ដើរលេងថតរូបតាមទូរសព្ទយ៉ាងម៉េចឱ្យបានស្អាត?
- 2023-03-29 07:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងថតរូបតាមទូរសព្ទយ៉ាងម៉េចឱ្យបានស្អាត?
ចន្លោះមិនឃើញ
ពេលធ្វើដំណើរកម្សាន្តទៅទីណាក៏ដោយ គឺមិនអាចកាត់ផ្តាច់ចេញបានឡើយនូវការថតរូបលេងកម្សាន្តច្រើនបែបគ្រប់ស្ទាយ៍ទាំងអស់ក្នុងសម័យដែលមានការប្រើប្រាស់បណ្តាញសង្គមនេះ។
គ្រប់ស្មាតហ្វូនទាំងអស់ គឺសុទ្ធតែមានកាមេរ៉ាមកជាមួយ ងាយស្រួលថតរូបបំផុត។ ប៉ុន្តែរូបដែលបានថតចេញមក មិនប្រាកដថាស្អាតទទួលយកបាននោះទេ។ ដូច្នេះ Sabay សូមបង្ហាញតិចនិកមួយចំនួនក្នុងការថតរូបតាមទូរសព្ទឱ្យបានស្អាតដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម ដូចខាងក្រោមនេះ៖
ពេលវេលា៖ បើអាច គួរថតពេលព្រឹក ឬពេលល្ងាច (ថ្ងៃរះ ឬថ្ងៃលិច) ព្រោះជាពេលដែលមានពន្លឺស្រទន់ អំណោយផលដល់ការថតរូប។ បើថតពេលមានថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យចាំងចែងខ្លាំង នឹងធ្វើឱ្យរូបថត ឬរូបភាពឆេះ ហើយបើថតមនុស្ស គឺរូបមនុស្សនោះនឹងខ្មៅ។
អាកាសធាតុ៖ អ្នកអាចប្រើប្រាស់ឱកាសធម្មជាតិនេះដែលមានដូចជា ភ្លៀង រលឹមស្រិចៗ ធ្លាក់ខ្យល់ មានពពកខ្មៅ ឬមេឃស្រទុំជាដើម ក្នុងការបង្កើតគំនិតច្នៃប្រឌិតនៃការថតរូបបន្ថែមទៀត។
ទីតាំង៖ ត្រូវគិតពីគោលដៅរមណីយដ្ឋានដែលលោកអ្នកនឹងទៅ ថាតើជាប្រភេទឆ្នេរសមុទ្រ ទឹកជ្រោះ ភ្នំ សួនទឹក ឬសួនសត្វជាដើម ហើយពេលទៅដល់ទីតាំងនោះ គួរព្យាយាមរក Background សម្រាប់ថតរូប (Background ដែលមិនសូវមានគេថត) ជាពិសេស គឺព្យាយាមកុំឱ្យថតជាប់មនុស្សច្រើន។ បើសិនជាអាច អាចស្វែងរកបន្ថែមនូវរបៀបថតរូបតាមប្រភេទរមណីយដ្ឋាននីមួយៗនៅលើបណ្តាញអ៊ីនធើណែត។
របៀបប្រើកាមេរ៉ាទូរសព្ទ៖ ការថតរូបជាទូទៅ គឺបញ្ឈរ និងផ្តេក អាស្រ័យលើអ្នកផ្ទាល់ថាចូលចិត្តមួយណា មិនថាជា Portrait ឬ Landscape នោះទេ។ បើអ្នកជា Professional អាចជ្រើសរើស Manual Mode ប៉ុន្តែសម្រាប់ទូទៅ គឺគ្រាន់តែថតអូតូធម្មតាទៅបានហើយ គ្រាន់តែបន្ថែម HDR Mode និងអនុវត្តរូបមន្ត Rule of Thirds ជាដើម ដើម្បីជាជំនួយ។
មុនចុចថត ត្រូវគិតពី Story Telling៖ ដើម្បីឱ្យរូបថត ឬរូបភាពរបស់អ្នកកាន់តែមានខ្លឹមសារ ពោលគឺមុនចុចថត គួរគិតជាមុនសិនថា តើអ្នកចង់បង្ហាញអ្វីដល់អ្នកដទៃនូវរូបរបស់អ្នក។
ថតប្លង់ដដែល គ្រាន់តែឆ្លាស់ទីតាំង៖ ស្រឡាញ់ទេសភាព ឬ Background មួយហ្នឹង តែពេលថតចេញមកមិនសូវស្អាត ឬមិនសូវពេញចិត្ត។ អ៊ីចឹងអ្នកអាចឆ្លាស់ទីតាំងឆ្វេងស្តាំលើក្រោម សារ៉េតិចៗ ហើយប្រៀបធៀបគ្នាមើល។
ប្រើ App ជំនួយ៖ ប្រសិនបើអ្នកនៅស្ទើរចិត្តចំពោះរូបរបស់អ្នក ដូចជា ស្ទើពន្លឺ ឬស្ទើពណ៌ជាដើមនោះ អ្នកអាចដោនឡូត App សម្រាប់ Edit បន្ថែមតាមចិត្តចង់បាន៕