ឱ្យតែមាន​បុណ្យទាន​ធំៗ​ នៅផ្លូវបំបែក​ផ្សារ​ត្រពាំងអណ្តើក​ដឹងតែស្ទះ​ខ្លាំង ព្រោះផ្លូវចូលនោះ មាន​រមណីយដ្ឋាន​ល្បីៗ​ដល់ទៅ៣កន្លែងឯណោះ

  • 2023-04-11 07:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ពេល​មានបុណ្យទានធំៗ​ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក​ជាដើម ​ភ្ញៀវទេសចរក្នុងស្រុក​ បាន​សម្រុកទៅ​តំបន់ទេសចរណ៍​នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលចូលតាមច្រក​ផ្សារត្រពាំងអណ្តើក ព្រោះថា​នៅទីនោះ​គឺ​មានរមណីយដ្ឋាន​ល្បីៗ​ចំនួន​ ៣កន្លែង​ឯណោះ ដែល​ស្ថិតនៅក្បែរគ្នា នោះគឺ​ វត្ត​ពុទ្ធគិរី​កម្ពុជា រមណីយដ្ឋាន​ត្រីមាស និង​រមណីយដ្ឋាន​កំពូលពេជ្រ ឬអន្លង់ភ្ញៀវ។

នៅ​ចំណុចផ្សារ​ត្រពាំងអណ្តើក​នេះ គឺ​ជាផ្លូវប្រសព្វ​ដែល​មួយ​មកពីផ្លូវជាតិលេខ៤១ ចេញពីថ្នល់ទទឹង សំដៅ​ត្រង់​ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និង​មួយ​ទៀតគី​ចេញមកពីផ្លូវបំបែក​ផ្សារអង្គតាសោម ឆ្ពោះត្រង់​ទៅរមណីយដ្ឋាន​ទាំង៣នេះ។

ធ្វើដំណើរ​ចេញពី​ផ្សារត្រពាំងអណ្តើក ប្រហែលជិត១០គីឡូម៉ែត្រ គឺ​នឹង​ទៅដល់​ច្រកចូលវត្តពុទ្ធគិរីមុន ហើយទៅហួសនេះថែម ៩​គីឡូម៉ែត្រ​ទៀត​នឹង​ទៅដល់ច្រកចូលរមណីយដ្ឋាន​ត្រីមាស និងហួស​ថែម ៣គីឡូម៉ែត្រទៀត​នឹង​ទៅដល់​ច្រកចូល​អន្លង់ភ្ញៀវ។

ដូច្នេះ ថ្វីបើ​វាស្ទះ​ចរាចរណ៍ខ្លាំង​នៅផ្លូវបំបែក​ផ្សារត្រពាំងអណ្តើកនេះក៏ពិតមែន តែ​ក៏អាច​ចំណេញផងដែរ ព្រោះចូលតែច្រកផ្លូវនេះមួយ គឺ​អាច​ចូលលេងរមណីយដ្ឋាន​បានទៅដល់ ៣កន្លែងឯណោះ៕

អត្ថបទ៖ សំភី