កូនកាត់ខ្មែរ-អាមេរិក Nick Taylor ចាប់អារម្មណ៍ចង់លេងឲ្យជម្រើសជាតិបាល់ទាត់កម្ពុជានៅ ស៊ីហ្គេម

  • 2023-01-31 06:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nick Taylor ដែលអ្នកគាំទ្រស្គាល់ថា ជាកីឡាករកូនកាត់ខ្មែរ-អាមេរិក បាននឹងកំពុងសាងវត្តមានរបស់ខ្លួនជាមួយបាល់ទាត់កម្ពុជា គួរឱ្យកត់សម្គាល់នាប៉ុន្មានខែចុងក្រោយ ចាប់តាំងពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ ក្រោយពីរូបគេធ្លាប់តែធំធាត់ ទម្លាប់ខ្លួនទៅនឹងបាល់ទាត់នៅប្រទេសដែលមានការអភិវឌ្ឍលើវិស័យមួយនេះល្អប្រសើរ។

ជាមួយនឹងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នៅប្រមាន ៩៥ថ្ងៃទៀត គិតត្រឹមថ្ងៃទី៣០ ខែមករា ការប្រកួតបាល់ទាត់ លើវិញ្ញាសាបុរស នៅក្នុងព្រឹត្តិការណ៍ដដែលនេះ នឹងប្រើប្រាស់កីឡាករអាយុក្រោម ២២ឆ្នាំ ព្រមជាមួយការអនុញ្ញាតឱ្យប្រើប្រាស់កីឡាករលើសអាយុចំនួន ៣នាក់ផងដែរ នៅក្នុងក្រុម។ វាក៏ត្រូវបានដឹងថាថ្មីៗនេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើការកោះហៅកីឡាករលើសអាយុចំនួន ៣នាក់ ដើម្បីជួយក្រុមប្រកួតនាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ដោយបែបនេះ កីឡាករដែលមានម្ដាយសញ្ជាតិខ្មែរ និងឪពុកសញ្ជាតិអាមេរិក ហាក់សម្ដែងការពេញចិត្តប្រសិនជាបានក្លាយជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ប្រកួតក្នុងព្រឹត្តិការណ៍ដ៏មានសក្ដានុពលប្រចាំតំបន់ បើទោះបីជាបច្ចុប្បន្នមានវ័យ ២៤ឆ្នាំក៏ដោយ។

Nick Taylor បានបញ្ជាក់ប្រាប់ Cambodia 2023 ដូច្នេះថា៖ «ខ្ញុំពិតជាពេញចិត្តប្រសិនបើត្រូវបានកោះហៅចូលក្រុម U-22 ដើម្បីតំណាងកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣។ ដូចដែលបានដឹង វាជាឱកាសក្នុងការលេងតំណាងឱ្យប្រទេសដ៏អស្ចារ្យ ហើយដែលនឹងធ្វើឡើងនៅកម្ពុជាទៀត។ អ៊ីចឹងខ្ញុំគិតថា វាក៏នឹងក្លាយជាឱកាសល្អមួយដើម្បីបង្ហាញខ្លួនយើងទៅកាន់ពិភពលោកផងដែរ»៕

កែសម្រួល៖ សៀនហួរ

អត្ថបទថ្មី