ធ្លាប់ដើរទស្សនាក្នុងស្ថានទូតបារាំងនៅ! តោះដើរទស្សនាស្ថានទូតទំហំជិត៥ហិតាទាំងអស់គ្នា

  • 2022-09-13 04:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឲ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជាដែលsabayទទួលបាននៅមុននេះបន្តិច។

ទិដ្ឋភាពស្ថានទូតបារាំងប្រចាំកម្ពុជាក្នុងកម្មវិធីតាំងពិព័រណ៍សិល្បៈកាលពីកន្លងទៅ

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាមានបានបញ្ជាក់ថា ទិវាបេតិកភណ្ឌឆ្នាំប្រារព្ធឡើងក្នុងប្រធានបទ «បេតិកភណ្ឌប្រកបដោយចីរភាព»។ ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។

មហាជនដែលចូលរួមដើរទស្សនាកាលពីកន្លងទៅ រូបថត៖ស្ថានទូតបារាំងប្រចាំកម្ពុជា

ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយខាងលើ។ អ្នកទស្សនាក៏នឹងអាចស្វែងយល់ផងដែរអំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន រួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូ បានរៀបរាប់នៅក្នុងស្នាដៃរបស់លោកស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។ ទិវាខាងលើនឹងបញ្ចប់ដោយការបង្ហាញរូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេលអនាគត។ រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ «រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថា ស្ថានទូតនឹងបើកជូនសាធារណជនទស្សនាពីម៉ោង ៨៖០០ ដល់ម៉ោង ១៦៖០០។ បើកជូនទស្សនាដោយសេរី និងដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ អ្នកទស្សនាត្រូវពាក់ម៉ាស ហើយគោរពវិធានការសុខាភិបាល ហើយគួរពាក់ស្បែកជើងដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងឧទ្យាន។

ទិដ្ឋភាពស្ថានទូតបារាំងប្រចាំកម្ពុជាក្នុងកម្មវិធីតាំងពិព័រណ៍សិល្បៈកាលពីកន្លងទៅ

ទិដ្ឋភាពស្ថានទូតបារាំងប្រចាំកម្ពុជាក្នុងកម្មវិធីតាំងពិព័រណ៍សិល្បៈកាលពីកន្លងទៅ

ទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ។ ម៉ោងពេល និងបែបបទចូលទស្សនានឹងត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ។

អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ខាងលើសូមទាក់ទងលោក ទឹង សុខលីម តាមរយៈអ៊ីមែល soklim.tung@diplomatie.gouv.fr ឬលេខទូរស័ព្ទ ០១២ ៦៥ ៦៦ ៩៩៕