ដៃគូអភិវឌ្ឍ មើលឃើញលក្ខណៈពិសេសមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ហើយប្ដេជ្ញាបន្ដគាំទ្រ
- 2022-12-19 06:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូអភិវឌ្ឍ មើលឃើញលក្ខណៈពិសេសមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ហើយប្ដេជ្ញាបន្ដគាំទ្រ
ចន្លោះមិនឃើញ
ដូចការគ្រោងទុក មហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៦ ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២០ ខែធ្នូ ស្អែកនេះ។ ដៃគូអភិវឌ្ឍន៍ពីវិស័យឯកជន បានមើលឃើញកាន់តែច្បាស់ពីភាពអស្ចារ្យ និងសារៈសំខាន់របស់មហោស្រពនេះ ដើម្បីពង្រឹងវិស័យភាពយន្ដនៅកម្ពុជា។
ចាប់តាំងពីមហោស្រព ប្រារព្ធឡើងជាលើកដំបូង កាលពីឆ្នាំ២០១៦ គេសង្កេតឃើញវិស័យឯកជាច្រើន បានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះ រោងភាពយន្ដ Major Cineplex ដែលជាម្ចាស់ឧបត្ថម្ភធំមួយ បានប្ដេជ្ញាបន្ដការគាំទ្រសម្រាប់មហោស្រពជាតិភាពយន្ដខ្នាតខ្លីលើកក្រោយៗទៀត ព្រោះបានមើលឃើញពីភាពខ្លាំងក្នុងការបណ្ដុះផលិតករ។
ប្រធានផ្នែកទីផ្សារ នៃរោងភាពយន្ដ Major Cineplex by Smart កញ្ញា ម៉ែន សុខណា មានប្រសាសន៍ថា វាជាឱកាសសម្រាប់ផលិតករវ័យក្មេងបញ្ចេញសមត្ថភាព ដោយដាក់ខ្សែភាពយន្ដរបស់ខ្លួនប្រកួត បើទោះបីជាឆ្លងកាត់ការប្រកួតនោះ មិនទទួលបានជយលាភី ឬទទួលបានជយលាភីក្ដី ប៉ុន្ដែផលិតករទាំងអស់បានទទួលចំណេះដឹងល្អៗ គំនិតប្លែកៗ ដើម្បីផលិតរឿងថ្មីៗបន្ថែម។
ម៉ែន សុខណា៖ “យើងបានគាំទ្រព្រឹត្ដិកាណ៍នេះរហូតមក ហើយឆ្នាំនេះយើងជាម្ចាស់ឧបត្ថម្ភធំ សម្រាប់អ្នកឈ្នះជយលាភីលេខ១ ត្រូវប្រគល់ពានមាស។ យើងមានគំនិតវិជ្ជមានក្នុងការគាំទ្រមហោស្រពនេះ ក៏ដូចជាវិស័យភាពយន្ដទាំងមូលដែរ ដោយកន្លងមករោងកុនយើងបានចូលរួមច្រើនមែនទែនជាមួយក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ដផ្ទាល់ ដូចជាពេលនេះអីចឹងយើងបានឧបត្ថម្ភមកលើមហោស្រព ជួយផ្សព្វផ្សាយនៅលើflat form នៅក្នុងcinema យើង មិនថាonline ឬoffline ទេ”។
ស្រដៀងគ្នានេះលោក ចំរើន វុទ្ធី តំណាងពីរោងភាពយន្ដ Legend Cinema ឲ្យដឹងថា ក្រុមហ៊ុនលោកក៏បានគាំទ្រមហោស្រពនេះរហូតមកដែរ ព្រោះមើលឃើញថាដើម្បីឲ្យវិស័យភាពយន្ដខ្មែររីកចម្រើន ហើយមានលទ្ធភាពបញ្ចេញទៅទីផ្សារអន្ដរជាតិទៀតនោះ គឺត្រូវការដៃគូគាំទ្រច្រើន។
លោក វុទ្ធី មើលឃើញថា បើយកភាពយន្ដកម្ពុជាទៅវាយលុកទីផ្សារបរទេស វាហាក់នៅឆ្ងាយ ព្រោះថាមហោស្រពរបស់យើងនិយាយពីភាពយន្ដខ្នាតខ្លី ដូច្នេះវាគ្រាន់តែជាចំណុចចាប់ផ្ដើមរបស់ផលិតករវ័យក្មេងៗក្នុងផលិតស្នាដៃដំបូងៗទៅប្រកួតប្រជែង ប៉ុន្ដែតាមរយៈស្នាដៃភាពយន្ដខ្នាតខ្លីនៅពេលនេះ ធ្វើឲ្យប្អូនមានបទពិសោធន៍ទៅផលិតភាពយន្ដខ្នាតវែង ដើម្បីប្រកួតប្រជែងផ្នែកទីផ្សារវិញម្ដង គឺទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយKhmer Load និងWestec ដែលជាស្ថាប័នគាំទ្រសំខាន់ដែរជាមួយមហោស្រពលើកនេះ បានលើកឡើងស្រដៀងគ្នាថា ដើម្បីរុញឲ្យវិស័យភាពយន្ដដើរកាន់តែលឿន ហើយអាចប្រកួតប្រជែងលើទីផ្សារបាន វាទាល់តែមានការចូលរួមពីដៃគូពាក់ព័ន្ធជាច្រើន។ ក្នុងនាមដៃគូធ្លាប់ចូលរួមគាំទ្រ ក្រុមហ៊ុននៅតែបន្ដប្ដេជ្ញាចិត្ដចូលរួមគាំទ្រទៀត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
សូមរំលឹកថា មហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ នេះ បានលើកយកពាក្យស្លោកមួយថា៖ “ភាពយន្ដខ្នាតខ្លី គឺជាជំហានទៅកាន់ភាពយន្ដខ្នាត់វែង”។ មហោស្រពនេះ បានសម្ពោធបើកជាផ្លូវការដោយរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក សោម សុគន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ នៅសាលមហោស្រពចតុម្មុខ។ ក្នុងឱកាសនោះគេក៏ឃើញការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ អាជ្ញាធរសាលារាជធានីភ្នំពេញ និងផលិតករជាច្រើនរូប៕