៨ ហេតុផលអ្នកគួរចំណាយពេលទៅលេងកោះហៃណាន ហោចណាស់ ១ដងក្នុង១ជីវិត

  • 2023-05-31 10:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហៃណាន គឺជាខេត្តកោះមួយកន្លែងនៅប្រទេសចិន ហើយក៏ត្រូវ​បាន​គេ​ស្គាល់ច្បាស់ថាជាតំបន់ដែល​មាន​អាកាសធាតុក្ដៅ ហើយសើម និងអំណោយផលបំផុតសម្រាប់ការដាំដុំដំណាំជា​ច្រើនប្រភេទ។ ក្រៅពីនេះ ហៃណាន ក៏ជាទីកន្លែងដែលពេញទៅដោយ ពន្លឺថ្ងៃដ៏កក់ក្តៅ ឆ្នេរស្រស់ស្អាត សណ្ឋាគារប្រណីត សត្វសមុទ្រចម្រុះពណ៌ និងម្ហូបក្នុងតំបន់ឈ្ងុយឆ្ងាញ់។

នេះគឺជាទិសដៅទេសចរណ៍ដ៏មានន័យ សម្រាប់អ្នកដែលចង់ទៅដល់ឋានសួគ៌តំបន់ត្រូពិច ដើម្បីសម្រាកលំហែកាយ។ ឆ្នេរជាច្រើនរង់ចាំរំលេចភាពស្រស់ស្អាតដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកដែលចង់ទៅលេងឆ្នេរ អ្នកដែលចូលចិត្តកីឡាទឹក និងអ្នកស្រឡាញ់អាហារសមុទ្រទាំងអស់។

ប្រសិនពេលវេលាអំណោយផល អ្នកគួរទៅភ្លក់រសជាតិ និងក្រេបយកបទពិសោធបន្ថែមបំពេញអត្ថន័យជីវិត។ ហើយដើម្បីកាន់តែច្បាស់ សូមមកជ្រាបនូវហេតុផលចម្បងៗ ដែលអ្នកមិនគួររំលងកោះមួយនេះរបស់ចិន៖

១. ឆ្នេរខ្សាច់ពណ៌ស ដែលមានច្រើនកន្លែង

អាជ្ញាធរបានបោះជំហានទៅមុខក្នុងការធានាឲ្យសាធារណជន ឬភ្ញៀវទេសចរ មានឱកាសអស្ចារក្នុងការចូលលេង និងសម្រាកលំហែនៅឆ្នេរប្រចាំតំបន់។ ទោះបីជាអ្នកមិនបានស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក៏ដោយ ក៏អ្នកនៅតែទទួលបទពិសោធកម្សាន្តនៅឆ្នេរក្រោមពន្លឺថ្ងៃ និងពេញដោយក្ដីសុខ និងប្លែកភ្នែក។ ទីឆ្នេរល្បីៗប្រចាំនៅហៃណានដូចជា Tianya Haijiao, Yalong Bay, Sanya Bay ជាដើម។

សម្រាប់ដំណើរផ្សងព្រេង អ្នកថែមទាំងអាចលេងកីឡាក្នុងទឹកដូចជា Snorkelling, Scuba-Diving និង Paragliding

២. គោលដៅទេសចរណ៍ទាក់ទាញច្រើនកន្លែង

មិន​ត្រឹម​តែ​ឆ្នេរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ នៅ​ហៃណាន អ្នក​អាច​មើល​ឃើញ​ទិដ្ឋភាពប្លែកភ្នែកជាច្រើនទៀត។ មួយក្នុងចំណោមនោះ គឺ Nanshan Temple ដែលជាកន្លែងពិសិដ្ឋដ៏ធំ និងប្លែកបំផុតមួយនៅភាគខាងត្បូងប្រទេសចិន។ រូបសំណាកព្រះម៉ែ គង់ ស៊ីអ៊ីម ត្រូវបានសាងសង់លាតចេញកណ្តាលសមុទ្រ និងមានកម្ពស់ខ្ពស់បំផុត ហើយត្រូវបានគេស្គាល់ថាជាកន្លែងដ៏ស័ក្តិសិទ្ធិ សម្រាប់ពុទ្ធសាសនិកជាច្រើន។

៣. កន្លែងស្នាក់នៅប្រណិតក្នុងតម្លៃសមរម្យ

សម្រាប់អ្នកដែលត្រូវ​ការចំណាយពេល​ដ៏មានន័យក្នុងសណ្ឋាគារប្រណីតក៏មិនពិបាកក្នុងការស្វែងរក ព្រោះ​នៅទីនេះ​ពិតជាសម្បូរសណ្ឋាគារលំដាប់ផ្កាយ ៥ ដូចជា៖

  • Novotel Haikou Xinbudao

  • Castle Hotel Ocean Flower Island

  • Mangrove Tree Resort World Sanya Bay

  • Wyndham Garden

  • Renaissance Haikou Hotel

  • Hilton Haikou

៤. ទីក្រុងចាស់របស់ Haikou និងវប្បធម៌នៃការញ៉ាំតែ

​ផ្លូវ​ដែល​ក្រាល​ថ្ម​នៃ Haikou រួម​បញ្ចូល​ឥទ្ធិពល​អាស៊ី​ និង​អឺរ៉ុប​ដាច់​ដោយ​ឡែក​ពី​អាណានិគម​របស់​ប្រទេស​ចិនតាំងពីសម័យ​អតីតកាល នោះគឺ​ វិថី​ចាស់ដែលមានឈ្មោះថា Qilou ដែលជាកន្លែងភ្ញៀវទេសចរណ៍ពុំគួររំលង។

Haikou ក៏មានវប្បធម៌ញ៉ាំតែរបស់ខ្លួនផងដែរ ដោយជាទូទៅគេហៅថា "តែពេលរសៀល"។ នេះជាពេល​សម្រាកពេលថ្ងៃ ដោយប្រជាជន ពិសេសអ្នកដែលមានវ័យចំណាស់ច្រើនចំណាយពេលពិសារតែ និងនំនែក អាហារជា​ច្រើនមុខ ជាមួយគ្នា ព្រមទាំងជជែកគ្នាពីនេះពីនោះ។

៥. ម្ហូបហៃណានប្លែកៗ

ម្ហូបប្រចាំតំបន់ហៃណានមានច្រើនណាស់ ប៉ុន្តែក្នុងចំណោមមុខម្ហូបទាំងនោះ បាយមាន់ហៃណាន គឺជាអ្វីដែលគេស្គាល់តំបន់នេះ​ច្បាស់បំផុត។ បាយដែល​ដាំជាមួយនឹង​ទឹកដូង លាយសាច់ដូងខ្លះៗ និងបន្ថែមរូបមន្តពិសេសពិតជាធ្វើឲ្យរសជាតិកាន់តែជាប់មាត់ជាមួយនឹង​ សាច់មានដែលមាន​ពណ៌លឿងគួរឲ្យចង់ពិសារ។

៦. ដំណើរកម្សាន្តពេលថ្ងៃទៅកាន់កោះជិតៗ

ប្រសិនបើអ្នកចង់ឃើញទេសភាពប្លែកៗ អ្នកអាចចំណាយពេលមួយថ្ងៃយ៉ាងងាយស្រួលទៅកាន់កោះណាមួយដែលនៅជិតៗក្នុងខេត្តហៃណាន ដូចជា Boundary Island និង Wuzhizhou Island

៧. សួនសត្វដែលប្រមូលផ្ដុំទៅដោយប្រភេទសត្វកម្រ

Hainan Tropical Wildlife Park ជាទីតាំងធម្មជាតិដែលលោកអ្នកនឹង​មាន​អារម្មណ៍ស្រស់ស្រាយ និងរីករាយ​នឹង​ធម្មជាតិជុំជិត ពិសេសប្រមូលផ្ដុំទៅដោយសត្វព្រៃជា​ច្រើនប្រភេទ។

សត្វព្រៃកម្រជាង ២០០ ប្រភេទនៅជុំវិញពិភពលោកត្រូវបានប្រមូលផ្តុំនៅទីនេះ ហើយពួកវាមានចំនួនច្រើនជាង ៤,០០០ ក្បាល។ ទាំងអស់នេះបង្កើតបានជាទេសភាពព្រៃត្រូពិចពិសេសមិនធម្មតា។

៨. ចំណាយពេលខ្លីបំផុតក្នុងការធ្វើដំណើរ

វាពិតជាផ្ដល់នូវភាពងាយស្រួលខ្លាំងដល់ភ្ញៀវទេសចរកម្ពុជា ឬអ្នកដំណើរចេញពីកម្ពុជា ដោយគ្រប់គ្នាចំណាយពេល​ត្រឹម​តែ ១ម៉ោង និង ៤៥នាទីប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋាននៅភ្នំពេញអន្តរជាតិ ទៅដល់អាកាសយានដ្ឋានក្នុងខេត្តហៃណាន៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម