Samsung ត្រៀមបញ្ចេញស្មាតហ្វូនអេក្រង់បត់ ស៊េរីថ្មី ត្រកូល Galaxy Fold និង Galaxy Flip

  • 2023-06-07 02:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung នឹងធ្វើការរៀបចំកម្មវិធីបង្ហាញស្មាតហ្វូនថ្មី និង ផលិតផលថ្មីរបស់ខ្លួន នៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កម្មវិធីបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ Samsung នឹងធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះជាលើកដំបូងហើយ ដែល ក្រុមហ៊ុន Samsung រៀបចំកម្មវិធីបង្ហាញស្មាតហ្វូនស៊េរីថ្មី នៅទីក្រុង សេអ៊ូល។ នៅក្នុងកម្មវិធីឆ្នាំ ២០២៣នេះ គេរំពឹងថាក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់កូរ៉េខាងត្បូងមួយនេះ នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ ត្រកូល Galaxy Fold ស៊េរីថ្មី។

ប្រធានក្រុមហ៊ុន Samsung លោក TM Roh បានឱ្យដឹងថា “ស៊េរីស្មាតហ្វូនបត់ គឺជាយុទ្ធសាស្រ្តរបស់ Samsung ក្នុងការផ្លាស់ប្តូររូបរាងទូរស័ព្ទ នៅក្នុងពេលអនាគត”។ លោកបន្តថា “ការរៀបចំកម្មវិធីប្រកាសអំពីផលិតផលថ្មី និង ទូរស័ព្ទថ្មីប្រចាំឆ្នាំ ធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល ក្នុងឆ្នាំ ២០២៣នេះ គឺមានអត្ថន័យខ្លាំងណាស់ ដោយសារតែទីក្រុងរបស់កូរ៉េខាងត្បូងមួយនេះ ជាទីតាំងស្នូលក្នុងការរកឃើញរបកគំហើញថ្មីៗនៃបច្ចេកវិទ្យា តួយ៉ាងដូចជាការបង្កើតទូរស័ព្ទអេក្រង់បត់ Galaxy Fold ជាដើម”។

ក្រុមហ៊ុន Samsung បានឱ្យដឹងថាការបង្ហាញស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី នឹងរៀបចំធ្វើនៅក្នុងទីក្រុងផ្សេង មិនធ្វើនៅសេអ៊ូលទេ ដោយសារតែកម្មវិធីរៀបចំទៅតាមគម្រោងនៃការបង្ហាញផលិតផលថ្មី នីមួយៗ ដាច់ដោយឡែកពីគ្នា និងតាមទីតាំងខុសៗគ្នាផងដែរ។ កម្មវិធីនៅក្នុងឆ្នាំ ២០២៣នេះ Samsung រៀបចំលឿនជាងឆ្នាំមុន ដោយក្នុងឆ្នាំ ២០២២ កម្មវិធីបង្ហាញផលិតផលថ្មី និងទូរស័ព្ទថ្មី ធ្វើឡើងនៅក្នុងខែសីហា។ កាលពីឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានបញ្ចេញនូវទូរស័ព្ទអេក្រង់បត់ Galaxy Z Flip 4 និង Galaxy Z Fold 4៕

អត្ថបទ ៖ សង្ហា