អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
- 2023-01-20 01:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
ចន្លោះមិនឃើញ
បើគិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកទល់នឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានអាយុកាល១៨ឆ្នាំ ដែលបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម ព្រមទាំងបានពង្រីកសក្ដានុពលរបស់ខ្លួនយ៉ាងធំទូលំទូលាយនៅ កម្ពុជា។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយមានការគាំទ្រ និងជឿទុកចិត្តរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលតែងតែគាំទ្រក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ។
បើតាម អ្នកឧកញ៉ា គួច ម៉េងលី ក្នុងរយៈពេល១៨ឆ្នាំមកនេះ គ្រឹះស្ថានសិក្សាភាសាបរទេសឈានមុខគេ គឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានបណ្តុះបណ្តាលភាសាអង់គ្លេស ចិន ថៃ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បណ្តុះបណ្តាលចំណេះទូទៅពីថ្នាក់ក្រោមមត្តេយ្យ រហូតថ្នាក់ទី១២ កម្មវិធីសិក្សា i-learn ដែលបង្រៀនតាមអនឡាញ, SOGO ដែលជាកម្មវិធីរៀបចំសិស្សទៅរៀននៅក្រៅប្រទេស ដែលផ្តោតទៅលើសហរដ្ឋអាមេរិក កាណាដា ជប៉ុន អឺរ៉ុប ជាដើម។
លោក បញ្ជាក់ថា ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ យើងបន្តបោះទុនវិនិយោគដ៏ធំមួយទៀត គឺការប្រកាសលក់ភាគហ៊ុនក្រុមហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា ឯកជនដំបូងគេបង្អស់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើវិស័យអប់រំនៅកម្ពុជា។ លោកបន្តថា នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋ និងដៃគូវិនិយោគ ក្នុងការចូលរួមទិញភាគហ៊ុន ដើម្បីទទួលបានប្រាក់ចំណេញជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
អ្នកជំនាញខាងវិស័យអប់រំចាស់វស្សារូបនេះ បានប្រាប់MJQTVថា៖ «ក្នុងឆ្នាំ២០២៣នេះ យើងជាវិស័យអប់រំដំបូងគេបង្អស់ ដែលឡើងទីផ្សារភាគហ៊ុន ហើយនឹងបង្ហាញប្រជាពលរដ្ឋទាំងអសស់ឱ្យមើលថា តើក្រុមហ៊ុនឯកជនដែលចាប់ពីតូចស្ទើតែបាតដៃទទេរ រហូតដល់រីកចម្រើន ២០ ៣០អគារ ដែលសព្វថ្ងៃនេះអាចបោះជំហានឈានទៅដល់ទីផ្សារមូលបត្រកម្ពុជានៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៣ ឆាប់ខាងមុខនេះ។»
ក្នុងឱកាសខួប១៨ឆ្នាំនេះផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្រុមហ៊ុន MJQE អស់រយៈពេល១៨ឆ្នាំមកនេះយើងមានភាពជោគជ័យច្រើន ដោយយើងបានចូលរួមចំណែកក្នុងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ បង្កបង្កើតវិស័យអប់រំមួយដ៏ល្បីល្បាញ ដែលអនុញ្ញាតឱ្យកូនខ្មែរ បានរៀននៅសាលាដែលមានគុណភាព សាលាដែលមានវិន័យ សាលាដែលមានសេវាកម្មអស្ចារ្យដែលលោកឪពុកអ្នកម្តាយទទួលស្គាល់ ទទួលបានការសិក្សារបស់ កូនៗ មានលទ្ធផលល្អ ហើយរហូតមកទល់នឹងពេលនេះ គឺសិស្ស៥០,០០០ នាក់បានបញ្ចប់ការសិក្សា ខណៈបច្ចុប្បន្នមានសិស្ស២០,០០០ នាក់កំពុងតែរៀន ហើយយើងឃើញថាក្នុងរយៈពេល១៨ឆ្នាំនេះ យើងបង្កើតធនធានមនុស្សច្រើន ពោរពេញដោយសក្តានុពល ធនធាន ដែលអាចនិយាយថា មានចំណេះដឹងជៅ្រជ្រះ ក្លាហាន នឹងអាចក្លាយទៅជាអ្នកដឹកនាំទៅថ្ងៃអនាគត។»
គួរបញ្ជាក់ដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។ លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ គ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយបទពិសោធ គរុកោសល្យ សុជីវធម៌ វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ស្របទៅតាមស្តង់ដាជាតិ និងអន្តរជាតិ នៅក្នុងសតវត្សទី២១។
ចាប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានកើនរហូតដល់ជិត១ម៉ឺននាក់ នៅដើមឆ្នាំ២០២៣។ សិស្សានុសិស្សសិក្សានៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំងទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗនៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា។ ជាពិសេស មជ្ឈមណ្ឌលភាសា អេ អាយ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹងតាមរយៈកម្មវិធីដូចជាសកម្មភាពប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ.គួច ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ព្រមទាំង គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទាំងអស់ បានថ្លែងអរគុណដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សគ្រប់សាខា និងមហាជនគ្រប់ទិសទី ដែលជឿទុកចិត្ត និងគាំទ្រ ដល់គ្រឹះស្ថានសិក្សាមួយនេះដើម្បីចូល រួមបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជា។
គួររម្លឹកជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ នេះបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕