Mourinho ដោះមេដាយគប់ឱ្យអ្នកគាំទ្រ ក្រោយក្រុម Roma ចាញ់ Sevilla វគ្គផ្តាច់ព្រ័ត្រEuropa League

  • 2023-06-01 08:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Sevilla របស់អេស្ប៉ាញបានលើកពាន Europa League ក្រោយពីបានយកឈ្នះទៅលើក្រុមមកពីអុីតាលី AS Roma នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ឈានចូលថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមទាំង ២ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយកីឡាករ Paulo Dybala របស់ Roma បានស៊ុតបញ្ចូលទី បើកការនាំមុខមុននៅនាទីទី ៣៤។ លុះចូលដល់តង់ទី២ កីឡាករ Gianluca Mancini របស់ Roma បានធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅនាទី ទី៥៥ ដោយលទ្ធផលបញ្ចប់ទៅ ១-១។ ដើម្បីរកអ្នកឈ្នះ អ្នកចាញ់ ការប្រកួតឈានដល់វគ្គបាល់ប៉េណាល់ទី កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផលក្រុម Sevilla យកជ័យជម្នះក្នុងលទ្ធផល ៤ ទល់ ១។ ក្រុម Sevilla គ្រងជើងឯកពាន UEFA Europa League ចំនួន ៧សម័យកាល ច្រើនជាងក្រុមណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តរបស់ពានលំដាប់ទី២ របស់អឺរ៉ុបមួយនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគ្រូបង្វឹករបស់ក្រុម AS Roma លោក Jose Mourinho បានគប់មេដាយទៅកាន់អ្នកគាំទ្រ ក្រោយពីក្រុមរបស់លោកទទួលរងបរាជ័យ។ បើតាមសម្តីរបស់លោក Mourinho ប្រាប់ទៅកាន់អ្នកសារព័ត៍មាន បានឱ្យដឹងថា “នេះជាអ្វីដែលខ្ញុំធ្វើ ខ្ញុំមិនចង់បានមេដាយប្រាក់ទេ ខ្ញុំមិនទុកមេដាយប្រាក់ទេ ដូចនេះហើយទើបបានជាខ្ញុំបោះវាទៅឱ្យអ្នកគាំទ្រ”។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League រវាង Sevilla និង AS Roma បញ្ចប់ទៅដោយអាជ្ញាកណ្តាលបានចាយកាតលឿងអស់ ១៣កាត ដោយក្នុងនោះលោក Jose Mourinho ក៏ទទួលបានកាតលឿង១ផងដែរ៕

អត្ថបទ ៖ សង្ហា