សត្វព្រៃ​ជិតផុតពូជ ត្រូវបាន​ថតជាប់​តាមរយៈ​ម៉ាស៊ីន​ថតស្វ័យប្រវត្តិ​ក្នុងតំបន់របៀង​អភិរក្ស​ជីវ​ជម្រុះ​ជាប់នឹង​ឧទ្យានជាតិវីរជ័យ

  • 2023-06-05 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមកិច្ច​សហការយ៉ាងជិតស្និទ្ធ​រវាង​ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សា​ស្រាវជ្រាវ​ជីវចម្រុះ​រហ័ស​ក្នុង​តំបន់របៀង​អភិរក្សជីវៈ​ចម្រុះជាប់នឹង​ឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរីត្រូវបានធ្វើឡើង។

ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ កាលខែមីនា ឆ្នាំ ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ០២ខែ។

សត្វព្រៃ​ចំនួន ៣៤ ប្រភេទត្រូវបានថតបាន ដែលក្នុងនោះ មាន០៨ ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន០៥ ប្រភេទជាប្រភេទងាយរងគ្រោះ ០២ ប្រភេទ ជាប្រភេទកំពុងជិតផុតពូជ និងចំនួន០១ ប្រភេទជិតផុតពូជបំផុត) ហើយមាន០២ប្រភេទទៀតជាប្រភេទជិតរងការគំរាមកំហែងផងដែរ។

​ របកគំហើញសំខាន់ៗទាំងនេះរួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។ លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាព័ត៌មានដល់ការពិភាក្សាជុំវិញការកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខនេះ ដើម្បីធានាថាសត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ៕

ប្រភព៖ ក្រសួងបរិស្ថាន