តាមឯកឧត្តម ស៊ុន ចាន់ថុល រថយន្តជាង ១៥៣ពាន់គ្រឿង ប្រឈមនឹងការផាកពិន័យជាប្រាក់គិតតាមចំនួនថ្ងៃ
- 2023-04-21 04:56:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមឯកឧត្តម ស៊ុន ចាន់ថុល រថយន្តជាង ១៥៣ពាន់គ្រឿង ប្រឈមនឹងការផាកពិន័យជាប្រាក់គិតតាមចំនួនថ្ងៃ
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងបើកសម្ពោធទីតាំងឈៀករថយន្តថ្មីនៅតាមបណ្ដោយផ្លូវហាណូយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ មានរថយន្តប្រមាណជា ១៥៣ពាន់គ្រឿងដែលឈៀកផុតសុពលភាព ហើយមិនទាន់មកទទួលយកសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តជាថ្មី។
តាមរបាយការណ៍ និន្នាការប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជាមានហក់ឡើងរៀងរាល់ឆ្នាំ ដោយគិតត្រឹមត្រីមាសទី២ឆ្នាំ ២០២៣នេះ កម្ពុជាមានរថយន្តសរុបចំនួន ជាង ១លានគ្រឿង ដែលកំពុងចរាចរណ៍លើដងផ្លូវ។ ក្នុងចំណោមនេះ មានរថយន្តជាង ១៥៣ ពាន់គ្រឿង ដែលឈៀកផុតសុពលភាព និងតម្រូវឲ្យយកមកធ្វើការត្រួតពិនិត្យបច្ចេកទេសជាថ្មី។
ស្ថានភាពនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវឲ្យម្ចាស់រថយន្តទាំងនោះ ប្រញាប់យករថយន្តមកឆៀកឲ្យបានទាន់ពេលវេលា។ ឯកឧត្តម បញ្ជាក់ថា ករណីយឺតយ៉ាវក្នុងយករថយន្តមកឈៀក ហើយសមត្ថកិច្ចជំនាញ រកឃើញ ម្ចាស់យានយន្តប្រឈមនឹងការផាកពិន័យជាប្រាក់គិតតាមចំនួនថ្ងៃដែលល្មើស។
ឯកឧត្តម ថ្លែងថា "បើមិនយកមកឈៀកទេ ក៏នឹងមានការផាកពិន័យដែរណា គឺ ៥០០រៀល ក្នុង១ថ្ងៃ អាហ្នឹងសូមជម្រាប ឡានធំ ២០០០រៀលក្នុង១ថ្ងៃ។ អីចឹងសូមប្រញាប់យកមកឈៀកឲ្យបានទាន់ពេលវេលា និងបានត្រឹមត្រូវ"។
ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬឆៀក តម្រូវឲ្យធ្វើ ២ឆ្នាំម្ដង សម្រាប់រថយន្តមួយទឹក ដោយឡែករថយន្តថ្មី ៤ឆ្នាំម្ដង ដើម្បីបង្ការពីហានិភ័យចំពោះការបើកបរ ក្នុងនោះត្បិតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ បញ្ហាមកពីកត្តាយានយន្តរួមចំណែកតែ ២% ប៉ុន្តែឯកឧត្តម នៅតែអំពាវនាវឲ្យម្ចាស់យានយន្តយករថយន្តមកឈៀក ដើម្បីបង្ការការហក់ឡើងភាគរយនៃកត្តាយានយន្តក្នុងករណីចរាចរណ៍ ខណៈដែលកត្តាមនុស្ស កំពុងតែស្ថិតក្នុងតួលេខខ្ពស់ស្រាប់ហើយនោះ។
សម្រួលដល់កិច្ចការនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ថា ក្រសួងសាធារណការ បានសហការជាមួយដៃគូឯកជនជាច្រើន ពង្រីកទីតាំងឆៀកបន្តបន្ទាប់ទាំងក្នុងរាជធានី និងខេត្ត ដើម្បីឲ្យមានភាពងាយស្រួលដល់ម្ចាស់រថយន្តទាំងឡាយ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន CMVIC ក្រសួង បានសម្ពោធដាក់ឲ្យដំណើរការសាខាឆៀកយានយន្តថ្មីទៀត ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយជិតក្លោងទ្វារចូលវត្តសំរោងអណ្ដែត។
តាមលោកស្រី ឌុយ ឌីរ៉ាប៊ី តំណាងលោកជំទាវ អ្នកឧកញ៉ា ស៊ួន គឹមស្រ៊ុន អគ្គនាយិកាក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្ពេកសិន(CMVIC) ដែលជាដៃគូធំមួយបានឲ្យដឹងថា CMVIC បានបម្រើការឆៀកយានយន្តតាំងពីឆ្នាំ ២០០០ មក ដែលគិតមកត្រឹមពេលនេះ ក្រុមហ៊ុនមានមណ្ឌលឆៀកយានយន្តចំនួន ១៩ទីតាំង ក្នុងនោះ ៦មណ្ឌលនៅភ្នំពេញ និង១៣ ទៀតនៅតាមខេត្តផ្សេងៗ។
សម្រាប់ទីតាំងទី ១៩ របស់ក្រុមហ៊ុនដែលបើកសម្ពោធព្រឹកមិញនេះ បានចាប់ផ្ដើមសាងសង់នៅដើមខែមករា ២០២៣ លើទំហំដីជិត ៦ពាន់ម៉ែត្រការ៉េ។ មណ្ឌលថ្មីនេះរួមមានអគារឆៀក អគាររដ្ឋបាល រួមគ្នាតែមួយ និងមានបំពាក់ឧបករណ៍ឆៀក ២ខ្សែ ស៊េរីឆ្នាំ ២០២២ សម្រាប់ឆៀករថយន្តគ្រប់ប្រភេទទាំងអស់។
គិតត្រឹមពេលនេះ កម្ពុជាមានមជ្ឈមណ្ឌលឆៀករថយន្តសរុបចំនួន ២៣ទីតាំង ជាមួយដៃគូចំនួន៥ ក្នុងនោះ CMVIC មាន ១៩ទីតាំងបូកទាំងទីតាំងថ្មីសម្ពោធថ្ងៃនេះ ក្រុមហ៊ុន HK Car Inspection ចំនួន ១ទីតាំង ក្រុមហ៊ុន Future Automobile Inspection(FAI) ១ទីតាំង ក្រុមហ៊ុន Auto Check Expert ១ទីតាំង ក្រុមហ៊ុន So Brother Co.,Ltd មាន១ទីតាំងដែរ៕