លោក​ ជី​ សិលា​៖ ​កីឡា E-Sport ​មិន​មែន​ជា​ល្បែង​ស៊ីសង​ទេ កុំ​នាំ​គ្នា​យល់​ច្រឡំ​ទៀត​

  • 2023-02-14 04:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ជី សិលា ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ចេញ​មុខ​បក​ស្រាយ ​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​មហា​ជន​ទៀត ចំពោះ​ប្រភេទ​កីឡា E-sport ​។

លោក​ ជី សិលា

​រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​មាន​មហាជន​មួយ​ចំនួន​មិន​ទាន់​យល់​នោះ​ទេ ចំពោះ​កីឡា​អេឡិចត្រូនិក E-sport ​។ ដោយ​ពួកគេ​បាន​យល់​ខុស​ថា​ជា​ប្រភេទ​ហ្គេម​អត់​ប្រយោជន៍ ឬ​ជា​ហ្គេម​ភ្នាល់​លុយ​ជា​ដើម ​និង​ធ្វើ​ឱ្យ​សិស្សានុសិស្ស​គេច​សាលា ឬ​មិន​ប្រឹងប្រែង​រៀន​សូត្រ​ជា​ដើម។ ​តែ​ការ​ពិត​ទៅ E-Sport ​ជា​កីឡា​ដ៏​ពេញ​និយម និង​ទទួល​បាន​ប្រជាប្រិយភាព​លឿន​បំផុត​នៅ​លើ​លោក​នេះ។ ​E-sport ​មាន​នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​មក​ហើយ ​ជាក់​ស្ដែង​នៅ​ស៊ីហ្គេម​ក៏​មាន​ដូច​គ្នា ​ហើយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​ណាស់​ដែរ។

​ជាមួយ​គ្នា​នេះ ​ដើម្បី​កុំ​ឱ្យ​មាន​បង​ប្អូន ពលរដ្ឋ​យល់​ច្រឡំ​ថែម​ទៀត ​លោក​ ជី សិលា ​អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ពន្យល់​បែប​នេះ​ថា​៖ “តាម​ពិតទៅ​កីឡា E-Sport វា​ក៏​មិន​ខុស​អី​ពីកីឡា​ផ្សេងៗ វិញ្ញាសាផ្សេងៗ​ដូចជាបាល់ទាត់ បាល់ទះ ប្រដាល់ ឬ​ក៏កីឡាហែលទឹក​ដែរ​។ វា​ជាប្រភេទ​កីឡាមួយ​ដែល​គេ​និយាយ​ថាមិន​មែន​ប្រើ​កម្លាំង​កាយ​ទេ គឺ​ប្រើកម្លាំងញាណ ប្រាជ្ញា។ យើង​ប្រើ​ភាព​ឆ្លាត​វៃ​របស់យើង​ទៅ​លេង​ដែរ។ ក្នុង​ហ្នឹងហើយ​ដែល​គេទទួលស្គាល់ថា​វា​ក៏ជា​ប្រភេទ​កីឡា​មួយ​ដ៏​រីក​ចម្រើ​​នដែរ ដល់​ប្រាជ្ញា​ ដល់​មនុស្ស​ទូទៅ។ អ៊ីចឹង​ហើយ​បា​ន​គេ​សម្រេច​​​ដាក់ E-Sport ​ហ្នឹង​នៅ​ក្នុង​ប្រភេទ​កីឡា​ស៊ីហ្គេម។ តាម​ពិត​នៅ​ក្នុង​កីឡា​អូឡាំពិក ក្នុងកីឡាអាស៊ាន អាស៊ី​ក៏​ចាប់​ផ្ដើម​មានការ​ប្រកួត E-Sport ហ្នឹង​ដែរ កីឡាអេឡិចត្រូនិក​ហ្នឹង។ ​តែ​យើង​ក៏​មាន​បញ្ហា​ខ្លះ ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​កីឡាករ​គ្រប់​វិញ្ញាសា E-Sport ​ទាំង​អស់​នោះ​ទេ​”។

​ប្រធាន​ក្រុមហ៊ុន Sabay ​និង​ជា​អ្នក​ផ្ដួចផ្ដើម​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ​​ខាង​លើ​បាន​បន្ថែម​ថា​៖ “មាន​ពេល​ខ្លះ​យើង​មាន​ឧបសគ្គ​ច្រើន​ដែរ ដោយសារ​អាជ្ញាធរ​ដែនដី​មួយចំនួន​គាត់​គិត​ថា​ប្រភេទ​លេង​កុំព្យូទ័រ​ហ្គេម ឬ​ក៏ E-Sport ហ្នឹង​​គាត់​ថា​អាហ្នឹង​វា​ដូច​ជា​ល្បែងស៊ីសង។ Game ជាមួយ Gambling ខុសគ្នា​ភាសាអង់គ្លេស​ ប៉ុន្តែ​ជួន​កាល​គាត់នៅ​តែមានការ​ភ័ន្ត​ច្រឡំ​ ដោយសារ​និន្នាការ​រដ្ឋាភិបាល​គឺ​ឱ្យ​មានការ​បិទ​ល្បែង​​ស៊ីសង​អ៊ីចឹង​ទៅ គាត់បានទៅ​រារាំង ទៅ​ជួប​ជាមួយ​ក្លិប​កីឡា គាត់​យល់ថា​អាហ្នឹង​ជា​ប្រភេទ​គេ​លេង​ល្បែងស៊ីសង​អ៊ីចឹងទៅ។ អាហ្នឹង​មួយ​​ដែល​យើង​សង្ឃឹម​ថា​ត្រូវការ​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ពីគាត់​ ប្រសិន​បើគាត់​ត្រូវការ​ភស្ដុកតាង ត្រូវ​ការ​អ្វីបញ្ចាក់​ពី​ខាង​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​យើង យើង​អាច​ផ្ញើ​បាន ហើយ​យើង​ក៏អាច​បើកវគ្គ​បណ្ដុះបណ្ដាល​ធ្វើសិក្ខាសាលា​ អាច​ថាបំពាក់បំប៉ន​ក៏បាន ការ​ផ្សព្វ​ផ្សាយក៏បាន​ ដើម្បី​ឱ្យ​គ្នា​យើង​ទាំង​អស់គ្នា​ទាំង​ផ្នែក​ឯកជន ទាំង​ផ្នែកអជ្ញាធរ​ដែនដី​ សឹង​តែ​​​ក៏​ដោយ ឱ្យគាត់​ស្វែង​យល់ថា អានេះ​ជាកីឡា​មួយ​មានការគ្រប់គ្រង មាន​បទ​ដ្ឋាន​ច្បាស់លាស់​ ហើយ​មានច្បាប់ទម្លាប់ច្បាស់លាស់​ ដែល​ត្រូវបាន​ទទួលស្គាល់ពី​ខាង​​​អូឡាំពិកជាតិ​យើង ក៏ដូចជា​យើងបានចូលជាសមាគម​ ចូលជា​សហព័ន្ធ ចូលជា​សមាជិក​នៅ​ក្នុង​អាស៊ី​រហូត​ដល់​ពិភពលោក​ទៅ​ទៀត” ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ស៊ីហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក៏​នឹង​ដាក់​បញ្ជូល​កីឡា E-Sport ​ផង​ដែរ ​ដោយ​មាន​វិញ្ញសា AK2 , Mobile Legend , PUBG ​អី​ជា​ដើម៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី