទារប្រាក់ ឬដាក់កម្មវិធីអ្វីមួយឱ្យដំណើរដោយស្វ័យប្រវត្តិក្នុងកុំព្យូទ័ររបស់អ្នកដើម្បីទាញយកប្រយោជន៍ផ្សេងៗ។
៨. Spyware
ត្រូវបានប្រើជាញឹកញាប់ដើម្បីតាមដានអ្នកប្រើប្រាស់ណាមួយ។ បច្ចុប្បន្នមេរោគប្រភេទនេះ មានលទ្ធភាពអាចលួចថតសំឡេង ស្ដាប់ការសន្ទនា ប្រើប្រាស់កាមេរ៉ាដើម្បីថតរូប តាមដានទីតាំង និងលួចយកលេខសំងាត់ផ្សេងៗបានថែមទៀតផង។
ដូចនេះដើម្បីជៀសផុតពីមេរោគទាំងអស់ខាងលើអ្នកគប្បី៖
កុំចុចបើក ឬចុចលើតំណងលីងលើអ៊ីមែលមានប្រភពមិនច្បាស់លាស់ ឬអ្នកមិនស្គាល់
មិនត្រូវបង្ហាញព័ត៌មានផ្ទាល់ខ្លួននៅទីសាធារណៈ ឬបណ្ដាញសង្គមនោះទេ
មិនត្រូវប្រើប្រាស់កម្មវិធីមិនមានច្បាប់អនុញ្ញាត (cracked license)
មិនត្រូវប្រើឧបករណ៍ផ្ទុកទិន្ន័យដែលមិនស្គាល់ប្រភពច្បាស់លាស់ (Memory, Hard Drive, Flash…) ព្រោះអាចមានជនបន្លំចេតនាបង្កប់មេរោគនៅក្នុងនោះ
ប្រើប្រាស់កម្មវិធីចាប់មេរោគទាំងលើកុំព្យូទ័រ និងទូរសព្ទ៕