អ្នករាំដែលត្រូវផ្ទាំង LED ធ្លាក់សង្កត់ ដឹងខ្លួនហើយ ប៉ុន្តែនៅមានស្ថានភាពពិបាកធ្វើចិត្តមួយទៀត

  • 2022-08-09 02:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ Suho បាន​រាយការណ៍ ដោយផ្អែកលើការចេញផ្សាយពីសារព័ត៌មានរបស់ហុងកុង ក្រោយឪពុកម្ដាយរបស់ Lee Kai Yin (Mo) បានបញ្ជាក់ថា កូនប្រុសរបស់ខ្លួនបាន​ដឹង​ខ្លួន​ហើយ ហើយអាចនិយាយស្ដីជាមួយនឹង​អ្នកជុំវិញខ្លួនខ្លះៗ។

រម្លឹកទៅកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា នៅពេល​ក្រុមចម្រៀងហុងកុង Mirror កំពុង​សម្ដែង​លើឆាកប្រគំតន្ត្រីលើកទី ៤ ស្រាប់តែមាន​ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយផ្ទាំង LED ដែល​ព្យួរនៅកណ្ដាលឆាក ធ្លាក់សង្កត់ ហើយជាអកុសលប៉ះចំ Lee Kai Yin និង​អ្នក​រាំ ២នាក់ទៀត។

ថ្មីៗនេះមន្ត្រីរបស់នាយកដ្ឋានសេវាកម្មព័ត៌មាន និងវប្បធម៌ម្នាក់បានលើកឡើងថា ខ្លួន និងក្រុមការងារ​បាន​ពិនិត្យយ៉ាងល្អិតល្អន់ទៅលើខ្សែ LED ដែលធ្លាក់នោះ ហើយក៏លេចចេញសញ្ញាថា «ទំនងជាមានអ្នកធ្វើរឿងនេះ»។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែជា​ការពិនិត្យជំហានដំបូង ហើយលទ្ធផលបន្ទាប់មកទៀតយ៉ាងណា ក្រុមការងារនឹងធ្វើសេចក្ដីបញ្ជាក់នៅសប្ដាហ៍ក្រោយ។

រយៈពេល​លើស ១០ថ្ងៃ ហើយក្រោយរឿងហេតុដ៏រន្ធត់នេះ​បាន​កើតឡើង ឯជនរងគ្រោះ Lee Kai Yin បានទទួលការវះកាត់ធំៗ ៣ដងរួចហើយ។ លោកបាន​រងរបួសក្បាល និង ក ធ្ងន់ធ្ងរបំផុត ព្រមទាំងដាច់សរសៃឈាមខួរក្បាល បាក់ឆ្អឹងក-ខ្នងផ្នែកខាងក្រោយ ២កន្លែង។

តាមការឲ្យដឹង​ពី​ក្រុមគ្រូពេទ្យ បាន​លើកឡើងថា​ ស្ថានភាព​របស់អ្នករាំប្រចាំក្រុម Mirror រូបនេះ​ នៅតែមិនសូវល្អ ទោះ​បី​ជា​អាចដឹង​ខ្លួនខ្លះៗក៏ពិតមែន។ ចំពោះ​លទ្ធភាព ងើបអង្គុយ ឬឈរ បាន​ឬអត់ នាពេល​ខាងមុខ គឺ​ពិបាក​សន្និដ្ឋានណាស់។

ទាក់ទង​នឹង​ថ្លៃព្យាបាល​របស់ Lee Kai Yin វិញ គឺស្ថាបនិកក្រុម Mirror គឺជាអ្នកចាត់ចែងទាំងស្រុង ហើយក៏ចាត់វិធានការយ៉ាង​ម៉ឺងម៉ាត់ ស្វែងរកឲ្យឃើញពីមូលហេតុពីក្រោយគ្រោះថ្នាក់នេះ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទថ្មី