ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជន ធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន
- 2023-05-12 07:43:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជន ធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន
ចន្លោះមិនឃើញ
តាមផែនការនៃក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក អាចធ្វើទៅបាន គឺចាំបាច់ត្រូវរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទឹកចិត្តវិស័យឯកជនទាំងអស់ ទទួលយក និងធ្វើបរិវត្តឌីជីថលនៅក្នុងធុរកិច្ចរបស់ខ្លួន ដើម្បីធានាបានការប្រកួតប្រជែងអាជីវកម្ម និងជួយរុញសម្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផង។
ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងឱកាសធ្វើជាអធិបតីបើកសម្ពោធក្រុមហ៊ុន BYTE DC Solutions ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលរក្សាទិន្នន័យដ៏ធំក្រោមការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។នាឱកាសនោះ ឯកឧត្តម ហ៊ុន មា៉ណែត លើកឡើងថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញក៏ដូចគ្នាដែរ គឺអាចបន្តកិច្ចការងាររបស់ខ្លួនបាន តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវផលប៉ះពាល់បង្កឡើងដោយបញ្ហាជំងឺកូវីដ-១៩។
ឯកឧត្តម បន្តថា នៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។
បន្តទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង។
ឯកឧត្តម បញ្ជាក់ថា ជាមួយគ្នា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលថែមទៀត សម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល។
ថ្លែងអំពី BYTE DC Solutions គឺជាក្រុមហ៊ុនរក្សាទិន្នន័យដ៏ធំក្រោមការវិនិយោគរបស់ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនទី១នៅកម្ពុជាទទួលវិញ្ញាបនបត្រ Uptime Design Tier III។ ក្រុមហ៊ុននេះ បានប្ដេជ្ញាចិត្តជួយដោះស្រាយបញ្ហាលើសុវត្ថិភាពនៃការរក្សាទុកទិន្នន័យសំខាន់ៗរបស់ ស្ថាប័ន និងដៃគូពាណិជ្ជកម្មនានាក្នុងប្រទេសកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ សេវាកម្មសម្បូរបែប មានសុវត្ថិភាព និងមានភាពបត់បែនច្រើន។
តបទៅនឹងការលើកឡើងពីបេសកកម្មរបស់ BYTEDC Solutions នៅកម្ពុជានាពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះការមកដល់របស់ក្រុមហ៊ុន ផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមថ្លែងថា ការមកដល់របស់ BYTE DC ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តិកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច៕