ស្ថាប័នឯកជនធំៗ ២ ប្រកាសដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធី អេស៊ីលីដា ម៉ូបាល

  • 2023-06-08 08:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស៊ីលីដា(ACLEDA) ដែលគ្រប់គ្នាស្គាល់ថាជាធនាគារពាណិជ្ជទីមួយ បានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា នៅថ្ងៃនេះបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល។

នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហានដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់សេវាកម្មត្រួតពិនិត្យ សុខភាពហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជន តាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាការិយាល័យសាខា ធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន ដែលលក្ខខណ្ឌនេះជាការកំណត់ឡើងដោយច្បាប់ផង និងការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ។

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងធនាគារ អេស៊ីលីដា ឬគ្រឹះស្ថានធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុ ដទៃទៀត។

ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី ក៏បានលើកឡើងថា យើងបន្តសហការជាមួយធនាគារ អេស៊ីលីដា ដែលជាដៃគូដ៏យូរអង្វែងរបស់ ស៊ីប៊ីស៊ី ក្នុងគោលបំណងដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុផងដែរ។

ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សលើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមទាំងមូល កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសផង៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម