ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់វិធានការ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុណា​ ដែល​នៅតែ​បន្តយក​អត្តសញ្ញាណបណ្ណ សម្រាប់​ដាក់​បញ្ចាំ​ធានា

  • 2023-07-07 02:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា ក្នុងករណី​រកឃើញ​ថាមាន​គ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករ​កម្ចី​ជនបទ​ក្នុងប្រព័ន្ធ​ណា​នៅតែបន្ត​យក​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ដែល​ផ្ទុយ​ទៅនឹង​ការណែនាំ​របស់​ធនាគារជាតិ​នៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត ត្រូវ​ជូនដំណឹង​ទៅធនាគារជាតិ​នៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម​ស្របតាមច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​ដកហូត​អាជ្ញាបណ្ណនោះ ស្របតាម​បែបបទ និងនីតិវិធី ដែល​ស្ថិតនៅ​ក្នុងសិទ្ធិអំណាច​របស់ខ្លួន ក្នុងករណី​ដែល​អាជ្ញាបណ្ណ​នោះ ត្រូវបានផ្តល់ឱ្យ​ដោយអាជ្ញាធរមាន​សមត្ថភាពរបស់​រដ្ឋបាល​រាជធានី ខេត្ត​ខ្លួន។ នេះ​បើតាម​សេចក្តីណែនាំ​ស្តីពី ការហាមឃាត់​ការយកអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ដាក់បញ្ចាំ​សម្រាប់​ធានា​លើ​ការផ្តល់​ឥណទាន របស់​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៣។

ក្រសួង​បន្តថា ក្នុងករណី​រកឃើញ​ថាមាន​ប្រតិបត្តិករកម្ចី​ជនបទ​ក្រៅប្រព័ន្ធ ឬហាង​លក់ទំនិញប្រើប្រាស់​នានា ឬកន្លែង​ទទួលបញ្ចាំ​ណានៅតែ​បន្តយក​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ សម្រាប់​ការធានា​លើការផ្តល់​ឥណទាន រដ្ឋបាល​រាជធានី ខេត្ត​ ត្រូវចាត់វិធានការផ្អាកអាជីវកម្ម​នោះ ស្របតាម​បែបបទ និងនីតិវិធី​ដែល​ស្ថិតនៅ​ក្នុងសិទ្ធិអំណាចរបស់ខ្លួន៕

អត្ថបទ៖ សំភី