រុស្ស៊ីបញ្ជាឲ្យ​យោធា​របស់​ខ្លួន​ ចល័ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅ​ទូទាំង​តំបន់​ស៊ី​បេរី សម្ញែង​ពី​សមត្ថភាព​នុយក្លេអ៊ែ​រ​ដ៏​ធំ​

  • 2023-03-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រុស្ស៊ី​នឹងមិន​ផ្តល់​ការជូនដំណឹង​ជា​មុន​ដល់​សហរដ្ឋ​អាម៉េរិក​អំពី​ការ​សាក​​ល្បង​មី​ស៊ី​ល​របស់​ខ្លួន​ខណៈ​យោធា​របស់​ខ្លួន​បាន​ចល័ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅ​ទូទាំង​តំបន់​ស៊ីបេ​រី​ក្នុង​ការសម្ញែង​ពី​សមត្ថភាព​នុយក្លេអ៊ែ​រ​ដ៏​ធំ​របស់​ប្រទេស​នេះ ចំ​ពេល​មាន​ការប្រយុទ្ធ​គ្នា​នៅ​អ៊ុ​យក្រែន​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​លោក សឺ​ហ្គេ រី​យ៉ាប​កូវ (Sergei Ryabkov) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បញ្ឈប់​រាល់​ការផ្លាស់​ប្តូរ​ព័ត៌មាន​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​ក្រោម​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ដែល​នៅសល់​ចុង​ក្រោយ​ជា​មួយ​សហរដ្ឋ​អាម៉េរិក បន្ទាប់​ពី​រុស្ស៊ី​បាន​ផ្អាក​ការចូលរួម​របស់​ខ្លួន​នៅក្នុង​សន្ធិសញ្ញា​នេះ​កាលពី​ខែ​មុន​។​

​ការបញ្ចប់​ការផ្លាស់ប្តូរ​ព័ត៌មាន​នៅ​ក្រោម​សន្ធិសញ្ញា​នេះ​គឺ​ជា​ការប៉ុនប៉ង​មួយទៀត​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​បំបាក់ទឹកចិត្ត​លោកខាងលិច​កុំឱ្យ​បង្កើន​ការគាំទ្រ​របស់​ខ្លួន​សម្រាប់​អ៊ុយ​ក្រែន​ដោយ​ចង្អុល​ទៅ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​រុស្ស៊ី​។ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ទៅកាន់​ទឹកដី​នៃ​សម្ពន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គឺ​​បេឡា​រូស​។​

​លោកពូ​ទីន​បាន​ផ្អាក​សន្ធិសញ្ញា New START​កាលពី​ខែ​មុន ដោយ​និយាយថា រុស្ស៊ី​មិន​អាច​ទទួលយក​ការត្រួតពិនិត្យ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ក្រោម​កិច្ច​ព្រមព្រៀង​នោះទេ នៅ​គ្រា​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​គឺ​ណា​តូ​បាន​ប្រកាស​ដោយ​បើកចំហ​ថា​បរាជ័យ​របស់​មូ​ស្គូ​នៅ​អ៊ុយ​ក្រែន​គឺ​ជា​គោលដៅ​របស់​ពួកគេ​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​សង្កត់ធ្ងន់ថា ខ្លួន​មិន​ដកចេញ​ពី​សន្ធិសញ្ញា​នេះ​ទាំងស្រុង​ទេ ហើយ​នឹង​បន្ត​គោរព​នូវ​លក្ខខណ្ឌ​ស្តីពី​អាវុធ​នុយក្លេអ៊ែរ ដែល​សន្ធិសញ្ញា​នេះ​បានកំណត់​៕

ប្រភព៖ Dailymail