ត្រូវ​ដឹង បើ​តាម​អ្នក​ជំនាញ កាល​ណា​សុខ​ភាព​​មាត់​ធ្មេញ​មិន​ល្អ នាំ​កើត​រឿង​ច្រើន​ណាស់

  • 2022-07-01 08:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា មនុស្ស​បច្ចុប្បន្ន​ផ្ដើម​មាន​ការ​គិត​ពី​បញ្ហា​សុខភាព ប៉ុន្តែ​សុខភាព​មាត់​ធ្មេញ​គឺ​បញ្ហា​ចម្បង​មួយ​ដែល​ត្រូវ​គិតគូរ​ជា​អាទិភាព ព្រោះ​ថា ប្រសិន​បើ​អ្នកណាម្នាក់​មាន​សុខភាព​មាត់​ធ្មេញ​មិន​ល្អ នាំ​ឲ្យ​កើត​បញ្ហា​ច្រើន​ណាស់។

ព័ត៌មាន​នេះ ទទួល​បាន​ក្រោយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Sabay នាំ​បុគ្គលិក​ទៅ​សំអាត​ធ្មេញ​ថ្មី​ទៀត​នៅ Smile Dental Clinic ដែល​មាន​ទីតាំង​នៅ​ក្រោយ​ព្រះបរមរាជវាំង។ លោក ជី សិលា នាយកប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Co, Ltd. ដែល​បាន​ដឹកនាំ​បុគ្គលិក​ជា​ច្រើន​ទៅ​ទទួល​សេវា​សំអាត​ធ្មេញ បាន​ពន្យល់​ថា ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​បុគ្គលិក​មាន​សុខភាព​ល្អ ក្នុង​នោះ​ត្រូវ​ផ្ដើម​សុវត្ថិភាព​មាត់​ធ្មេញ​។

“សម្រាប់​មនុស្ស​យើង​សុខភាព គឺ​សំខាន់​ណាស់ ហើយសុខភាព​ចាប់​ផ្ដើម​ពី​រឿង​ច្រើន​យ៉ាង ពី​ការ​ហូប​ចុក ការ​រស់​នៅ ការ​រក្សា​ខ្លួន​ដោយ​ការ​ហាត់​ប្រាណ ហើយ​ក្នុង​នោះ អ្វី​ដែល​យើង​អាច​ធ្វើ​បាន សំខាន់​ជាង​គេ គឺ​សុខភាព​មាត់​ធ្មេញ​នេះ​ឯង!”។

លោក ជី សិលា ប្រាប់​ថា តាម​ពិត លោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​សុខភាព​មាត់​ធ្មេញ​មិន​សូវ​ល្អ​ម្នាក់ បែប​នេះ​ហើយ ទើប​លោក​រក​ឃើញ​ពីភាព​សំខាន់​នៃ​បញ្ហា​សុខភាព​មាត់។ ចុង​ក្រោយ​ទើប​បាន​ផ្ដួចផ្ដើម​គំនិត​ឲ្យ​បុគ្គលិក​របស់ Sabay មាន​ឱកាស​ចូល​មក​ទទួល​សេវាសំអាត​ធ្មេញ និង​ទទួល​ព័ត៌មាន​បន្ថែម​ទៀត​ពី​សុខភាព​មាត់​ធ្មេញ។ លោក​ថា នឹង​រៀប​ឲ្យ​មាន​សកម្មភាព​ដូច​គ្នា​ជា​ហូរហែ​ទៀត​នា​ពេល​ខាង​មុខ។

ថ្លែង​ក្នុង​ឱកាស​ទៅ​ទទួល​សេវា​សម្អាត​ធ្មេញ​នៅ​គ្លីនិក​ខាង​លើ លោក ម៉ាក រតនៈ បុគ្គលិក​អភិវឌ្ឍកម្មវិធី បាន​ប្រាប់​ថា នេះ​ជា​លើក​ទី១​ដែល​រូប​គេ​បាន​មក​ទទួល​យក​សេវា​សម្អាត​ធ្មេញ ដែល​កន្លង​មក​លោក​ធ្លាប់​តែ​សម្អាត​ដោយ​ខ្លួន​ឯង​តាម​ទម្លាប់​ដូច​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ ប៉ុន្តែ​តាម​រយៈ​ការ​មក​ជួប​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ រូប​គេ​បាន​ទទួល​ចំណេះ​ដឹង​បន្ថែម​អំពី​សុខភាព​មាត់​ធ្មេញ ដែល​វា​ជា​ចំណុច​ចាប់​ផ្ដើម​នាំ​ឲ្យ​កើត​ជំងឺ​ក្នុងរាងកាយ​ជា​ច្រើន។

រតនៈ "ពេល​បាន​ស្ដាប់​គ្រូ​ពេទ្យ គាត់​ពន្យល់​​ថា សុខភាព​មាត់​ធ្មេញ អាច​នាំ​ឲ្យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ខ្ញុំ​រាង​ភ្ញាក់​ផ្អើល...អីចឹង​ហើយ​ខ្ញុំ​រក​ឱកាស​សម្អាត​ធ្មេញ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ទៀត"។

កញ្ញា វ៉ាត ឯម​វីតា បុគ្គលិក​ផ្នែកលក់ម្នាក់​ទៀត​របស់ Sabay ​ប្រាប់​ដែរ​ កញ្ញា មាន​ការ​យល់​ដឹង​ខ្លះៗ​អំពី​សុខភាព​មាត់ធ្មេញ។ ដូច្នេះ​ហើយ ក្រៅ​ពី​ការ​សម្អាត​ដោយ​ខ្លួន​ឯង កញ្ញា ក៏​បាន​ទៅ​ទទួល​យក​សេវា​សម្អាត​ធ្មេញ​ជា​រឿយ។ ប៉ុន្តែនៅ​ថ្ងៃ​នេះ កញ្ញា បាន​ទទួល​ចំណេះដឹង​បន្ថែម​ទៀត​ពី​គ្រូ​ពេទ្យ​ជំនាញ។ ដូច្នេះ​នាង​នឹងរឹតតែ​យកចិត្ត​ទុកដាក់​បន្ត​ទៀត​ចំពោះ​សុខភាព​មាត់​ធ្មេញ ព្រោះ​ថា មាន​ជំងឺ​ក្នុង​រាង​កាយ​ជា​ច្រើន កើត​ចេញ​ពី​មាត់​ធ្មេញ​នេះ​ឯង។

តាម​លោក សោម វិចិត្រ ទន្តបណ្ឌិត​នៃ​គ្លីនិក ស្មាល(Smile Dentis Clinic) បាន​បញ្ជាក់​ថា ធ្មេញ​ជា​កន្លែង​ពួន​ជ្រក​នៃបាក់តេរី​មួយ​ចំនួន ក្នុង​នោះ​ចំពោះ​អ្នក​ដែល​មាន​ធ្មេញ​ដែល​ដុះ​មិន​របៀប​រៀបរយ រឹត​មាន​ហានិភ័យ​ខ្ពស់ជាង​ទៅ​ទៀត។ លោក​បាន​បញ្ជាក់​ថា ធ្មេញ​ដែល​ដុះ​មិន​ត្រង់​ជួរ វា​ងាយ​នឹង​ដក់​ជាប់​នូវ​កាកសំណល់​អាហារ និង​ការ​កកើត​កំណក​កំបោរ ហើយ​វា​ក៏​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ពួន​ជ្រក​របស់​បាក់តេរី។ ដូច្នេះ​ទាំង​អ្នក​មាន​ធ្មេញ​ល្អ និង​មិន​ល្អ​តោង​មាន​ការ​សម្អាត​ឲ្យស្អាត និង​ដិត​ដល់​។

ជំងឺ​ដែល​បណ្ដាល​មក​ពី​សុខភាព​មាត់ធ្មេញ​មិន​ល្អ!

និយាយ​ពី​ការ​សម្អាត​មាន​២លក្ខខណ្ឌ ទី​១​សម្អាត​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ដុះ​ធ្មេញ​ក្រោយ​ទទួល​ទាន​អាហារ និង​ទី២ គឺសម្អាត​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ លោក​ថា មាន​តែ​គ្រូ​ពេទ្យ​ជំនាញ​ទេ ទើប​ដឹង​ថា ធ្មេញ​របស់​យើង​ស្ថិតក្នុង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ឬ​អត់ ក្នុង​នោះ​បញ្ហា​តូច​១ក្នុង​មាត់​របស់​យើង អាច​កើត​ជា​រឿង​ធំ​សម្រាប់​សុខភាព​បាន។

“សូម្បី​ធ្មេញ ដុះ​ខុស​ងុំា តែ​បន្តិច វា​អាច​កើត​ជំងឺ​ប្រកាំង​ឈឺក្បាល​អត់​បាត់ និង​ជំងឺ​ធំ​ៗ​ផ្សេង​ទៀត​ដែល​ខ្ញុំ​និយាយ​មិន​អស់!”។ ​តាម​ទន្តពេទ្យ សោម វិចិត្រ ជំងឺ​ធំ​ៗ​ដែល​កើត​ចេញ​ពី​ជំងឺ​មាត់​ធ្មេញ​ដូច​ជា រលាក​អញ្ចាញ​ធ្មេញ មាន៖ ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​នោម​ផ្អែម រលាក​សួត និង​មហារីក​មាត់​ធ្មេញ​ជា​ដើម៕

អត្ថបទ៖ ទារិកា