សូមត្រៀមទុកឱ្យហើយ! ទេពធីតាឆ្នាំថ្មី ព្រះនាងកិមិរាទេវី សោយ «ចេកណាំវ៉ា» សៀតផ្កាចង្គុលណី ប្រែថាផ្កាឈូក ឬ លំចង់

  • 2023-04-04 09:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្ក្រាន្តឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចុល្លសករាជ១៣៨៥ នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅមេសរាសី តាមគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី គង់ឯចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត ឬពណ៌ស ។ ព្រះកាណ៌ទ្រង់សៀតផ្កាចង្កុលណី មានន័យថាជាអម្បូរផ្កាឈូក-លំចង់ ជាដើម ។ អាភរណៈទ្រង់បុស្សរាគ័ម (ត្បូងពណ៌លឿង) ព្រះហស្ថស្តាំទ្រង់ព្រះខ័ន(ដាវមុខ២) ព្រះហស្ថឆ្វេងទ្រង់ពិណ(ចាប៉ី) ភក្សាហារចេកទឹក (ឬ ចេកណាំវ៉ា) គង់ពាក់ឆៀងលើខ្នងមហិង្ស(ឬសត្វក្របី) ជាពាហនៈ។

ទើបនាំអស់ពួកនិករទាំងមួយសែនកោដិ ហោះឆ្ពោះទៅកាន់គុហាកែវឈ្មោះគន្ធមាលី ឯទីភ្នំកៃលាស ខេត្តហេមពាន្ត ដែលជាទីប្រតិស្ថានទុកព្រះសិរសានៃអង្គកបិលមហាព្រហ្មព្រះវរបិតា តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ។រួចស្រេចស្តេចប្រជុំអស់ទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។

  • ថ្ងៃសុក្រ ៩រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០នាទីរសៀល ជាថ្ងៃមហាសង្ក្រាន្ត

  • ថ្ងៃសៅរ៍ ១០ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃវារៈកណ្តាល

  • ថ្ងៃអាទិត្យ ១១រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះ បញ្ចស័ក ចុល្លសករាជ ១៣៨៥ តរៀងទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ ចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្ត ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យ បានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕

ប្រភព៖ សៀវភៅមហាសង្ក្រាន្ត ដោយឯកឧត្តម អ៊ឹម បុរិន្ទ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន