Lukaku នឹងត្រលប់មកហាត់ជាមួយ Chelsea វិញឆាប់ៗ
- 2023-07-11 11:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku នឹងត្រលប់មកហាត់ជាមួយ Chelsea វិញឆាប់ៗ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Romelu Lukaku នឹងត្រលប់មកហាត់ជាមួយ Chelsea វិញនាពេលឆាប់ៗខាងមុខពោលគឺនៅសប្ដាហ៍ក្រោយ។
យោងតាម Fabrizio Romano ខ្សែប្រយុទ្ធ Lukaku នឹងត្រលប់ទៅហ្វឹកហាត់ជាមួយតោខៀវនៅថ្ងៃទី ១៧ កក្កដាដើម្បីត្រៀមរដូវកាលថ្មី ២០២៣/២០២៤។ នេះបើក្នុងករណីមិនមានក្លឹបណាមួយហ៊ានដេញថ្លៃ ហើយសម្រេចផ្ទេរយកកីឡាករបែលហ្សិករូបនេះ។
បើតាមប្រភពដដែល ក្លឹបអ៊ីតាលី Inter Milan នឹងដាក់សំណើទៅ Chelsea នាពេលឆាប់ៗ ដើម្បីចរចាផ្ទេរយកខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ Lukaku។ បើតាមពាក្យចចាមអារ៉ាមមួយចំនួនចុងក្រោយ Chelsea ចង់បានពី Inter តម្លៃផ្ទេរប្រមាណ ៤០ លានផោន។
Lukaku បានបង្ហាញទម្រង់លេងយ៉ាងល្អ ពេលលេងឲ្យ Inter កាលពីឆ្នាំ ២០១៩-២០២១។ កីឡាករស៊ុតចូល ៤៧ គ្រាប់ក្នុងចំណោម ៧២ ប្រកួត។ ទម្រង់ល្អនេះ ធ្វើឲ្យតោខៀវ Chelsea ចាប់អារម្មណ៍ ហើយផ្ទេរ Lukaku ពី Inter ក្នុងតម្លៃជាង ១០០ លានផោន កាលពីទីផ្សាររដូវក្ដៅឆ្នាំ ២០២១។
ពេលទៅលេងនៅ Chelsea កីឡាករបែលហ្សិកធ្លាក់ទម្រង់លេង ហើយស៊ុតបានតែ ៨ គ្រាប់ក្នុងចំណោម ២៦ ប្រកួត។ កាលពីចុងខែមិថុនា ២០២២ បានត្រលប់មកចូលរួម Inter ក្នុងនាមជាកីឡាករខ្ចីជើង។
ទោះជាយ៉ាងណា កីឡាកររូបនេះហាក់មានការលំបាកក្នុងការស្វែងរកទម្រង់លេងកំពូលរបស់ខ្លួន ដោយមួយផ្នែកធំគឺដោយសារបញ្ហារបួស។ Lukaku លេងបានតែ ៣៧ ប្រកួត ហើយស៊ុតចូលបាន ១៤ គ្រាប់ ប៉ុណ្ណោះក្នុងរដូវកាល ២០២២/២០២៣៕