ក្បួនឆបោក ៤ទម្រង់ដដែលៗធ្វើឲ្យមនុស្សលង់ជឿរងគ្រោះពេញពិភពលោក
- 2022-10-01 02:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនឆបោក ៤ទម្រង់ដដែលៗធ្វើឲ្យមនុស្សលង់ជឿរងគ្រោះពេញពិភពលោក
ចន្លោះមិនឃើញ
យោងតាមវីដេអូឯកសារស្រាវជ្រាវ មួយរបស់ Netflix មានឈ្មោះថា Money Explained ប្រធានបទ ៖ ដើម្បីក្លាយជាអ្នកមានឆាប់រហ័ស (How to get rich quick) បានបកស្រាយបង្ហាញពីបៀបឆបោក ដ៏ពេញនិយមលក្ខណៈសកលចំនួន ៤ ធំៗ ដែលបានលេចឡើងជាច្រើនទស្សវត្សមកហើយ និងនៅតែធ្វើឲ្យមនុស្សជឿលង់ និងរងគ្រោះបានជាហូរហែរមកទល់បច្ចុប្បន្ននេះ ដែលមានដូចជា ៖
១. បំប៉ោង ឬ សប់ឲធំ រួចបោះបង់ចោល (Pump and Dump)
របៀបបោកប្រាស់មួយនេះ ច្រើនកើតមានក្នុងវិស័យ Cryto ឬ Bicoin នៅពេលដែលមនុស្សមួយក្រុមប្រើវិធីសាស្ត្រធ្វើឲ្យវត្ថុដែលដើមឡើយគ្មានតម្លៃទាល់តែសោះ ប្រែងក្លាយជាមានតម្លៃកប់ពពក ដែលគេច្រើននិយាយដោយសាមញ្ញថា បំប៉ោងតម្លៃ តាមរយៈការដោះដូរទៅមកយ៉ាងសស្រាក់សស្រាំង បង្កើតជាព័ត៌មានខ្ទររន្ទឺ ។
ពេលល្បីថាការដោះដូរនោះកំពុងត្រូវប៉ាន់ ឬ មានហាងឆេង មនុស្សខាងក្រៅចាប់ផ្តើមផ្អើលឈូឆរ ប្រឡូកដើម្បីចាប់យកឱកាសចំណេញនឹងគេដែរ។ គឺពេលនោះហើយដែលមនុស្សមួយក្រុមដែលចាប់ផ្តើមនោះអាចលក់ចេញ Cryto ឬ Bicoin របស់ខ្លួនកាន់តែច្រើន នឹងកើបលុយចំណេញពិតប្រាដក ហើយអ្នកដែលចូលរួមតាមក្រោយនឹងរងគ្រោះ ព្រោះដល់ចំណុចខ្ពស់មួយ Cryto ឬ Bicoin នឹងធ្លាក់ថ្លៃយ៉ាងកំហុកមកវិញ ដែលប្រៀបបាននឹងអំបិលក្នុងទឹកដូច្នេះដែរ ។
២. ពុនហ្សី (Ponzi)
របៀបបោកប្រាស់ដ៏ប៉ិនប្រសប់នេះ ត្រូវបានគេដាក់ឈ្មោះតាម Charles Ponzi ជនជាតិអ៊ីតាលី ដែលលេចឡើងក្នុងឆ្នាំ ១៩២០ ដោយលោកបានធ្វើការធានាសន្យារថា អាចធ្វើឲ្យលុយវិនិយោគរបស់អ្នកកើនឡើងទ្វេដង ក្នុងរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ។ តែតាមពិតទៅជាក់ស្តែង គឺ Charles Ponzi គ្រាន់តែយកលុយពី អ្នកវិនិយោគថ្មី មកសងជូនអ្នកវិនិយោគចាស់ ហើយលោកបន្តបន្វិលលុយបែបនេះ ដែលធ្វើឲ្យអ្នកវិនិយោគមានជំនឿចិត្ត និងបន្តវិនិយោគបន្ថែម។ តែរបៀបបង្វិលលុយបែបនេះ នឹងដួលរលំពេលលែងមានមនុស្សថ្មីវិនិយោគ ហើយចំនួនអ្នកដែលចង់ដកលុយកើនឡើង។
នៅសហរដ្ឋអាមេរិកវីធីសាស្ត្រឆរបោកនេះ បានលេចឡើងម្តងទៀតទ្រង់ទ្រាយធំក្នុងឆ្នាំ ២០០៨ ពេលដែលលោក Bernie Madoff អាចប្រមូលប្រាក់រហូតដល់ទៅ ២០ប៊ីលានដុល្លារ ។ មូលហេតុដែលធ្វើឲ្យអ្នកវិនិយោគគ្រប់គ្នាជឿជាក់លើ Bernie Madoff គឺដោយសារលោកជាបុគ្គលសំខាន់មួយរូបក្នុងសមាគម American Jewish Community។
៣. ក្បួនឆបោក ពីរ៉ាមីដ (Pyramid Scheme)
គឺជាការឆបោកតគ្នា ដោយការបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យទៅលក់បន្តទៅមនុស្សម្នាក់ផ្សេងទៀត ហើយដើម្បីចំណេញបានកាន់តែច្រើនម្នាក់ផ្សេងទៀតនោះ ខំប្រឹងស្វែងរកអ្នកចែកចាយទំនិញបន្តទៀតជាបន្តបន្ទាប់ ដែលប្រព័ន្ធនេះមានរូបរាងដូចជាពីរ៉ាមីដ ហើយអ្នកដែលចំណេញជាងគេ គឺអ្នកនៅខាងលើបំផុត។ ឧទាហរណ៍ដូចជា អ្នកទិញទំនិញពីមិត្តម្នាក់ ហើយគេក៏បបួលអ្នកធ្វើជាអ្នកចែកចាយលក់បន្ត ទៅឲ្យអ្នកផ្សេងទៀតដើម្បីបានចំណេញ ម្នាក់ផ្សេងទៀតនោះចង់ចំណេញ ក៏ទៅបបួលមនុស្សម្នាក់ទៀតចែកចាយបន្ត គេហៅថា Multi-Level Marketing (MLM)។ MLM គឺជាការធ្វើទីផ្សារស្របច្បាប់ប្រសិនបើប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅទិញ។
តែការឆរបោក ពីរ៉ាមីដ មិនដូច្នេះទេ ផលិតផលដែលពួកគេលក់ គឺជារបស់គ្មានប្រយោជន៍ ឬ មិនមានតម្លៃសមហ្នឹងថ្លៃលក់នោះឡើយ ហើយចំណូលសំខាន់ គឺបានមកពីការបន្តបញ្ចុះបញ្ចូលគ្នីគ្នាឲ្យធ្វើជាតំណាងចែកចាយលក់បន្ត ។ ក្បួនឆបោកនេះ នឹងដួលរលំ ពេលដែលគ្មានមនុស្សថ្មីចូលរួមលក់បន្ត។
៤. ក្បួនឆបោកតាមរយៈការបង្រៀនពីរបៀបរកលុយបានច្រើន ( Coaching)
នេះគឺជាការសន្យារដោះដូរប្រាប់ពីរបៀបបង្កើតលុយ។ និយាយឲ្យងាយយល់ គឺ អ្នកបង់លុយដើម្បីរៀនពីតិចនិករកលុយឲ្យបានច្រើន ដែលភាគច្រើន គឺជាការឆបោក ព្រោះតិចនិកដែលអ្នករៀននោះ មិនអាចរកលុយបានដូចការសន្យាររបស់អ្នកបង្រៀនឡើយ។ ហើយជាទូទៅពេលអ្នកចាប់ផ្តើមសង្ស័យសួរពីមូលហេតុដែលអ្នកមិនអាចរកលុយបានដូចការសន្យាររបស់គេនោះ គេនឹងបញ្ចុះបញ្ចូលអ្នកឲ្យបន្តរៀនវគ្គផ្សេងៗជាច្រើនទៀតដើម្បី ពង្រឹងសមត្ថភាព ។ ភាគច្រើនមានមនុស្សធ្លាក់ក្នុងអន្លង់ឆបោកបែបនេះ ដោយហេតុថា គ្រូបង្រៀននោះជាមនុស្សពូកែនិយាយលក់ ដែលស្តាប់ទៅគួរឲ្យជឿជាក់។
តែគេសង្កេតឃើញថា អ្នកឆបោកតាមរយៈការបង្រៀន មិនត្រូវចាត់ការដោយផ្លូវច្បាប់ឡើយ ព្រោះថាក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម ឬ ដើរទីផ្សារ ការនិយាយពន្លើសដើម្បីធ្វើឲ្យទំនិញ ឬ សេវាកម្មនោះទាក់ទាញការចាប់អារម្មណ៍អតិថិជនបាន គឺជារឿងធម្មតា ដែលគេហៅថា Marketing 101 ឬ Fluffy។
សូមចំណាំមើល ពេលអ្នកណាម្នាក់សន្យារផ្តល់ជូននូវផលចំណេញ ឬ ប្រយោជន៍ដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿដល់អ្នក ភាគច្រើននោះហើយ គឺជាការបោកប្រាស់ ។ ក្នុងលោកនេះគ្មានទេ អ្វីដែលបានមកដោយងាយស្រួល ឆាប់រហ័ស ដោយមិនមានការលះបង់នោះទេ។
អ្នកដែលមានបំណងបោកប្រាស់គេ ឬប៉ងចង់បានប្រយោជន៍ពីគេ តែងរៀបចំគម្រោងដ៏ល្អ។ ដូច្នេះមានតែយើងខ្លួនឯងត្រូវចេះប្រយ័ត្នប្រយែង ដោយកុំហ៊ានពេក កុំលោភលន់ចង់បានពេក និងកុំឆាប់ជឿជាក់លើគេពេក ព្រោះថាអ្នកឆបោកតែងដាក់នុយ ដោយប្រើត្រីតូច ស្ទួចយកត្រីធំ។ ដំបូងពេលអ្នកចាប់ផ្តើមដោយការវិនិយោគតិចតួចសាកល្បងមើល គេនឹងផ្តល់ប្រាក់ចំណេញត្រលប់វិញដល់អ្នកយ៉ាងឆាប់រហ័ស ដើម្បីទាក់ទាញអ្នកឲ្យវិនិយោគកាន់តែច្រើន និងកាន់តែធំ។ កាន់តែធ្ងន់ធ្ងរនោះ គឺគេនឹងបញ្ចុះបញ្ចូលអ្នកឲ្យស្វែងរកអ្នកវិនិយោគថ្មីៗបន្ថែមទៀត ។ ភាគច្រើន អ្នកចាញ់បោកគេធ្ងន់ធ្ងរ គឺចាញ់បោកគេទាំងគ្រួសារតែម្តង ដោយហេតុថាគ្រួសារបងប្អូនជិតដិត ជឿជាក់ទុកចិត្តគ្នាពេញទំហឹង។
ត្រូវថ្លឹងថ្លែងឲ្យសមស្រប ឬ ស្វែងរកព័ត៌មានច្បាស់ការជាមុនសិន មុនសម្រេចដាក់ទុន ឬ ចូលរួមធ្វើការងារនោះ៕