វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ចុះ MOU នឹង IG Tech ពួតដៃគ្នាអភិវឌ្ឍផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា

  • 2022-10-13 15:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសសាធារណៈរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្នែកបច្ចេកទេសស្ថិតក្រោមសមត្ថកិច្ចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមហ៊ុន អាយជីធិក គ្រុប (IG Tech) ដែលជាបណ្ដុំនៃក្រុមហ៊ុនមានការរីកចម្រើនខ្លាំងលើផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឈានចូលដល់និងមានវត្តមាននៅទីផ្សារអន្តរជាតិ ដែលមានក្រុមហ៊ុន អាយឌាលីង ខនសាល់ធីង ជាសមាជិកដំបូងរបស់ខ្លួន បានចុះអនុស្សរណៈនៃការយោគយល់ដើម្បីសហការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់គាំទ្រដល់ការអភិវឌ្ឍផលិតផល ឬដំណោះស្រាយបច្ចេកវិទ្យាដែលផ្ដួចផ្ដើមដោយក្រុមហ៊ុន អាយជីធិក គ្រុប ក៏ដូចជាសហការសិក្សាស្រាវជ្រាវលើគម្រោងដែលមានសក្ដានុពលរួមគ្នា។

ក្រោមកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុមហ៊ុន អាយជីធិច ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់គម្រោងផលិតផលបច្ចេកវិទ្យាដែលបានកំណត់។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ នឹងរួមគ្នាសិក្សាពីសក្ដានុពលនៃកិច្ចសហការលើគម្រោងស្រាវជ្រាវ កម្មវិធី ឬគម្រោងជាក់ស្តែងនានា ដែលដែលឯកភាពដោយភាគីទាំងពីរ។

ឯកឧត្តម បណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា «កិច្ចសហការរវាងសាលាបច្ចេកទេស និងវិស័យឯកជន មិនត្រឹមតែជាយន្តការដ៏ល្អមួយសម្រាប់លើកកម្ពស់ការបណ្ដុះបណ្ដាលប្រកបដោយផលិតភាពនោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះក៏ជាយុទ្ធសាស្រ្តដ៏ប្រសើរមួយសម្រាប់ក្រុមហ៊ុនក្នុងការប្រមូលផ្តុំយុវជនដែលមានសក្ដានុពលឲ្យចូលរួមជាមួយនឹងសកម្មភាពរបស់ពួកគេ។ សម្រាប់និស្សិត ពួកគេនឹងទទួលបានឱកាសច្រើនបន្ថែមទៀតក្នុងការរៀនសូត្រអំពីពិភពការងារជាក់ស្តែង តាមរយៈការប្រើប្រាស់ជំនាញដែលទទួលបានពីសាលា ចំណែកឯវិស័យឯកជនវិញ ក៏នឹងអាចទាក់ទាញបាននូវកម្លាំងពលកម្មប្រកបដោយថាមវន្តមកចូលរួមជាក្រុមការងារ។ យន្តការ ឈ្នះឈ្នះ នេះ ក៏នឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅនឹងបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍឥតឈប់ឈរផងដែរ។ ម្យ៉ាងវិញទៀត កិច្ចសហការដែលយើងកំពុងធ្វើនាពេលនេះ ក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីភាពជាដៃគូនៃវិស័យសាធារណៈឯកជន (PPP) ដែលរាជរដ្ឋាភិបាលបានផ្តោត លើតួនាទីសំខាន់របស់វិស័យឯកជន និងបានចាត់ទុកវិស័យឯកជនជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍមូលធនធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។»

លោក គឹម ពុធគីរី អគ្គនាយកក្រុមហ៊ុន អាយជីធិកគ្រុប បានលើកឡើងបន្ថែមថា «យើងកសាង អាយជីធិក គ្រុប ចេញពីគុណតម្លៃ ដែលបង្កើតដោយក្រុមការងាររបស់យើង តាមរយៈការអភិវឌ្ឍសហគ្រិនភាព និងបង្កើនសមត្ថភាពជំនាញ។ តាមរយៈការប្រឡូកចូលគម្រោងនវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងមានការប្រឈមយ៉ាងខ្លាំងក្នុងការស្វែងរកក្រុមការងារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសលើជំនាញវិស្វកម្ម។ កិច្ចសហការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងជួយពន្លឿនគម្រោងបច្ចេកវិទ្យាទំនើបរបស់យើង ព្រមទាំងជំរុញការសិក្សានវានុវត្តន៍បច្ចេកវិទ្យាបន្ថែមទៀត តាមរយៈគម្រោងសហការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា។»

ព័ត៌មានបន្ថែម សូមទាក់ទងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តាមរយៈអ៊ីម៉េល info@npic.edu.kh ឬ អាយជីធិច តាមរយៈអ៊ីម៉េល info@igint.asia

អំពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ ដែលមានមានគោលដៅក្នុងការបង្កើតកម្លាំងពលកម្មជំនាញថាមវន្តដែលចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្ន វិទ្យាស្ថាន មានប្រាំបីមហាវិទ្យាល័យ និងពីរមជ្ឈមណ្ឌល ដោយផ្តល់ការបណ្តុះបណ្តាលជំនាញ លើសពី ២០ជំនាញ ដល់សាធារណជន ជាពិសេសយុវជន។ វិទ្យាស្ថានក៏បានសហការជាមួយដៃគូទាំងក្នុងស្រុកនិងអន្តរជាតិជាង ២00 ដែលមានដូចជា សាលាបច្ចេកទេស ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ។ល។ ជាមួយនិងសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការបណ្តុះបណ្តាល និងការប្រកួតប្រជែងជំនាញបច្ចេកទេស វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើគុណភាពបណ្តុះបណ្តាល។ ហេតុដូចនេះហើយ សិស្សនិស្សិតរបស់ វិទ្យាស្ថាន មានឱកាសខ្ពស់ក្នុងការទទួលបានការងារដែលមានប្រាក់ខែល្អបន្ទាប់ពីបញ្ចប់ការសិក្សា ជាមួយនឹងអត្រាទទួលបានការការងារជាមធ្យមប្រហែល ៨០% ដែលជាសូចនាករដ៏ល្អសម្រាប់គោលដៅ នៃការបណ្តុះបណ្តាល។

អំពីអាយជីធិក គ្រុប

ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ អាយជីធិក គឺជាបណ្ដុំក្រុមហ៊ុនអភិវឌ្ឍ អនុវត្តបច្ចេកវិទ្យាដំណោះស្រាយរួមបញ្ចូលគ្នានៅកម្ពុជា។ អាយជីធិកបង្កើតឡើងនៅឆ្នាំ២០១២ ដោយក្រុមហ៊ុនដំបូងបំផុតគឺ អាយឌាលីង ខនសាល់ធីង។ ជំនាញស្នូលរបស់ អាយជីធិក គ្រុប គឺពាក់ព័ន្ធនឹងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ និងបានពង្រីកទៅក្នុងវិស័យ វត្ថុដែលអាចប្រើអ៊ីនធើណេត ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណបណ្ណឌីជីថល មាតិកាប្លុកឆេន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាការបង្កើតថ្នាលភ្ជាប់ឌីជីថលនីយកម្មទៅនឹងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។