ប្រេស៊ីល​ជា​ក្រុម​​ឈ្នះ​ពាន World Cup ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2022-10-28 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស

ជម្រើស​ជាតិ​ប្រេស៊ីល​ជា​ក្រុម​​បាល់ទាត់​ដែល​ធ្លាប់​លើក​ពាន​ World Cup ច្រើន​ជាង​គេ​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​​ ពោល​ដល់​ទៅ​៥​​ដង​ឯណោះ ដែល​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ធ្វើ​ដូច​នៅ​ឡើយ​ទេ។

សហព័ន្ធ

ក្រុម​រហស្សនាម​ “សាំបា” ធ្វើ​បាន​កំណត់ត្រា​ល្អ​មែនទែន​ក្នុង​វគ្គ​ជម្រុះ​ World Cup នៃ​តំបន់​​អាមេរិកខាងត្បូង (Conmebol)។ ពួក​គេ​ដណ្ដើម​​បាន​តំណែង​កំពូល​តារាង​ក្នុង​ចំណោម​​ក្រុម​ទាំង​១០។ ឆ្លង​កាត់​១៧​ប្រកួត​ប្រេស៊ីល​មិន​ស្គាល់​រសជាតិ​ចាញ់​សោះ ដោយ​ឈ្នះ​១៤​និង​ស្មើ​៣​ប្រកួត ធ្វើ​ឲ្យ​ពួក​គេ​បាន​មក​ប្រជែង​ក្នុង​ប្រទេស​កាតា។

ប្រវត្តិ​ក្នុង World Cup

ប្រេស៊ីល​​ត្រូវ​បាន​គេ​កត់ត្រា​ជា​ក្រុម​បាល់ទាត់​ជោគជ័យ​បំផុត​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​ ដោយ​ធ្លាប់​គ្រង​ពាន​ចំនួន​៥​ដង។ ពួក​គេ​បាន​ឈ្នះ​នៅ​ឆ្នាំ​១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង​ចុងក្រោយ​ឆ្នាំ​២០០២ ដែល​កាល​នោះ​ជប៉ុន​និង​កូរ៉េខាងត្បូង​សហការ​គ្នា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កីឡាករ​សំខាន់​របស់​ក្រុម

ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល Neymar គឺ​ជា​តួ​សំខាន់​​បំផុត​មួយ​ការ​នាំ​បាល់​លេង និង​រក​គ្រាប់​បាល់។ ក្នុង​វ័យ​៣០​ឆ្នាំ កីឡាករ​របស់​ក្លឹប PSG លេង​បាន​១២១​ប្រកួត​និង​រក​បាន​៧៥​គ្រាប់​ហើយ​ឲ្យ​ប្រេស៊ីល។ គេ​កំពុង​ឈរ​ជា​កីឡាករ​រក​បាន​គ្រាប់​​បាល់​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ក្រោម​លោក Pele ដែល​មាន​៧៧​គ្រាប់។

ឯកសណ្ឋាន

មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ ប្រេស៊ីល​បាន​ចេញ​អាវ​ក្នុង​​ដី​ពណ៌​លឿង​និង​ក្រៅ​ដី​ពណ៌​ខៀវ។ អាវ​ក្នុង​ដី​ពណ៌​លឿង​ផលិត​ឡើង​ផ្អែក​លើ​គំរូ World Cup ២០២២ រដូវ​កាល​២២-២៣ ​របស់​ក្រុមហ៊ុន Nike ដែល​​គ្រប់គ្នា​បាន​ឃើញ​កន្លង​រួច​ទៅ​ហើយ​​ជាមួយ​ក្លិប​អាជីព​មួយ​ចំនួន​ដូច​ជា Chelsea ជា​ដើម។ កអាវ​របស់​វា​មាន​រាង​មូល​ពណ៌​បៃតង​លាយ​ឆ្នូត​ខៀវ។ ចំណែក​ឯ​អាវ​ក្រៅ​ដី​ពណ៌​ខៀវ​ច្នៃ​បែប​​ក​មូល​ធម្មតា និង​ផ្នែក​ដៃ​​លាយ​ពណ៌​បៃតង​ភ្លឺ៕​​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ