អស់បារម្ភរឿងសន្តិសុខ! កម្ពុជានឹងប្រើកងកម្លាំងសមត្ថកិច្ច ​ជាង៥ពាន់នាក់ និងមន្ត្រីសុខាភិបាលជាង ៣ពាន់នាក់ត្រៀមសម្រាប់ស៊ីហ្គេម

  • 2023-04-06 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀបចំកម្លាំងសរុប មធ្យោបាយសរុប បានកសាងផែនការប្រកបដោយភាពហ្មត់ចត់ និងលម្អិតគួរជាទីកក់ក្តៅ ក្នុងការត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

នេះជាការលើកបង្ហាញនូវវឌ្ឍនភាពការងារគ្រប់ទម្រង់ ត្រៀមទាំងអស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

វឌ្ឍនភាពការងារ ត្រៀមគ្រប់ជ្រុងជ្រោយ ដែលលើកបង្ហាញដោយឯកឧត្តមបណ្ឌិត ថោង ខុន មានចំណុចសំខាន់ៗរួមមាន ការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការសង្គ្រោះព្យាបាល ការរៀបចំកម្លាំងសរុបមធ្យោបាយសរុប បានកសាងផែនការប្រកបដោយភាពហ្មត់ចត់ និងលម្អិតគួរជាទីកក់ក្តៅ ក្នុងនោះមានកងកម្លាំងសមត្ថកិច្ច សរុបជាង៥០០០នាក់ និងមន្ត្រីសុខាភិបាល ប្រមាណ ៣០០០នាក់។ ពិធីបើក-បិទ បាននឹងកំពុងធ្វើការហ្វឹកហាត់សម្តែងយ៉ាងសកម្ម ដែលមានសិល្បករ-សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមាណ១០០០នាក់ កីឡាករ កីឡាការិនី និងកងទ័ព ចំនួនប្រមាណ ២០០០នាក់ សរុបប្រមាណ ៣០០០នាក់ ដើម្បីសម្តែងទស្សនីយភាពដ៏អស្ចារ្យ។

ចំពោះអ្នកស្ម័គ្រចិត្ត គឺជាប្រព័ន្ធសរសៃឈាម (DNA) របស់ព្រឹត្តិការណ៍ ដែលជាកម្លាំងការងារដ៏សំខាន់ក្នុងដំណើរការអនុវត្តការងារ ដែលត្រូវបានជ្រើសរើស និងបំពាក់បំប៉នរួចរាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រមាណ ៥០០០នាក់ សម្រាប់ SEA Games និង ២០០០នាក់ សម្រាប់ ASEAN Para Games។

ចំណែកការរៀបចំទីលានប្រកួត រួមទាំងការបំពាក់ឧបករណ៍សម្ភារបរិក្ខា និងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមបទដ្ឋានបច្ចេកទេសកីឡា បាននិងកំពុងរៀបចំ និងជំរុញយ៉ាងសកម្មផងដែរ។ ចំពោះការតុបតែងលម្អតាមគោលដៅ និងតាមទីតាំងប្រកួត រដ្ឋបាលរាជធានី-ខេត្ត និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កំពុងសហការគ្នាជំរុញបន្តយ៉ាងសកម្ម៕

ប្រភព៖ CAMSOC

អត្ថបទពេញនិយម