សម្តេច ស ខេង ណែនាំ​ឱ្យដាក់​កាមេរ៉ា​ចាប់ល្បឿន​នៅតាម​បណ្តោយផ្លូវជាតិ​លេខ៥ ដែលសង់​ស្ទើរជិតរួចរាល់​អស់

  • 2023-05-26 02:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជាប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ថ្លែងថា ​បន្ទាប់ពី​កាមេរ៉ា​ចាប់ល្បឿន​ត្រូវបានដំឡើងរួចរាល់អស់​នៅតាមបណ្តោយផ្លូវជាតិលេខ៣ សម្តេច​បានណែនាំ​ឱ្យ​រៀបចំ​ដំឡើង​កាមេរ៉ាចាប់ល្បឿន​បន្ថែមទៀត​នៅតាមបណ្តោយផ្លូវជាតិលេខ៥​ ដែល​សាងសង់​ជិត​រួចរាល់ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ក្នុងទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកលើកទី១៤ ប្រារព្ធ​ធ្វើឡើង​នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣ សម្តេចក្រឡាហោម បាន​គូសបញ្ជាក់​យ៉ាងដូច្នេះថា «ផ្លូវជាតិលេខ៣ យើងបានធ្វើហើយ។ ខ្ញុំក៏បានស្នើយកចិត្តទុកដាក់​លើផ្លូវជាតិលេខ៥មួយទៀត ព្រោះថាផ្លូវជាតិលេខ៥នេះ ជិតហើយទាំងស្រុងផងដែរ ពីព្រែកក្តាម​រហូត​ទៅដល់​បន្ទាយមានជ័យ»។

សម្តេច​ ស ខេង ពន្យល់​ថា មិនខុសពី​ប្រទេសដទៃនោះទេ ការបំពាក់​ឧបករណ៍​សម្ភារៈចាំបាច់​នៅ​តាមដងផ្លូវ ដូចជា គំនូសផ្លូវ និង​ផ្លាកសញ្ញា ប៉ុន្តែ​ឧបករណ៍ដែលចាំបាច់មួយទៀតគឺត្រូវខិតខំរកកាមេរ៉ាចាប់ល្បឿន ព្រោះថាបើគ្មានឧបករណ៍ទាំងនេះ ហើយ​ពឹងពាក់តែលើមន្រ្តីនគរបាលចរាចរណ៍ គឺមិនមាន​លទ្ធភាពគ្រប់គ្រាន់នោះទេ​ ក្នុងការកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​មនុស្ស និងមធ្យោបាយ​ធ្វើដំណើរ​កើនឡើង។

សម្តេចក្រឡាហោម លើកឡើង​ថា កាមេរ៉ាចាប់ល្បឿន​គឺថ្លៃ ប៉ុន្តែវាមិនថ្លៃជាង​ជីវិតមនុស្សនោះទេ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម