CSFF ឆ្នាំទី១២ ប្រកាសបន្តទទួលស្នាដៃភាពយន្តខ្នាតខ្លី និងលើកទឹកចិត្តសមិទ្ធិកររួសរាន់ដាក់ពាក្យ
- 2023-06-20 10:10:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CSFF ឆ្នាំទី១២ ប្រកាសបន្តទទួលស្នាដៃភាពយន្តខ្នាតខ្លី និងលើកទឹកចិត្តសមិទ្ធិកររួសរាន់ដាក់ពាក្យ
ចន្លោះមិនឃើញ
ចាប់តាំងពីចុងខែមេសា មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមប្រកាសបើកទទួល ស្នាដៃ របស់សមិទ្ធិករភាពយន្តខ្នាតខ្លី រហូតដល់ថ្ងៃទី ១៥ ខែកក្កដា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ឥឡូវនេះ នៅ សល់មិនដល់១ខែទៀតទេ។ មហោស្រពសូមរំលឹកដល់សមិទ្ធិករភាពយន្ត ដែលមានចំណាប់អារម្មណ៍ទាំងអស់ ឱ្យបញ្ចប់ភាពយន្តខ្លីនិងផ្ញើស្នាដៃរបស់ខ្លួន មកកាន់មហោស្រពរបស់យើង ដោយរួសរាន់។
រៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន យុទ្ធនាការ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» Chaktomuk Film Insight (CFI) ឆ្នាំនេះ ជាវគ្គពិសេសខុសពីឆ្នាំមុនៗដោយតម្រង់ទិសព្រមទាំងបន្ថែមជាមួយការអនុវត្តជាក់ស្ដែងមួយចំនួន ដែលអាចជួយពង្រឹង នូវការយល់ដឹងដល់អ្នកចូលរួមកាន់តែប្រសើរឡើង។ វគ្គនេះនឹងរំលេចការរំលែកបទពិសោធជាក់ស្តែងរបស់ លោក សុខ ចាន់រ៉ាដូ ដែលសហជយលាភីរបស់ មហោស្រពភាពយន្តចតុមុខ ក្នុងឆ្នាំ២០២២ តាមរយៈរឿង «សំឡេងរាត្រី»។
លោក រដ្ឋ សានសិទ្ធិនី អ្នកគ្រប់គ្រងមហោស្រព បានមានប្រសាសន៍ថា៖ «ដើម្បីលើកទឹកចិត្តដល់សមិទ្ធិករភាពយន្ត ឱ្យដាក់ ភាពយន្តមកពួកយើង និងបំប៉នចំណេះដឹងដល់សមិទ្ធិករ និងអ្នកស្រឡាញ់ភាពយន្ត កម្មវិធី ចែករំលែកបទពិសោធន៍ជាក់ស្តែង របស់CFIsទាំងនេះ មានគោលដៅនាំមកនូវអ្វីដែលថ្មី និងប្លែក ដល់ទម្រង់សិក្ខាសាលា ដោយគិតទាំងការរៀបចំ និង គុណភាព។» លោកក៏បានបន្ថែមថា៖ «យើងខ្ញុំក៏បានចាប់ដៃគូជាមួយ «សាលាសម្តែង» ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវរសជាតិ ការងារជាមួយអ្នកសម្តែងដែលបានទទួលការបង្វឹកបែបអាជីព។ ហើយកម្មវិធីនេះក៏ទទួលបានការឧបត្ថម្ភពិសេសពី Need Image Studio ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវបរិយាកាសរៀនដ៏ល្អបំផុត សម្រាប់វគ្គសិក្សាបែបនេះ។ យើងខ្ញុំសង្ឃឹមថា ការរៀបចំថ្មីនេះ ទទួលបានជោគជ័យ និងនាំមកនូវអ្វីដែលវិសេស ដល់សហគមន៍ភាពយន្ត។ ហើយសង្ឃឹមថាយើងខ្ញុំអាចបន្ត កែលម្អវគ្គក្រោយៗទៀត នៅពេលទៅមុខ»។
ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត និងភាពយន្តឯកសារ CSFF នៅតែបន្តទទួលយកវីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែ រយៈពេលអតិបរមានៃវីដេអូមិនលើសពី ៣០នាទី។ ជ័យលាភីឆ្នាំនេះ នឹងត្រូវបែងចែកយ៉ាងហោចជា ៥ប្រភេទ ដូចតទៅ៖
ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
ភាពយន្តខ្លីឆ្នើមអន្តរជាតិ
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ
ចំណារពិសេសពីមេប្រយោគ ចំពោះភាពយន្តខ្លីក្នុងស្រុក
ចំណារពិសេសពីមេប្រយោគ ចំពោះភាពយន្តខ្លីអន្តរជាតិ
ចាប់តាំងពីចាប់ផ្តើមជំនាន់ទីថ្មីរបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយអង្គការ «សិល្បៈខ្មែរអមតៈ» តាមរយៈមូលនិធិ «ដាំដុះ» និងដៃគូព័ត៌មាន Everything About Cambodia។
មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសរង្វាន់ជាសាច់ប្រាក់ ដល់ម្ចាស់ជើងឯកដែលសមនឹង ទទួលបាននាពេលខាងមុខ នៅក្នុងពានរង្វាន់ក្នុងស្រុកខាងលើ។
ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀត នៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
Website: Chaktomuk Short Film Festival
Facebook Page: Chaktomuk Short Film Festival
Telegram: https://t.me/csffkh
YouTube: Chaktomuk Short Film Festival
TikTok: https://www.tiktok.com/@chaktomukshortfest