សហព័ន្ធកីឡាកាយវប្បកម្ម៖ បានដកមេដាយពីកីឡាករ ២រូបដែលជាប់សារធាតុហាមឃាត់នៅកីឡាជាតិលើកទី៣
- 2023-02-20 15:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយវប្បកម្ម៖ បានដកមេដាយពីកីឡាករ ២រូបដែលជាប់សារធាតុហាមឃាត់នៅកីឡាជាតិលើកទី៣
ចន្លោះមិនឃើញ
សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានដកមេដាយកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង ដែលឈ្នះនៅព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងពិន័យតាមច្បាប់របស់ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ពិភពលោករយៈពេល២ឆ្នាំទៀតផង។
ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាលោក តឹក ប៊ុនវី បានឲ្យដឹងថា នៅពេលនេះសហព័ន្ធបានដកមេដាយមាសរបស់កីឡាករ ផាន់ ណារិទ្ធ និងមេដាយប្រាក់ ស៊ាង ម៉េងសាង ដែលឈ្នះក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ មកវិញហើយបន្ទាប់ពីទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ពិភពលោក (WADA) រកឃើញមានសារធាតុហាមឃាត់។
ជាមួយគ្នានេះដែរកីឡាករទាំង២រូបខាងលើនឹងពិន័យផ្អាកការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិរយៈពេល២ឆ្នាំទៀតផង។ បន្ថែមពីនេះពួកគេនឹងត្រូវបង់ថវិកាពិន័យចូលសហព័ន្ធម្នាក់ៗ ២ ៥០០ដុល្លារ។ ចំពោះលោក តឹក ប៊ុនវី បញ្ជាក់ថាថវិកាដែលបង់នេះនឹងជូនទៅកីឡាករ កីឡាការិនីជម្រើសជាតិបច្ចុប្បន្នយកទៅបរិច្ចាគ ឬធ្វើកិច្ចការសប្បុរសធម៌។
រំលឹកដែរថា កីឡាករ ផាន់ ណារិទ្ធ ឈ្នះមេដាយមាស លើវិញ្ញាសា Bodybuilding 60kg ចំណែកកីឡាករ ស៊ាង ម៉េងសាង គឺឈ្នះមេដាយប្រាក់លើវិញ្ញាសា Bodybuilding over 80kg ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលធ្វើឡើងអំឡុងថ្ងៃទី១៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។ សម្រាប់កីឡាករទាំង ២នាក់នេះបន្ទាប់ពីប្រកួតចប់ភ្លាមៗនោះត្រូវបានខាងដូបប៉ាកម្ពុជាហៅទៅពិនិត្យទឹកនោមក្រោយមករកឃើញថាមានសារធាតុហាមឃាត់ក្នុងវិស័យកីឡាតែម្ដង និងត្រូវពិន័យដូចរៀបរាប់ខាងលើ៕