សម្ដេចតេជោ សង្ឃឹមថា ប្រជាជនអាស៊ានទាំង១១ប្រទេស នឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
- 2023-06-12 09:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ សង្ឃឹមថា ប្រជាជនអាស៊ានទាំង១១ប្រទេស នឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាពីរដែលចាប់កំណើតយូរមកហើយនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣ នេះប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅនៅកម្ពុជា។ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព” ។
កម្ពុជារងចាំដ៏សែនយូរ ដើម្បីក្លាយជាម្ចាស់ផ្ទះរៀបចំរឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ តែហាក់កើតឡើងនិងបញ្ចប់យ៉ាងលឿនពីកម្ពុជា ដោយបន្សល់ទុកនៅការចងចាំយ៉ាងច្រើន។ ជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីបិទបញ្ចប់អាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី ០៩ ខែមិថុនា កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថា ប្រជាជនអាស៊ានទាំង១១ប្រទេស ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនោះ។
សម្ដេចលោកបានថ្លែងបន្តថា អរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស្តេ ដែលបានរួមគ្នាលើកតម្កើងគុណតម្លៃបន្ថែម ជូនអត្តពលិកមានពិការភាព និងផ្ដល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២នេះ ឱ្យប្រព្រឹត្តទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនជនរួមជាតិថា បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាយុវជនអាស៊ី(Asian youth Games 2029) លើកទី៥ នៅឆ្នាំ២០២៩បន្តទៀត ដោយសម្ដេចតេជោបញ្ជាក់ថា «យើងនឹងជួបជុំគ្នានៅទីនេះ និងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌទ្រង់ទ្រាយធំជាងនេះ នៅឆ្នាំ២០២៩ខាងមុខ»។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡានានានៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣បានបញ្ចប់ទាំងស្រុង ក្នុងចំណោមវិញ្ញាសាសរុបទាំងអស់ចំនួន ៤៧៥ ស្មើនឹងចំនួនមេដាយមាស ៤៧៥ ចំពោះម្ចាស់ផ្ទះ កម្ពុជា ទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយ មាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ ថ្នាក់ លេខ ៨ ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានផ្តួចផ្តើមឡើងដំបូងនៅក្នុងឆ្នាំ២០០១ ហើយប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើជាម្ចាស់ផ្ទះ៣ដង ឥណ្ឌូនេស៊ី២ដង វៀតណាម ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងសិង្ហបុរីម្តង ឯកម្ពុជាធ្វើជាលើកទីមួយ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសដែលមិនទាន់បានរៀបចំព្រឹត្តិការណ៍នេះ គឺឡាវ ព្រុយណេ និងទីម័រខាងកើត។សម្រាប់កម្ពុជាគឺបានទទួលយកការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ព្រមគ្នាជាមួយនឹងព្រឹត្តិការណ៍ស៊ីហ្គេមតែម្តង នៅពេលដែលព្រឹត្តិការណ៍នេះបានដល់វេនកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះ ហើយវាគាប់ជួនគ្នានឹងកម្ពុជាមានលក្ខណៈសម្បត្តិ និងជំនឿគ្រប់គ្រាន់ថា ខ្លួនអាចធ្វើបាន ផង។ការដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទាំងពីរព្រមគ្នានេះ គឺអាចជាការបង្ហាញនូវកិត្យានុភាព និងសមត្ថភាពរបស់កម្ពុជាទៅអន្តរជាតិ និងតំបន់ថា យើងអាចធ្វើបាន ហើយម្យ៉ាងទៀតក៏ជាឱកាសបង្ហាញអំពីការគោរព និងឱ្យតម្លៃរបស់ប្រជាពលរដ្ឋ ដោយឈរនៅលើតម្លៃស្មើភាព និងគោរពនូវតួនាទី និងភារកិច្ចរបស់ពលរដ្ឋដូចៗគ្នា ដោយមិនរើសអើងផងដែរ ៕