អ្នករកស៊ី​ទេសចរណ៍​ត្រៀម​កើបលុយ! ព្រលានយន្តហោះថ្មីសៀមរាប​ នឹង​ដាក់​ឱ្យ​ហោះសាកល្បង​នៅខែ៦ខាងមុខ

  • 2023-03-07 03:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប សម្រេចបាន​លទ្ធផល ៨៦% ហើយ ដោយគ្រោងដាក់​ឱ្យហោះហើរ​សាកល្បង​​នៅខែមិថុនាខាងមុខ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅខែតុលា ឆ្នាំ​២០២៣។ នេះបើតាម​ការបញ្ជាក់​របស់​លោក Liu Minglin អគ្គនាយក និងជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Yunnan Investment group ទៅកាន់សម្តេច​តេជោ ហ៊ុន សែន ក្នុងជំនួប​ពិភាក្សា​កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២៣ នៅ​វិមានសន្តិភាព។

លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E អាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរបឺសA៣២០ ចុះចតបាន ដោយ​មានផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨មុឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

សូម​ជម្រាប​ថា អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី