កម្មវិធី Starting Up សប្តាហ៍ថ្មី! ជួបជាមួយម្ចាស់ក្រុមហ៊ុន ផលិតគ្រឿងចម្រោះទឹកស្អាតច្នៃពីស្រកីដូង

  • 2022-06-09 08:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសថ្មីមួយរូបទៀត គឺកញ្ញា វន ថារី​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​SUDrain​។ ក្រុមហ៊ុន SUDrain ផលិត​ឧបករណ៍​ចម្រោះ​ ដែល​ជា​សហគ្រាស​អាជីវកម្មសង្គមថ្មីមួយផ្ដល់​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​ផលិតផល ​ក្នុង​ស្រុក ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​​គឺ ការ​ច្នៃស្រកី​ដូង​ទៅ​​ជាតម្រងចម្រោះ (Biofilm) ទឹក​កង្វក់​ឬ​កាក​សំណល់​ទឹក​ ទៅ​ជា​ ទឹក​ស្អាត​ដែល​អាច​​ប្រើប្រាស់​បាន​ឡើង​វិញ​ យ៉ាង​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ចូល​រួមជាចំណែក​ដោះស្រាយ​ លើ​បញ្ហា​វិស័យទឹកស្អាតនិងអនាម័យ​នៅកម្ពុជា។

កញ្ញា វន ថារី ​ជា​អ្នកស្រាវជ្រាវ​ផ្នែក​ទឹក​កខ្វក់​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​មក​ពី​ប្រទេស​ហូ​ឡង់។ កញ្ញា ធ្លាប់មានបទពិសោធន៍ច្បាស់លាស់លើ ជំនាញ​វិស្វករ​ផ្នែក​វិស្វកម្ម​បរិស្ថាន។ ក្រុមហ៊ុន SUDrain របស់កញ្ញាថារី បានបង្កើតឡើងនៅឆ្នាំ ២០១៨ ជាក្រុមហ៊ុន​ក្នុង​ស្រុក ផលិតគ្រឿង​ចម្រោះ​​ដែលមានតម្លៃ​ទាប​សមស្រប​ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ ​និង​ក្រុមហ៊ុន​សាងសង់​។

ធុរកិច្ចថ្មីមួយនេះបាន​ចូល​រួម​ចំណែក​ដោះស្រាយនៅក្នុងវិស័យទឹកស្អាត និងអនាម័យ​នៅកម្ពុជា  ដោយ​ការ​ច្នៃស្រកី​ដូងធម្មជាតិ ​​ទៅ​​ជា​តម្រងចម្រោះ (Biofilm) ទឹក​កង្វក់​ឬ​កាក​សំណល់​ទឹក​ ជាពិសេស​ ទឹក​ដែល​ចេញ​ពី​ក្នុង​លូ ទៅ​ជា​ ទឹក​ស្អាត​ដែល​អាច​​ប្រើប្រាស់​បាន​ឡើង​វិញ​យ៉ាង​មាន​ប្រសិទ្ធភាពដែលអាចប្រើក្នុងប្រព័ន្ធប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​​ ដែល​ជាដំណោះស្រាយបច្ចេកវិទ្យាដ៏សាមញ្ញ ដែលលោក​អ្នកអាច​​នឹង​មិននឹកស្មានដល់។ ក្រោយ​ការ​ប្រើប្រាស់​អស់​រយៈពេលពី៣ទៅ៥ឆ្នាំ អាច​យក​កាកសំណល់ស្រកីដូង​នោះ​ អាច​ច្នៃ​ទៅជាជី ដាំ​ផ្កា​បាន​ថែម​ទៀតផង។

ចង់ដឹងច្បាស់លម្អិតអំពីដំណើរការចាប់ផ្តើមអាជីវកម្មមួយនេះ កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងកញ្ញា វន ថារី នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា