គ្រូ PSG ត្រូវ​បាន​បញ្ចប់​ពី​ការងារ

  • 2023-06-07 13:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប PSG បាន​សម្រេច​បញ្ចប់​ការងារ​លោក Christophe Galtier ពី​មុខ​តំណែង​អ្នក​ចាត់​ការ​របស់​ក្លឹប។

កាល​ពី​យប់​ម្សិលមិញ​ប្រភព​ពី​ក្លឹប​បារាំង​បានបង្ហើប​​នូវ​សេចក្ដី​សម្រេច​ចិត្ត​នេះ។ យោង​តាម​ Goal លោក Galtier ត្រូវ​បាន​ក្លឹប​ជម្រាប​ពី​ការ​បញ្ចប់​ការងារ​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ផ្លូវ​ការ​ណា​មួយ ដែល​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ចប់​មុខតំណែង​របស់​លោក Galtier។ តែ​បើ​តាម​ការ​វិភាគ​របស់ Goal ការ​ធ្វើ​មិន​បាន​ល្អ​ក្នុង​ Champions League ក្នុង​រដូវ​កាល​នេះ បូក​រួម​នឹង​ការ​ជាប់ការចោទ​ប្រកាន់​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ប្រើ​ពាក្យ​សម្ដី​ និង​ឥរិយាបថ​រើស​អើង​ពូជសាសន៍ ជា​មូលហេតុ​ចម្បង​ៗ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​បញ្ចប់​ការងារ​នេះ។

ការ​បញ្ចប់​ការងារ​​ធ្វើ​ឡើង បើ​ទោះ​ជា​ PSG ទើប​តែ​ឈ្នះ​លីគ​កំពូល​បារាំង​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។

លោក Galtier ដឹក​ PSG បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ មុន​ទទួល​តំណែង​នៅ​ PSG នៅ​ខែ​កក្កដា​ឆ្នាំ​មុន លោក​ធ្លាប់​ដឹក​ក្លឹប​បារាំង​ចំនួន ៣ ក្នុង​ពេល​វេលា​ខុស​គ្នា រួម​មាន ក្លឹប Nice ក្លឹប Lille និង​ក្លឹប Saint-Etenne។

យោង​តាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន អតីត​គ្រូ​ Bayern Munich លោក Julian Nagelsmann ជា​បេក្ខជន​ឈាន​មុខ​ក្នុង​ការ​ទទួល​ការងារ​ជា​អ្នក​ចាត់​ការ PSG ថ្មី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី