៥ចំណុចពីអ្នកមានបទពិសោធន៍ថតរូប ធ្វើម៉េចថតរូបលើទូរសព្ទបានស្អាត?
- 2023-05-24 03:20:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចពីអ្នកមានបទពិសោធន៍ថតរូប ធ្វើម៉េចថតរូបលើទូរសព្ទបានស្អាត?
ចន្លោះមិនឃើញ
ដើម្បីថតរូបលើស្មាតហ្វូនបានស្អាត ថ្ងៃនេះយើងនឹងសម្ភាសអ្នកជំនាញមួយរូប ដែលគាត់មានបទពិសោធន៍លើផ្នែកនេះ តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ អ្នកកាន់កាមេរ៉ាវ័យក្មេងរូបនេះមានឈ្មោះថា ធា សុធន ដោយគាត់នឹងមកចែករំលែក បច្ចេកទេសសំខាន់ៗ បទពិសោធន៍ល្អៗ និងការអនុវត្តចាំបាច់មួយចំនួន ដើម្បីធ្វើយ៉ាងណា ឱ្យការថតរូបលើស្មាតហ្វូនរបស់អ្នកទាំងអស់គ្នាថតបានស្អាតនិងបានល្អ?
**ទី១. ការប្រើប្រាស់លែនកាមេរ៉ា** បច្ចុប្បន្នទូរសព្ទមានលែនកាមេរ៉ាច្រើន ដូចជា លែនដើម Ultrawide និងលែន telephoto ជាដើម។ ឧទារហណ៍ពីការថតរូបទេសភាពមួយ ប្រហែលមនុស្សជាច្រើនយល់ថាប្រើលែន ultrawide ថតទេសភាពបានស្អាត ប៉ុន្ដែមិនដូចច្នោះទេ។
ត្រង់ចំណុចនេះ យុវជន សុធន បានចែករំលែកបទពិសោធន៍ថា ខ្លួនចូលចិត្តប្រើលែន telephoto ជាង ព្រោះរូបថតចេញមក ដូចអ្វីដែលភ្នែកយើងមើលឃើញ មិនដូចប្រើលែន ultrawide ថតចេញមក ឃើញទេសភាពតូចៗ។ ប៉ុន្ដែបើថតទេសភាពបែបចង្អៀតវិញ ការប្រើលែន ultrawide ជាជម្រើសល្អជាង។
ការប្រើប្រាស់លែននេះផងដែរ គាត់បានបន្ថែមថា យើងត្រូវចេះសាកប្ដូរលែនកាមេរ៉ា ឧទាហរណ៍សាកថតដោយប្រើលែនដើម ឬលែនផ្សេង ថាតើមួយណាមើលទៅឃើញស្អាតជាង សក្ដិសមជាមួយទិដ្ឋភាពនោះជាង។
ទី២. ត្រូវចេះរំកិលខ្លួនប្ដូរប្លង់ យុវជនសម្បុរស្រអែមរូបនេះបានលើកឡើងថា ជួនកាលខុសគ្នាតែពីរបីជំហានប៉ុណ្ណោះ ធ្វើឱ្យប្លង់មួយថតមើលទៅអត់ស្អាត តែរំកិលខ្លួនទៅស្ដាំ ឬងាកកាមេរ៉ាចុះក្រោមឬឡើងលើបន្តិច អាចរូបមើលទៅស្អាតជាង។
ទី៣. យល់ដឹងពី Rule of Thirds ដែលជាប្រឡោះចំនួន៩ លើផ្ទៃអេក្រង់ពេលថតរូប វាមានបណ្ដោយ៣ និងបញ្ឈរ៣។ តិចនិកមួយនេះ បើយើងថតឱ្យចំកណ្ដាលតែម្ដងមើលទៅដូចអត់សូវមានជាតិ តែបើបែរចេញបន្តិច ឱ្យវត្ថុដែលថត (object) នៅចំប្រឡោះណាមួយ ក្នុងមួយភាគបី (១/៣) មើលទៅសមជាង។ ប្រឡោះដែលយើងចង់សំដៅនេះ គឺវាមានទីតាំងនៅបន្ទះប៉ះកែងក្នុងប្រឡោះនីមួយៗនេះឯង។
ប៉ុន្ដែយ៉ាងណា ការថតមិនតម្រូវបែបនេះទាំងអស់ឡើយ ត្បិតអាស្រ័យលើវត្ថុដែលថត។ ឧទាហរណ៍ថា ការថតរូបចេតិយមួយបែប Portrait (រូបបញ្ឈរ) ពេលថតទៅកំពូលចេតិយនៅចំកណ្ដាល ប៉ុន្ដែយើងនៅអាចទាញប្លង់ជើងក្រោមរបស់ចេតិចឱ្យចូលមួយភាគបីនៃ នឹងមើលទៅសមនិងស្អាតផងដែរ។
ទី៤. យល់ពីទីតាំងភូមិសាស្ត្រ និងបរិយាកាស ត្រង់ចំណុចនេះ សុធន បានលើកឡើងថា ជួនកាលទីតាំងដដែល មនុស្សដដែល កាមេរ៉ាដដែល ថតអត់ចេញស្អាតទេ គឺដោយសារពេលវេលា។ ព្រោះតំបន់ខ្លះ ទិដ្ឋភាពស្អាតឬមិនស្អាត អាស្រ័យទៅតាមរដូវកាលរបស់ទីកន្លែងនោះ។
ទី៥. ការកែរូប បន្ទាប់ពីថតរូបរួចរាល់ហើយ អ្នកជំនាញកាមេរ៉ារបស់យើងបានបន្ថែមថា បើយើងចង់ឱ្យរូបកាន់តែស្អាត យើងអាចយករូបមកកែបន្ថែម ដូចជាការកែពណ៌ដើម្បីថែមរសជាតិឱ្យរូប ដូចជាថែមថយពន្លឺ ឬយល់ពីទិដ្ឋភាពនៃរូប ថាគួរកែបែបណា? ដូចជាទិដ្ឋភាពថ្ងៃលិចគួរបន្ថែមសីតុណ្ហភាព (temperature) ឱ្យលឿងបន្តិច និងមេឃពេលព្រលឹមឬថ្ងៃត្រង់ គួរកែឱ្យចេញពណ៌ខៀវបន្តិច និងទៅតាមស្ថានភាពជាក់ស្ដែង។ យ៉ាងណា គប្បីកុំកែឱ្យខុសពណ៌ ឧទាហរណ៍កែពណ៌មេឃឱ្យទៅជាពណ៌ស្វាយជាដើម។
គួរបញ្ជាក់ថា យុវជនជំនាញថតរូបម្នាក់នេះ មានបទពិសោធន៍ថតរូបលើស្មាតហ្វូនតាំងពី ឆ្នាំ២០១៦ និងថតលើកាមេរ៉ាតាំងពី ឆ្នាំ២០១៧ មកម៉្លេះ។ ហើយប្អូនមានចំណូលចិត្តស្រលាញ់ការថតរូបជាខ្លាំង ត្បិត សុធន លើកឡើងដោយស្នាមញញឹមមកថា “រូបថតធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយរូបថតរក្សាបច្ចុប្បន្នភាពឱ្យនៅបច្ចុប្បន្នភាពរហូត អត់ក្លាយជាអតីតកាលនោះទេ។” “បើយើងទៅលេងកន្លែងមួយ យើងទៅ២០១០ យើងឃើញទិដ្ឋភាពបែបនេះ យើងទៅ២០២១ យើងឃើញទិដ្ឋភាពបែបនោះ តែរូបថតអត់ទេ! ពេលយើងមើលទៅរូបថត យើងនឹងមានអារម្មណ៍ថា យើងកំពុងនៅក្នុងទិដ្ឋភាពហ្នឹងរហូត”៕