ស៊ីន ស៊ីសាមុត ធ្លាប់ទាយខុសជោគវាសនា​ នូ ស៊ឹប ក្នុង​ការ​ប្រើសំឡេងដ៏ពីរោះរបស់លោកដើម្បីចិញ្ចឹមជីវិត

  • 2022-06-09 07:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យជរា ប៉ុន្ដែនៅតែច្រៀងពីរោះរណ្ដំចិត្ដ គឺលោកគ្រូ នូ ស៊ឹប បានរំលឹករឿងលោកប្រឡងចម្រៀង ហើយបានជួបអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនិងអាជីពចម្រៀងនៅអំឡុងទសវត្សរ៍៧០។ ស៊ីន ស៊ីសាមុត ធ្លាប់គិតថា សំឡេងដ៏ពីរោះ និងសម្បូរបែបរបស់ នូ ស៊ឹប អាចនាំឲ្យជីវិតជោគជ័យ ប៉ុន្ដែជាក់ស្ដែងលោក នូ ស៊ឹប ស្រែកច្រៀងស្ទើរមួយជីវិតទៅហើយជីវិតលោកនៅតែក្រលំបាក។

ជីវិត និងសិល្បៈរបស់លោក នូ ស៊ឹប ត្រូវបានលាតត្រដាងទាំងស្រុងតាមរយៈបទសម្ភាសន៍មួយជាមួយលោក សេង តារា កាលពីដើមខែមិថុនា ឆ្នាំ២០២២។ លោក នូ ស៊ឹប និយាយថា លោកគឺជាម្ចាស់ជយលាភីលេខ២ ក្នុងកម្មវិធីប្រឡងចម្រៀងថ្នាក់ជាតិកាលពីឆ្នាំ១៩៧៣ ដោយកាលណោះម្ចាស់ជយលាភីលេខ១ បានទៅលើបេក្ខជនឈ្មោះ ជា ស៊ីថន និងជយលាភីលេខ៣ បានទៅលើបេក្ខជនឈ្មោះ ឯក សុវណ្ណារ៉េត។

ក្រោយប្រឡងជាប់ រូបលោកទទួលបានឱកាសច្រៀងឲ្យវិទ្យុជាតិកម្ពុជាក្នុងសម័យសង្គមរាស្ដ្រនិយមរបស់លោកសេនាប្រមុខ លន់ ណុល។ កាលណោះលោកទទួលបានការណែនាំ និងជ្រោមជ្រែងបន្ថែមពីលោក ស៊ីន ស៊ីសាមុត ហើយលោកក៏ធ្លាប់ជជែកដោយផ្ទាល់ជាមួយលោក ស៊ីន ស៊ីសាមុត នៅឯគេហដ្ឋានរបស់លោកម្ដុំផ្សារទួលទំពូងផងដែរ។

នូ ស៊ឹប៖ “ពេលខ្ញុំទៅដល់ឃើញគាត់ កំពុងលើកអាសាច់ដុំគាត់(លើកអាល់ទែ) គាត់ថា អូនច្រៀងបទដែលអូនឯងប្រឡងមើល ហើយគាត់ថា សំឡេងចាប់អារម្មណ៍ណាស់ សំឡេងអូនឯង អនាគតទៅអាចរស់ ខំថែសំឡេងណាអូន សំឡេងអូនកម្ររកបានណាស់ ព្រោះសំឡេងមានវ័រណែតឈើរ៉ែលច្រើន។ ចង់និយាយថា សំឡេងធំក៏ខ្ញុំមាន សំឡេងតូចក៏ខ្ញុំមាន ស្រួយក៏មាន…គាត់ក៏អីចឹងដែរ គាត់ចូលចិត្ដច្រៀងបទស្រី ច្រៀងតែបទ ចេក ម៉ាច អីហ្នឹង គាត់ប្រាប់ខ្ញុំ”។

បទដែលលោកលើកយកទៅច្រៀងក្នុងកម្មវិធីប្រឡងថ្នាក់ជាតិកាលនោះ គឺបទ "លាបុប្ផាទៅធ្វើសង្គ្រាម" លំនាំបទ "បុប្ផាក្បាលជ្រោយ” របស់លោក អ៊ិន យ៉េង។ ក្រោយមានគេឯងស្គាល់ច្រើន តាមរយៈការបកស្រាយបទនេះ រូបលោកក៏មានឱកាសច្រើនក្នុងការច្រៀងបទចម្រៀងទាក់ទងនិងប្រទេសជាតិនាសម័យនោះ។

រីឯទំនាក់ទំនងរវាងលោក និងលោក ស៊ីន ស៊ីសាមុត ក៏កាន់តែមានច្រើន ព្រោះតែលោក និងលោក ស៊ីន ស៊ីសាមុត គឺជាគ្រូពេទ្យដូចគ្នា ហើយម្យ៉ាងសម័យនោះមានបងស្រីរបស់លោកម្នាក់តែងតែដើរធ្វើការងារជាមួយលោក ស៊ីន ស៊ីសាមុត និងសិល្បករដទៃទៀត ទើបជីវិតសិល្បៈរបស់លោករស់រវើកកាលពីសម័យនោះ។ ប៉ុន្ដែបន្ដិចក្រោយមកភ្នក់ភ្លើងសង្គ្រាមបានចូលមកដល់ ពោលគឺចូលដល់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុល ពត។

ក្រោយបែករបបខ្មែរក្រហមឆ្នាំ១៩៧៩ ជីវិតសិល្បៈរបស់លោកហាក់មានសង្ឃឹមឡើងវិញ។ លោក នូ ស៊ឹប បាននឹកគិតដល់សម្ដីរបស់លោក ស៊ីន ស៊ីសាមុត ដែលធ្លាប់ផ្ដល់កម្លាំងចិត្ដ ហើយកោតសរសើរចំពោះសំឡេងរបស់លោកថាពីរោះកម្ររកបាន ទើបលោកជឿជាក់ ក្នុងការចាប់អាជីពចម្រៀងឡើងវិញ បើទោះបីជាឪពុករបស់លោកមិនចង់ឲ្យកូនៗធ្វើជាអ្នកសិល្បៈ ដោយសារឪពុកលោកផ្ទាល់ធ្លាប់មានប្រវត្ដិអាថ៌កំបាំងក្នុងសិល្បៈរហូតធ្វើឲ្យគាត់ស្អប់វិស័យនេះ។

លោក នូ ស៊ឹប បានចូលបម្រើការនៅក្នុងអគ្គស្នងការនយោបាយ ដែលកាលណោះគេផ្ដោតសំខាន់ខាងតន្ដ្រីដូចតន្ដ្រីយោធាភារម្យ នៃក្រសួងការពារជាតិដែរ។ ទន្ទឹមនឹងការបំពេញការងារនៅក្នុងអគ្គស្នងការនយោបាយ លោកក៏ឆ្លៀតច្រៀងឲ្យផលិតកម្មមួយដំបូងគេ គឺផលិតកម្ម សាយ័នណារ៉ា។ ក្រោយដើរចេញពីផលិតកម្ម សាយ័នណារ៉ា លោកក៏បន្ដច្រៀងឲ្យផលិកម្ម កម្មករ រហូតដល់អំឡុងឆ្នាំ២០០០ ទើបលោកចូលច្រៀងឲ្យផលិតកម្មរស្មីហង្សមាសតែម្ដង។

ក្រោយមកទៀតលោក បានបញ្ចប់កុងត្រាច្រៀងឲ្យផលិតកម្មណាទាំងអស់ ដោយទុកតែឈ្មោះបម្រើការងារមួយនៅអគ្គស្នងការនយោបាយ ហើយក្លាយជាអ្នកចម្រៀងឯករាជ ដោយឆ្លៀតច្រៀងតាមរោងសាលផ្សេងៗដូចជា៖ ឈូកទិព្វ ដែលមានវត្ដមានតារាចម្រៀងប្រុសល្បីៗ ដូចជាលោក ណូយ វ៉ាន់ណ្ណេត ឡេង វណ្ណាត និងរូបលោកជាដើម ហើយចុងក្រោយនេះលោកបានច្រៀងនៅក្នុងភោជនីយដ្ឋាន ឡាក់គីប្រាយ ម្ដុំអតីតផ្សារទំនើបសុវណ្ណា។

គិតត្រឹមឆ្នាំ២០២២ នេះ លោក នូ ស៊ឹប មានវ័យ ៧៥ឆ្នាំហើយ ហើយលោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកសិល្បៈមានទឹកដមសំឡេងមិនចេះរីងស្ងួត ៥ទស្សវត្សរ៍។ ប៉ុន្ដែលោក នូ ស៊ឹប មិនសូវរកចំណូលបានច្រើនពីអាជីពរបស់ខ្លួនសោះ គឺបានតែមួយរស់ៗ មិនសល់លុយកាក់ទិញផ្ទះរស់នៅបានសមរម្យនិងគេទេ។ លោកមានជីវិតតស៊ូ និងរស់នៅក្នុងផ្ទះជួលជាងពាក់កណ្ដាលជីវិត ដោយរស់នៅរសាត់អណ្ដែតរើពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ចុងក្រោយនេះ លោកបានរើអីវ៉ាន់ទៅរស់នៅជាមួយប្អូនធម៌ម្នាក់ នៅឯជាយក្រុង ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ជិន សុភ័ក្ដ្រ