​King Snooker Cup 2022 ​ចាប់​ផ្ដើម​ប្រកួត​ក្រោយ​​ចម្រាញ់​បាន​ជើង​ខ្លាំង​១៦​រូប​

  • 2022-08-08 11:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​​ប្រកួត​កីឡា​ស្នូកឃ័រ King Snooker Cup 2022 ​បាន​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​កាល​ពី​​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២ ក្រោយ​ការ​ចាប់​ពូល​បែងចែក​រួចរាល់​​ និង​មាន​ការ​ប្រកាស​បើក​កម្មវិធី​ដែល​មាន​ការ​ចូល​រួម​ដោយ​ឯក​ឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​​លោក ហេង សុវណ្ណ អនុ​ប្រធាន​សហព័ន្ធ​កីឡា​​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ព្រម​ទាំង​លោក​​ ម៉ារ៉ា សុជាតិ អគ្គលេខាធិការ​​សហព័ន្ធ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទី​តាំង​ក្លឹប King Snooker Club ។

​ក្នុង​ឱកាស​ប្រកាស​បើក​ការ​ប្រកួត​នោះ​លោក ម៉ារ៉ា សុជាតិ ​ហៅ​​ក្រៅ​ថា ​ម៉ារ៉ា បាន​​ឲ្យ​ដឹង​ថា​​​ ក្រោយ​ការ​​ចម្រាញ់​សហព័ន្ធ​ជ្រើស​រើស​បាន​ចំនួន​១៦​រូប ក្នុង​នោះ​បែងចែក​​ជា​៤​ពូល ដោយ​ធ្វើ​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២២ ទើប​រក​ឃើញ​ជើង​ឯក​។ ​លោក​សង្ឃឹម​ថា កីឡាករ​គ្រប់​រូប​ដែល​ចូល​រួម​ នឹង​បង្ហាញ​សមត្ថភាព​ឲ្យ​អស់​ ដើម្បី​បង្ហាញ​ដល់​ក្រុម​ការងារ ព្រោះ​នេះ​ជា​ឱកាស​មួយ​ដ៏​កម្រ​​​ ដើម្បី​អាច​​ក្លាយ​ខ្លួន​ជា​កីឡាករ​ស្នូកឃ័រ​អាជីព​។

​ជា​មួយ​​គ្នា​នោះ​ឯក​ឧត្ដម​ អ៊ុក សិទ្ធិជាតិ ក៏​បាន​ចូល​រួម​​ផ្ដល់​ជា​មតិ​យោបល់​ផង​ដែរ​ថា ​​ការ​បង្កើត​​ព្រឹត្តិការណ៍​នេះ​វា​ជា​ចលនា​មួយ​ក្នុង​ការ​​ចូល​រួម​អភិវឌ្ឍន៍​​វិស័យ​កីឡា​ស្នូកឃ័រ​ឲ្យ​​​កាន់​តែ​មាន​ភាព​រីក​​ចម្រើន​។ ​មែន​ទែន​ទៅ​ការ​​​​​ពង្រឹង​នៅ​តាម​ក្លឹប​ជា​រឿង​ចាំ​បាច់​​ខ្លាំង​ ពី​ព្រោះ​លោក​យល់​ថា ប្រសិន​បើ​ក្លឹប​មាន​ភាព​រឹងមាំ​នោះ​សហព័ន្ធ​នឹង​កាន់​តែ​មាន​ភាព​រឹងមាំ​ដូច​គ្នា​។

​ឯក​ឧត្ដម​បន្ថែម​ទៀត​ថា ការ​រៀបចំ​នេះ​បាន​ជួយ​ពង្រឹង​បន្ថែម​ដល់​បទ​ពិសោធ​​កីឡាករ និង​​ពង្រឹង​ដល់​សមត្ថភាព​​មន្ត្រី​អាជ្ញាកណ្ដាល​​ផង​​ដែរ។ ​ទាំង​អស់​នេះ​ក៏​បាន​មក​​ពី​​​ការ​ដឹក​នាំ​​របស់​រាជ​រដ្ឋាភិបាល​​ ប្រកប​ដោយ​សុខ​សន្តិភាព ​​​​ដែល​មាន​សម្ដេច​អគ្គមហាសេនា​បតិ​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​អភិវឌ្ឍ​រាល់​គ្រប់​វិស័យ​ផង​ដែរ​។

​​​​​​​​ក្នុង​ឱកាស​នោះ​ដែរ​លោក ហេង សុវណ្ណ ​​អនុ​ប្រធាន​សហព័ន្ធ​ក៏​បាន​ចូល​រួម​ផ្ដល់​ជា​ដំបូន្មាន​ដល់​កីឡាករ​​ទាំង​អស់​ត្រូវ​ប្រមូល​ស្មារតី​ប្រកួត​ឲ្យ​បាន​ខ្ពស់​មែន​ទែន ដើម្បី​បង្ហាញ​ចេញ​នូវ​សមត្ថភាព​ដែល​ខ្លួន​មាន​ក្នុង​​ការ​ប្រកួត​ប្រជែង។ ​លោក​សំឡឹង​មើល​ឃើញ​ថា កីឡា​នេះ​វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រមូល​អារម្មណ៍​ដើម្បី​​លេង​ឲ្យ​បាន​ល្អ​៕

ឧត្ដម​ អ៊ុក សិទ្ធិជាតិ
លោក ហេង សុវណ្ណ
លោក ម៉ា​រ៉ា សុជាតិ
លោក ហ៊ុល សារ៉ាវុធ អ្នក​តំណាង​របស់ King Snooker Club

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី