តើគេយក iPhone ចាស់ៗទៅណា បើចំនួនប្រើកើនឡើងរាប់ពាន់លានគ្រឿងទៅហើយ?

  • 2022-10-31 07:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំ២០២១ Apple បានប្រកាសថាចំនួន iPhone កំពុងប្រើប្រាស់សកម្មកើនដល់ជាង ១ពាន់លានគ្រឿង ទៅហើយ ចឹងតួលេខនេះបង្កជាចម្ងល់ចាក់ស្រេះថា តើគេយក iPhone ចាស់ៗទៅណា?

ជាដំបូងយើងគួរដឹងសិនថា ពេលមានអ្នកប្រើ iPhone ចាស់ៗកាន់តែច្រើន ធ្វើឱ្យការលក់ iPhone ថ្មីៗធ្លាក់ចុះ ម៉្យាងអ្នកប្រើ iPhone ក៏មិនចង់ឡើងស៊េរីព្រោះ Apple តែងតម្លើងថ្លៃ iPhone ជាប្រចាំពីមួយជំនាន់ទៅមួយជំនាន់។

ម៉្លោះហើយដំណោះស្រាយ នៅឆ្នាំ២០១៣ Apple បានបង្កើតកម្មវិធី Apple Trade In អនុញ្ញាតឱ្យអ្នកប្រើ យក iPhone ចាស់ៗរបស់ខ្លួនថែមលុយដូរយកម៉ូឌែលថ្មីបាន។ កម្មវិធីនេះទទួលបានការពេញនិយមពីអ្នកប្រើប្រមាណមួយភាគបី ធ្វើឱ្យការលក់មានការកើនឡើង។

ចឹងសំនួរសួរតទៅទៀត តើ iPhone ចាស់ៗគេយកទៅណា? iPhone ដែលទិញចូលវិញទាំងនោះ បើស្ថិតក្នុងលក្ខខណ្ឌល្អ គេជួសជុលកែកុនដាក់លក់វិញ ដោយសម្គាល់ថា “Refurbish”។

ប្រសិនបើ iPhone នោះស្ថិតក្នុងលក្ខខណ្ឌខូចធ្ងន់ នោះគេនឹងជ្រើសយកតែគ្រឿងបង្គុំសំខាន់ៗអាចប្រើវិញបាន បើមិនដូចច្នោះទេ គេនឹងបញ្ជូនវាជាសំរាមតែម្ដង។

គួរដឹងថា ការបំបែកបំណែក iPhone គេប្រើប្រាស់មនុស្សយន្ត មានឈ្មោះថា Daisy ដែលវាអាចបំបែកទូរសព្ទបាន ២០០គ្រឿង ក្នុង១ម៉ោង និងអាចជ្រើសរើសវត្ថុធាតុសំខាន់ៗដោយខ្លួនឯងបាន។

គួរបញ្ជាក់ថា សង្វាក់ផលិតកម្មនេះក៏ជួយដល់ដល់បរិស្ថាន ត្បិត Apple អាចប្រើប្រាស់សារធាតុកម្រៗវិញបាន ដូចជាការច្នៃប្រើប្រាស់វត្ថុធាតុកម្រឡើងវិញ មានបំពាក់ក្នុង iPhone 12 ផងដែរ។ ក្រៅពីនេះក៏ធ្វើឱ្យការប្រើប្រាស់ iPhone អស់ពីលទ្ធភាពមុនពេលកែច្នៃឡើងវិញ៕

ប្រភព៖ Tech Vision

អត្ថបទ៖ កុសល