ប្រទេសគេគ្រប់គ្នា​លើកលែងពន្ធនាំចូលឡានអគ្គិសនី ខុសអីតែប្រទេសធំមួយនេះ​បែរ​ជាដំឡើងពន្ធ

  • 2023-03-22 02:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ប្រទេស​ជាច្រើន​ហើយ បាន​លើកទឹកចិត្តឱ្យប្រើប្រាស់​រថយន្តអគ្គិសនី តាមរយៈការលើកលែងពន្ធ​នាំចូល ឬយកពន្ធតិចជាដើម ដោយឡែក​ប្រទេស​ឥណ្ឌា​ បែរ​ជាដំឡើង​ពន្ធនាំចូល​រថយន្ត​អគ្គិសនីទៅវិញ។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣តទៅ ឥណ្ឌា​នឹង​កំណត់ការដំឡើងពន្ធថ្មី ​ទៅលើ​ការនាំចូលម៉ូតូ រថយន្តសាំង និង​រថយន្តអគ្គិសនី។ ក្នុង​នោះ ម៉ូតូ ឬរថយន្ត​ដែលមាន​តម្លៃតិចជាង ៤ម៉ឺនដុល្លារ នឹង​ត្រូវដំឡើងពន្ធដល់ ៧០% ពោលគឺកើនឡើង ១០% ពីអត្រាពន្ធចាស់។ ចំណែក​គ្រឿង​បន្លាស់​ និងគ្រឿងបង្គុំ ដែលនាំចូល ក៏ត្រូវដំឡើង​ពន្ធ ៥% ទៀត ស្មើនឹង ៣៥%។

រដ្ឋាភិបាល​ឥណ្ឌា បញ្ជាក់ថា ការដំឡើងពន្ធគយ​ខាងលើនេះ គឺដើម្បីជំរុញ​ការផលិត​យានយន្ត​ក្នុងប្រទេស កាត់បន្ថយការនាំចូល។ ម្យ៉ាងវិញទៀត ការដំឡើងថ្លៃពន្ធនេះ ក៏ដើម្បីបង្កើន​ថវិកាជាតិផងដែរ។

គួរ​រំលឹកដែរថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Tesla ក៏បានផ្អាក​ផែនការ​នាំរថយន្តអគ្គិសនីខ្លួនចូល​ទីផ្សារ​ផងដែរ​ ដោយ​សារតែពន្ធគយខ្ពស់។ ជារួម​បច្ចុប្បន្ន​នេះ ចំណែក​ទីផ្សារ​រថយន្តអគ្គិសនី​នៅក្នុងប្រទេស​ឥណ្ឌា គឺមានចំនួន​តិចតួចណាស់ ពោលគឺ​ប្រហែល ១% ប៉ុណ្ណោះ នៃការលក់​រថយន្តសរុប​ក្នុងឆ្នាំ​២០២២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី