អ្នកគ្រប់គ្រងរមណីយដ្ឋានភ្នំតាម៉ៅ បដិសេធរឿងប្ដូរទីតាំង ហើយអំពាវនាវឲ្យភ្ញៀវទេសចរបន្ដចូលកម្សាន្ដ
- 2022-08-05 02:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រប់គ្រងរមណីយដ្ឋានភ្នំតាម៉ៅ បដិសេធរឿងប្ដូរទីតាំង ហើយអំពាវនាវឲ្យភ្ញៀវទេសចរបន្ដចូលកម្សាន្ដ
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងរមណីយដ្ឋានភ្នំតាម៉ៅ អំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បន្ដចូលទៅកម្សាន្ដ ឬទស្សនាសត្វជាច្រើនប្រភេទនៅទីនោះ ខណៈដែលលេចព័ត៌មានក្រៅផ្លូវការមួយថា គេនឹងផ្លាស់ប្ដូរឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទៅខេត្ដផ្សេង។
លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ បានថ្លែងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឧទ្យានថា ថ្មីៗនេះមានបុគ្គល និងអង្គភាពសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឲ្យមានការភាន់ច្រឡំថា ឧទ្យានសួនសត្វភ្នំតាម៉ៅ នឹងរើទៅដាក់នៅខេត្ដសៀមរាប ឬនៅខេត្ដកំពង់ឆ្នាំង ឬខេត្ដកំពង់ស្ពឺ ឬរើទៅដាក់នៅខេត្ដមមណ្ឌលគិរីវិញដែលនាំឲ្យប៉ះពាល់ដល់សត្វព្រៃនៅភ្នំតាម៉ៅ។
ករណីនេះ លោក ញ៉ឹក រតនៈ អះអាងថា ការផ្សព្វផ្សាយខាងលើនេះមិនមែនជាការពិតទេ ពីព្រោះអង្គភាពគ្រប់គ្រងពុំមានផែនការរុះរើ ឬផ្ទេរឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅទៅទីតាំងផ្សេងនោះឡើយ។ ក្រៅពីការថែរក្សាអភិរក្ស សង្គ្រោះ អប់រំ និងបង្កាត់ពូជសត្វព្រៃ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅក៏មានផែនការរៀបចំកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ពន្ធគាំទ្រដល់ការងារទាំងនេះទៀតផងដែរ។
ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅមានទីតាំងស្ថិតនៅស្រុកទន្លេបាទី ខេត្តតាកែវ ដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញ។ នៅទីនោះមានសត្វដំរី ឈ្លូស ប្រើស ក្ដាន់ រមាំង ស្វា ជ្រូកព្រៃ សត្វស្លាប ព្រទាំងសត្វកម្រ សត្វកម្រជិតផុតពូជដទៃទៀតជាច្រើន៕