អ្នកជំនាញ​កំណត់អាយុកាល កុលាលភាជន៍បុរាណ​ដែល​ស្រង់ចេញពីសំពៅលិច​ក្នុង​ភូមិសាស្រ្ត​ចន្លោះ​កោះតាគៀវ និងកោះឬស្សី

  • 2023-06-02 07:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម អ៊ុក សុខា អគ្គនាយនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៣ បានដឹកនាំក្រុមការងារនៃ​​អគ្គនាយកបេតិកភណ្ឌ សហការជាមួយ ឯកឧត្តម​​​ ឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលំហសមុទ្រមន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដើម្បីពិនិត្យនិងវាយតម្លៃ​ សមុច្ច័យកុលាលភាជន៍ដែល​កងកម្លាំង​បាន​ស្រង់យក​ពីសំពៅជំនួញ​លិច​ក្នុងទីតាំង​ភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី។

វត្ថុបុរាណ​ទាំងនេះ ត្រូវបានយក​មករក្សាទុកនៅទីបញ្ជាការជួរមុខ​អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងនៅសាលាហ្វឹកហ្វឹនកងទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ។

សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយនិងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ​។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។

តាមការសិក្សាប្រៀបធៀបសមុច្ច័យកុលាលភាជន៍រកឃើញ អ្នកជំនាញ​អាចសន្មត​ថា ដំណើរសំពៅដឹកទំនិញជំនួញនេះ ប្រហែលអាចស្ថិតនៅចន្លោះ ស.វ.១៥ ដល់ ស.វ.១៧ នៃគ​.ស. ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។

អំឡុងពេលជួបប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ឯកឧត្តម អ៊ុក សុខា បានស្នើសុំ ឯកឧត្តម ឧត្តមនាវាទោ លី ហួត ជួយ​សហការការការពារតំបន់​សំពៅលិចដោយបោះផ្ទាំងសញ្ញាសម្គាល់​តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិចនិងបានសុំប្រគល់វត្ថុដែលបានរកឃើញជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិជាតិ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទពេញនិយម