ទៅលេងតាកែវត្រឹម ​១ថ្ងៃ​ចំណេញ ៤កន្លែង គឺប្រាសាទភ្នំដា ភ្នំជីសូរ ភ្នំតាម៉ៅ និងទន្លេបាទី ព្រោះនៅផ្លូវជាមួយគ្នា

  • 2023-03-23 06:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នក​ដែលមិនទាន់​មានគម្រោង​ទៅកម្សាន្តនៅកន្លែងណា ឬគ្រាន់តែចង់​ធ្វើដំណើរជិតៗត្រឹម១ថ្ងៃទៅព្រឹកវិលល្ងាចនោះ Sabay សូម​បង្ហាញ​រមណីយដ្ឋាន​ ៤កន្លែងនៅខេត្តតាកែវ ដែល​លោកអ្នក​អាច​គិតគូរបាន រួមមាន ប្រាសាទភ្នំដា ភ្នំជីសូរ ភ្នំតាម៉ៅ និងទន្លេបាទី ព្រោះ​ទីតាំង​ទាំង៤នេះ ស្ថិតនៅមិនឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះទេ និង​ស្ថិតនៅតាមផ្លូវជាតិជាមួយគ្នាទៀតផង គ្រាន់តែច្រកចូលរាងឆ្ងាយបន្តិច។

ក្នុងចំណោម​រមណីយដ្ឋាន​ទាំង៤កន្លែង ចូលមួយណាមុនក៏បាន តែយើងសូម​ផ្តល់យោបល់​ថា គួរទៅប្រាសាទភ្នំដាមុន។ សម្រាប់​អ្នកនៅ​រាជធានីភ្នំពេញ អាច​ធ្វើ​ដំណើរ​តាមផ្លូវជាតិលេខ២១។ បើគិតពីរង្វង់មូលតាខ្មៅ គឺធ្វើដំណើរចម្ងាយប្រហែល ៣៩គីឡូម៉ែត្រ នឹងដល់ចំណុច​ដែលមានផ្លូវបត់ស្តាំ ហើយបត់ចូលតាមផ្លូវនេះ ប្រមាណ ១៣គីឡូម៉ែត្រទៀត នឹងទៅដល់ម្តុំផ្សារព្រៃល្វា។ នៅកន្លែងនេះ មានផ្លូវបត់ឆ្វេង ហៅថា ផ្លូវអង្គរបុរី ធ្វើដំណើរចម្ងាយប្រហែល ២៤គីឡូម៉ែត្រ​ នឹង​ទៅដល់ប្រាសាទភ្នំដា។

បន្ទាប់មក លោកអ្នកអាច​ត្រឡប់មកកាន់​ផ្លូវបំបែក​ម្តុំផ្សារព្រៃល្វាវិញ ប៉ុន្តែមិនមែនបកក្រោយទៅផ្លូវជាតិលេខ២១វិញនោះទេ ពោលគឺ​បន្តឆ្ពោះទៅមុខទៀតសំដៅទៅផ្លូវជាតិលេខ២។ ពេល​ធ្វើ​ដំណើរចេញពីផ្លូវបំបែកនេះ តែ១៤គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ នឹង​ទៅដល់​ភ្នំជីសូរ ដែល​លោកអ្នកអាច​ឡើង​ទៅលេងប្រាសាទភ្នំជីសូរនេះបាន។

ចេញ​ពីភ្នំជីសូរ សំដៅ​ទៅផ្លូវជាតិលេខ២តែម្តង។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវនេះ ចូលមករាជធានីភ្នំពេញ​វិញបាន។ ប៉ុន្តែនៅតាមបណ្តោយផ្លូវជាតិ២ត្រឡប់មកវិញនេះ គឺមាន​រមណីយដ្ឋាន​ដ៏ល្បីល្បាញ២កន្លែង​ស្ថិតនៅជិតគ្នា គឺ​សួនសត្វភ្នំតាម៉ៅ និងទន្លេបាទី។ លោកអ្នក​អាច​ចូលលេងនៅភ្នំតាម៉ៅសិន ហើយ​ចេញ​មកវិញ​ចូលលេង​ទន្លេបាទី អង្គុយសម្រាកលំហែអារម្មណ៍ ទទួលទានអាហារ និងហែលទឹកលេងរហូតដល់ល្ងាច​ សឹម​ចេញមកផ្ទះវិញ៕

អត្ថបទ៖ សំភី