សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង៖​ បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ក្រោយ​រៀបចំ​រយៈពេល​២ថ្ងៃ​

  • 2023-04-24 15:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ របស់​ខ្លួន​ហើយ​ក្រោយ​ចំណាយ​ពេល​ ២ថ្ងៃ​ក្នុង​ការ​រៀបចំ​នៅ ​បញ្ជា​ការដ្ឋាន​ទ័ពពិសេស​ឆ័ត្រ​យោង​ ៩១១ កំបូល។​

រូបភាពផ្ដល់ជូន

ឯកឧត្តម មៀច សុផាន់ណា ប្រធាន​សហព័ន្ធ​បាន​សំដែង​នូវ​ការ​អបអរ​ចំពោះ​លទ្ធផល​ ទទួល​បាន​ដែល​ទាំង​អស់​នេះ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​របស់​កីឡាករ​-កីឡាការនី។​

ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​លើក​ឡើង​ថា​ បាញ់​កាំភ្លើង​ជា​កីឡា​មួយ​ប្រភេទ​ខុស​ពី​កីឡា​ផ្សេងៗ​ ដែល​ទាមទារ​ឲ្យ​អ្នក​ហ្វឹកហាត់​មាន​វិន័យ ​និង​សីលធម៌​ខ្ពស់​ដោយសារ​យើង​ត្រូវ​ប្រើប្រាស់​អាវុធ។​អាវុធ​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​មុខ​ព្រួញ​បើ​ប្រើ​ត្រូវ​មាន​ផលប្រយោជន៍​តែ​បើ​ប្រើ​ខុស​ វា​នឹង​បង្ក​នូវ​ផល​លំបាក។​

រូបភាពផ្ដល់ជូន

ដូច​នេះ​ហើយ​បាន​ជា​ត្រូវ​ការ​ ការ​ប្រើប្រាស់​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​ ត្រូវ​យល់​ដឹង​ពី​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់។​ ឯកឧត្ដម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​និយម​ ចូលចិត្ត​កីឡា​បាញ់​កាំភ្លើង​សូម​ចូលរួម​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​សហព័ន្ធ​ឲ្យ​បាន​ច្រើន​ដើម្បី​មាន​ឱកាស​បាន​ចូលរួម​ក្នុង​ ការ​បាញ់​កាំភ្លើង​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជៀសវាង​ការ​ប្រើប្រាស់​កាំភ្លើង​ នៅ​ទីសាធារណៈ​ខុស​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គម។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២២-២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ នៅ​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​ឆ័ត្រ​យោង​ ៩១១ កំបូល។​ ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​