ចង់មួយជីវិតហើយ Kim Kardashian ទើបដាច់ចិត្តសម្រកទម្ងន់ ដើម្បីបានស្លៀករ៉ូប Marilyn Monroe
- 2022-06-06 10:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មួយជីវិតហើយ Kim Kardashian ទើបដាច់ចិត្តសម្រកទម្ងន់ ដើម្បីបានស្លៀករ៉ូប Marilyn Monroe
ចន្លោះមិនឃើញ
Kim Kardashian បានបង្ហាញរូបរាងដ៏លេចធ្លោប្លែកថ្មី ពញ្ញាក់អារម្មណ៍មហាជន ពេលស្រកទម្ងន់ជាងមុន ដល់ទៅ ៧គីឡូ ត្រឹមរយៈពេល ៣សប្ដាហ៍ ដើម្បីឲ្យស្លៀកសមនឹងរ៉ូបតារាសម្ដែង/ចម្រៀង លំដាប់ Legend គឺ Marilyn Monroe។
ទោះជាយ៉ាងណា ការបង្ហាញរូបរាងថ្មីនេះ បែរជាទទួលបានមតិរិះគន់យ៉ាងចាស់ដៃទៅវិញ ដោយសារលទ្ធផលនេះវាអាចនឹងប៉ះពាល់ដល់សុខភាពខ្លាំងបំផុត។
ពេលផ្ដល់បទសម្ភាសជាមួយនឹងសារព័ត៌មាន The Times តារាស្រីរូបនេះ បានបង្ហាញពីការខកចិត្តជាមួយនឹងប្រតិកម្មរបស់មហាជន។ នាងបានបញ្ជាក់ថា ការសម្រកនេះ គឺស្រដៀងនឹងតារាសម្ដែងទូទៅដែរទេ ពេលដែលត្រូវសម្រករាង ដើម្បីថតរឿងម្ដងៗ។
Kim Kardashian បាននិយាយថា៖ «សម្រាប់ខ្ញុំ វាដូច Christian Bale អ៊ីចឹង ដែលអាចធ្វើរឿងនោះបាន ដើម្បីដើរតួក្នុងរឿង។ សូម្បីតែ Renée Zellweger បានសង្កត់ធ្ងន់ លើរឿងទម្ងន់ សម្រាប់តួរបស់ខ្លួន។ វាដូចតែគ្នាទាំងអស់ទេ។ ប៉ុន្តែខ្ញុំក៏មិនបាននិយាយថា មនុស្សគ្រប់គ្នាគួរតែសម្រកទម្ងន់ឲ្យលឿនក្នុងរយៈពេលខ្លីបែបនេះដែរ»។
Kim Kardashian បានចូលរួមក្នុងកម្មវិធី Met Gala ឆ្នាំ ២០២២ ជាមួយនឹងរ៉ូប Legend របស់អ្នកស្រី Marilyn Monroe។
ទោះជាយ៉ាងណា ក្រៅពីមានការរិះគន់ទៅលើការសម្រកទម្ងន់លឿននេះហើយ មនុស្សមួយចំនួន ក៏មិនសប្បាយចិត្តដែលឃើញនាង យករ៉ូបសម្បត្តិជាតិរបស់ Marilyn Monroe មកស្លៀកពេលនេះដែរ ព្រោះពួកគេគិតថាវាងាយនឹងប្រឡាក់ និងខូចខាត។
ស្រាយនូវការបារម្ភនេះ ភាគីខាង Kim Kardashian ក៏បានបញ្ជាក់ក្រោយមកដែរថា នាងមិនបាន Make Up ខ្លួនទេ ព្រោះចង់រក្សាឈុតនោះ ឲ្យនៅដដែល និងមិនប្រឡាក់។
រ៉ូប Legend នេះត្រូវបានពាក់ដោយ Marilyn ក្នុងឆ្នាំ ១៩៦២ នៅថ្ងៃខួបកំណើតរបស់ប្រធានាធិបតី John F. Kennedy។ នេះត្រូវបានគេចាត់ទុកថាជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃរបស់តារាស្រី ហើយក៏ត្រូវបានគេចាត់ទុកជា «សម្បត្តិជាតិ» ដែរ៕